ភ្នំពេញៈ ស្ថានទូតសហរដ្ឋអាមេរិកប្រចាំកម្ពុជាបើកដំណើរការគម្រោងថ្មីរបស់ទីភ្នាក់ងារជំនួយអាមេរិក USAID ស្តីពីការប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្សនៅកម្ពុជា (CTIP) រយៈពេល ៥ ឆ្នាំ ដើម្បីស្វះស្វែងរកការការពារជនងាយរងគ្រោះពីការជួញដូរ និងការរំលោភបំពាន។
គម្រោងនេះអនុវត្តដោយអង្គការ Winrock International ចាប់ពីឆ្នាំ ២០២១ ដល់ឆ្នាំ ២០២៦ និងមានវិសាលភាពគ្របដណ្តប់ចំនួន ៨ រាជធានី-ខេត្តរួមមានរាជធានីភ្នំពេញ ខេត្តព្រៃវែង កំពង់ចាម កោះកុង ព្រះសីហនុ បាត់ដំបង សៀមរាប និងបន្ទាយមានជ័យ។
គម្រោងនេះក៏មានទិសដៅស្វែងរកដំណោះស្រាយ ឫសគល់បញ្ហាបង្កឱ្យមានការជួញដូរ និងការពារប្រជាជនដែលមានហានិភ័យពីការធ្វើចំណាកស្រុក ដោយប្រថុយប្រថាន និងជួយរដ្ឋាភិបាលកម្ពុជាក្នុងការប្រយុទ្ធប្រឆាំងការជួញដូរមនុស្ស និងជួយជនរងគ្រោះប្រកបដោយប្រសិទ្ធភាព។
លោក Mark Laylor ប្រធានគម្រោងប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្សនៅកម្ពុជា (CTIP) នៃអង្គការ Winrock International ថ្លែងក្នុងពិធីដាក់ឱ្យដំណើរការ គម្រោងនេះកាលពីថ្ងៃទី ២៦ ខែសីហាថា គម្រោងនេះនឹងពង្រឹងការអនុវត្តយុទ្ធសាស្ត្រថ្នាក់ជាតិ និងថ្នាក់មូលដ្ឋាន ដើម្បីទប់ស្កាត់ការជួញដូរមនុស្ស ពង្រឹងប្រព័ន្ធកំណត់អត្តសញ្ញាណ និងជួយជនរងគ្រោះពីការជួញដូរ និងពង្រឹងគណនេយ្យភាព ដោយឱ្យជនល្មើសត្រូវទទួលការផ្តន្ទាទោសតាមច្បាប់។
លោកថ្លែងថា កម្មវិធីនៅក្នុងគម្រោងនេះនឹងផ្តោតលើសន្តិសុខស្បៀងអាហារ ប្រាក់ចំណូលជាមូលដ្ឋានរបស់ប្រជាជន ដើម្បីចៀសវាងការប្រឈមនឹងការចំណាកស្រុក ដោយប្រថុយប្រថាន។ នៅពេលពួកគាត់ទទួលបានឱកាសការងារ នៅក្នុងស្រុក ពួកគាត់នឹងសម្រេចចិត្ត មិនធ្វើចំណាកស្រុកតទៅទៀតនោះទេ ដែលអាចកាត់បន្ថយហានិភ័យចំណាកស្រុកផងដែរ។
លោក Mark Laylor ថ្លែងថា៖ «ជំនួយរបស់យើង យើងមើលទៅលើតម្រូវការខាងផ្នែកទីផ្សារបានន័យថា ជួយទៅលើមុខរបរ ឬផ្នែកណាដែលមានទីផ្សារដែលអាចឱ្យគាត់លក់ដូរ រកចំណូលបាន»។
គម្រោងនេះ ក៏នឹងធ្វើការអប់រំផ្សព្វផ្សាយផ្លាស់ប្តូរឥរិយាបថ ឬផ្នត់គំនិត ដែលមានកន្លងមក ចំពោះការជួញដូរមនុស្សក៏ដូចជាការចំណាកស្រុកដោយប្រថុយប្រថាន។ លើសពីនេះនឹងធ្វើការផ្សព្វផ្សាយ និងជំរុញទៅដល់ឱកាសការងារផ្សេងៗដើម្បីឱ្យពលរដ្ឋទាំងនោះអាចមានឱកាសធ្វើការងារនៅក្នុងស្រុក។
លោកបន្តថា៖ «យើងចង់លើកទឹកចិត្តឱ្យគ្រប់គ្នានៅផ្ទះ ពីព្រោះនៅផ្ទះគឺមានសុវត្ថិភាព ដោយបង្កើតជីវភាពសេដ្ឋកិច្ចក្នុងសហគមន៍នៅភូមិស្រុករបស់គាត់នៅកម្ពុជាហ្នឹងតែម្តង»។
