សៀមរាបៈ អាជ្ញាធរជាតិអប្សរាកំពុងធ្វើរបាំងសំណាញ់ការពារសត្វប្រចៀវកុំឱ្យចូលទៅទំនៅផ្នែកដំបូលនៃថែវប្រាសាទអង្គរវត្ត ព្រោះទឹកនោមសត្វប្រចៀវអាចបណ្តាលឱ្យមានសំណើម និងបង្កើតទៅជាជាតិប្រៃដែលជាសារធាតុងាយនឹងធ្វើឱ្យថ្មរបស់ប្រាសាទមានការពុកផុយ។
លោក ឡុង កុសល អ្នកនាំពាក្យអាជ្ញាធរជាតិអប្សរាបានថ្លែងនៅថ្ងៃទី ២៥ ខែសីហា ថា ក្រុមការងាររបស់អាជ្ញាធរជាតិអប្សរាកំពុងធ្វើរបាំងសំណាញ់ដាក់ការពារសត្វប្រចៀវកុំឱ្យចូលទៅទំនៅផ្នែកដំបូលនៃថែវប្រាសាទ។
លោកថា មូលហេតុសំខាន់ដែលនាំឱ្យអាជ្ញាធរត្រូវធ្វើកិច្ចការនេះ ដោយសារតែសត្វប្រចៀវតែងហើរទៅទំនៅកន្លែងងងឹតៗនៅតាមថែវប្រាសាទ ហើយទឹកនោមសត្វប្រចៀវនាំឱ្យមានសំណើមបង្កើតទៅជាជាតិប្រៃដែលធ្វើឱ្យថ្មមានការពុកផុយ ហើយបណ្តាលឱ្យខូចដល់ប្រាសាទ។
លោកបានបន្តថា នៅតាមប្រាសាទគឺមានពិតានតាំងពីបុរាណដែលធ្វើអំពីឈើ ប៉ុន្តែដោយសារពេលវេលាកន្លងទៅអស់ជាច្រើនឆ្នាំឈើពិតានទាំងនោះក៏បានពុកផុយខូចអស់។ ហេតុនេះក្រុមការងារអាជ្ញាធរជាតិអប្សរាបានរៀបចំឡើងវិញដោយដាក់របាំងជាសំណាញ់នៅតាមទីតាំងតាមលំនាំដើមដែលមានធ្នាក់ស្រាប់ ហើយងាយស្រួលក្នុងការដំឡើងរបាំងសំណាញ់ថ្មី។
លោកបានថ្លែងថា៖ «នៅកន្លែងហ្នឹងគេមានធ្នាក់របស់គេស្រាប់ទេ យើងគ្រាន់តែលើកយកសម្ភារដែលត្រូវបំពាក់ហ្នឹងទៅដាក់ឱ្យត្រឹមត្រូវទៅតាមទីកន្លែងរបស់គេហ្នឹងទេ ហើយកន្លងមកយើងមានរៀបចំអ៊ីចឹងរួចស្រេចហើយដែរ លើកនេះយើងគ្រាន់តែជួសជុលអាចាស់ចេញហើយដាក់អាថ្មីចូល»។
បើតាមលោក ឡុង កុសល កន្លងមកក្រុមការងារអាជ្ញាធរជាតិអប្សរាបានធ្វើរបាំងការពារបែបនេះរួចហើយនៅទីតាំងផ្សេងដូចជា នៅរួតបាកាននៃប្រាសាទអង្គរវត្ត។ ក្រុមការងារនៅតែបន្តធ្វើទៀត ដោយពិនិត្យមើលតាមភាពជាក់ស្តែងនៃការផ្លាស់ទីរបស់សត្វប្រចៀវក្នុងការហើរមកទំក្នុងទីងងឹតនៃដំបូលប្រាសាទទាំងអស់នៅតំបន់អង្គរ។
លោកបានបញ្ជាក់ថា៖ «យើងដាក់នៅរួតបាកានរួចហើយ តែប្រចៀវវាចេះដែរ នៅពេលដែលយើងដាក់នៅរួតបាកានវាដេញចុះមកក្រោម។ ឥឡូវយើងដាក់នៅតាមក្រោមទៀតបន្តិចទៀតវាដេញរត់ទៅតាមកន្លែងផ្សេងៗទៀត អ៊ីចឹងយើងនឹងដើរដេញទៅតាមហ្នឹង បន្តបន្ទាប់រហូតដល់វាចេញអស់អាហ្នឹងយើងលែងបារម្ភទៀតហើយ»។
អ្នកនាំពាក្យអាជ្ញាធរជាតិអប្សរាបានអះអាងថា របាំងសំណាញ់ដែលកំពុងដំឡើងនេះ មិនបណ្តាលឱ្យមានការប៉ះពាល់ ឬខូចខាតផ្នែកណាមួយនៃប្រាសាទអង្គរវត្តនោះទេ។ ផ្ទុយទៅវិញនេះជាកិច្ចការងារអភិរក្សដើម្បីរក្សាប្រាសាទអង្គរវត្តឱ្យនៅគង់វង្សយូរអង្វែងជាបន្តទៅទៀត។
លោកថ្លែងថា៖ «សំណាញ់ដែលយើងដាក់ហ្នឹង ខ្ញុំមិនច្បាស់ថា សំណាញ់ជ័រ ឬសំណាញ់ដែកទេ ប៉ុន្តែខ្ញុំគ្រាន់តែដឹងថា គ្រាន់តែជាសំណាញ់ដែលដាក់ការពារយ៉ាងណាកុំឱ្យសត្វប្រចៀវចូលបាន ហើយវាអត់ធ្ងន់អត់អីទេសំណាញ់ហ្នឹងនោះ មិនមែនដូចជា សំណាញ់បង់ត្រីនោះទេ សំណាញ់ដែលយើងដាក់នេះមាំជាង»៕