លោក Mark Laylor បន្តថា គម្រោង CTIP នឹងពង្រឹងប្រព័ន្ធរបស់រដ្ឋាភិបាល ដើម្បីកំណត់អត្តសញ្ញាណ និងបញ្ជូនជនរងគ្រោះនៃការជួញដូរដើម្បីទទួលបានសេវាចាំបាច់ និងពង្រីកសេវាក្នុងការជួយដល់ជនរងគ្រោះក្នុងការទទួលបានយុត្តិធម៌ តាមរយៈកិច្ចសហការជាមួយអង្គការសង្គមស៊ីវិល និងអង្គភាពផ្តល់សេវារបស់រដ្ឋាភិបាល។
លោក Patrick Murphy ឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិកប្រចាំកម្ពុជា ថ្លែងក្នុងពិធីនេះថា គោលដៅគម្រោងនឹងស្វះស្វែងរកឫសគល់នៃអំពើជួញដូរមនុស្សដើម្បីជួយប្រជាជន ដែលរងគ្រោះ ដោយសារការរំលោភបំពានដើម្បីទប់ស្កាត់ការចំណាកស្រុកដោយប្រថុយប្រថាន និងការធ្លាក់ទៅក្នុងអំពើជួញដូរ។
អង្គការ Winrock International ត្រូវបានគេទទួលស្គាល់ច្រើន សម្រាប់ការខិតខំប្រឹងប្រែងក្នុងការប្រយុទ្ធប្រឆាំងការជួញដូរមនុស្ស ដោយមានទាំងបទពិសោធ មិនត្រឹមតែនៅកម្ពុជាទេតែថែមទាំងនៅក្នុងតំបន់ទៀតផង។
លោក Patrick Murphy ថ្លែងថា ការជួញដូរមនុស្សកើតឡើងគ្រប់កន្លែងក្នុងអំឡុងពេលការរាតត្បាតជំងឺកូវីដ ១៩ ការប្រយុទ្ធប្រឆាំងការជួញដូរមនុស្ស កាន់តែមានការលំបាក។ ជោគជ័យរបស់កម្ពុជាលើការប្រយុទ្ធប្រឆាំងការជួញដូរមនុស្ស គឺជាជោគជ័យរបស់សហរដ្ឋអាមេរិក និងប្រទេសផ្សេងទៀតក្នុងសកលលោកដែលកិច្ចការនេះតម្រូវឱ្យធ្វើការរួមគ្នា។
លោកស្រី ជូ ប៊ុនអេង រដ្ឋលេខាធិការ ក្រសួងមហាផ្ទៃ និងជាអនុប្រធានអចិន្រៃ្តយ៍គណៈកម្មាធិការជាតិប្រយុទ្ធប្រឆាំងការជួញដូរមនុស្ស (គជបជ) ថ្លែងក្នុងពិធីនោះថា តាមរយៈការគាំទ្រពីគម្រោងថ្មី CTIP នេះនិងដៃគូដទៃទៀត គជបជ នឹងអាចរុករកបន្ថែមទៀត ដើម្បីកែលម្អនូវករណីបញ្ជូនជនល្មើសទៅតុលាការ ប្រព័ន្ធក្នុងការរាយការណ៍ ការការពារ និងការផ្តល់សេវាជួយដល់ជនរងគ្រោះ។
លោកស្រីថ្លែងថា តាមរយៈការគាំទ្រនេះ គជបជ ចូលរួមក្នុងក្របខ័ណ្ឌកិច្ចព្រមព្រៀងថ្នាក់ជាតិ ថ្នាក់អន្តរជាតិទ្វេភាគី និងថ្នាក់តំបន់ ដើម្បីប្រយុទ្ធប្រឆាំងការជួញដូរមនុស្ស និងសេវាគាំទ្រដល់ជនរងគ្រោះ ដោយសារការជួញដូរជាពិសេសការធ្វើមាតុភូមិនិវត្តន៍ និងសមាហរណកម្ម។
លោកស្រី ជូ ប៊ុនអេង បន្តថា គជបជ ស្វាគមន៍រាល់កិច្ចសហប្រតិបត្តិការរបស់គម្រោង CTIP របស់ USAID នេះដើម្បីកែលម្អឱ្យកាន់តែប្រសើរ ក្នុងគោលដៅប្រយុទ្ធប្រឆាំងការជួញដូរមនុស្ស ការជួយដល់ជនរងគ្រោះការការពារ និងស្តារឡើងវិញអ្នករងគ្រោះ និងអ្នកដែលងាយរងគ្រោះ។ ការរាតត្បាតជំងឺកូវីដ ១៩ អាចនឹងមានផលប៉ះពាល់ច្រើនបន្ថែមទៀត ប៉ុន្តែវាមិនអាចបញ្ឈប់សកម្មភាពរបស់អាជ្ញាធរកម្ពុជាក្នុងការប្រយុទ្ធប្រឆាំងការជួញដូរនោះបានទេ៕