ភ្នំពេញៈ រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូនលោក ស៊ុន ចាន់ថុល ប្រកាសធ្វើកម្មវិធី LIVE SHOW ក្នុងប្រធានបទ "សមិទ្ធផលហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់ចាប់ពីចុងឆ្នាំ ២០១៨ ដល់ពេលបច្ចុប្បន្ន និងផែនការកំពុងបន្តរហូតដល់ឆ្នាំ ២០២៣" ដែលអនុញ្ញាតឱ្យប្រជាពលរដ្ឋសាកសួរលោកដោយផ្ទាល់ពីព័ត៌មានផ្សេងៗពាក់ព័ន្ធនឹងវិស័យទាំងនេះ។
កម្មវិធី MPWT LIVE SHOW (Ministry of Public Work and Transportation Live Show) ក្នុងប្រធានបទខាងលើនេះនឹងត្រូវធ្វើឡើងតាមរយៈទំព័រហ្វេសប៊ុករបស់ក្រសួងដោយផ្ទាល់ នាថ្ងៃទី ៣០ ខែសីហា។
លោករដ្ឋមន្ត្រី ស៊ុន ចាន់ថុល នឹងធ្វើជាវាគ្មិនកិត្តិយសក្នុងកម្មវិធីនេះដោយអនុញ្ញាតឱ្យប្រជាពលរដ្ឋអាចសួរសំណួរដោយទម្លាក់ចូលក្នុងខមមិន (comment) ដើម្បីជ្រើសរើសយកមកឆ្លើយតបជូនក្នុងកម្មវិធីផ្សាយផ្ទាល់។ នេះបើតាមទំព័រហ្វេសប៊ុករបស់ក្រសួង ដែលបានប្រកាសនៅថ្ងៃទី ២៦ សីហា។
លោក ប៉ាល់ ច័ន្ទតារា រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងសាធារណការ និងដឹកជញ្ជូនប្រាប់ ភ្នំពេញ ប៉ុស្តិ៍ នាថ្ងៃទី ២៦ សីហា ថា កម្មវិធីនេះគឺមានគោលដៅចង់ផ្តល់ឱកាសដល់ប្រជាពលរដ្ឋទូទៅ ដែលមានចម្ងល់ទាក់ទងនឹងដំណើរការ និងការគ្រប់គ្រងក្នុងវិស័យសាធារណការបានចោទជាសំណួរឡើង ដើម្បីក្រសួងបានធ្វើការបកស្រាយ។
លោកបន្តថា កម្មវិធីនេះក៏នឹងធ្វើការឆ្លើយតបរាល់សំណួររបស់ប្រជាពលរដ្ឋ ដែលបានចោទសួរ ដើម្បីផ្តល់ជាចំណេះដឹងជុំវិញសមិទ្ធផលហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់ចាប់ពីចុងឆ្នាំ ២០១៨ ដល់ពេលបច្ចុប្បន្ន ដែលក្រសួងបានអនុវត្តផងដែរ។
លោកបញ្ជាក់ថា៖ «ពាក់ព័ន្ធនឹងការធ្វើ LIVE SHOW ពលរដ្ឋយើងគាត់ចង់ដឹងពីសេវាសាធារណៈមានអ្វីខ្លះនោះ គឺយើងពន្យល់គាត់ឱ្យអស់ ឱ្យគាត់ដឹង។ LIVE SHOW នេះ គឺសំខាន់ណាស់ ហើយនេះគឺជាកម្មវិធីរបស់ក្រសួងដែលបានរៀបចំបែបនេះជាលើកទី ១ ហើយ។ ប៉ុន្តែយើងនឹងធ្វើបន្តបន្ទាប់នូវកម្មវិធី LIVE SHOW នេះ»។
យោងតាមតារាងកាលវិភាគប្រចាំឆ្នាំ ២០២១ ក្រសួងគ្រោងរៀបចំកម្មវិធី MPWT LIVE SHOW ចំនួន ៥ ប្រធានបទ ដោយមាន ដូចជា ទី១ សមិទ្ធផលហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់ចាប់ពីចុងឆ្នាំ ២០១៨ ដល់ពេលបច្ចុប្បន្ន និងផែនការកំពុងបន្តរហូតដល់ឆ្នាំ ២០២៣។ ទី២ ការងារលេខពិសេសផ្ទាល់ខ្លួន ទី៣ ការងារសុវត្ថិភាពចរាចរណ៍ផ្លូវគោក ទី៤ ការងារបច្ចេកទេសផ្លូវថ្នល់ និងទី៥ ការងារវិស័យដឹកជញ្ជូនផ្លូវគោក។
លោក គង់ សុវណ្ណ អ្នកជំនាញសុខភាពសាធារណៈ និងជានាយកកម្មវិធីមូលនិធិសុវត្ថិភាពអន្តរជាតិលើកឡើងថា ការបង្កើតឱ្យមានកម្មវិធីបែបនេះ គឺជាជំហានឈានទៅរកវឌ្ឍនភាពថ្មីមួយទៀត ដែលក្រសួងសាធារណការបានអនុវត្តកន្លងមក។
លោកបន្តថា នៅក្នុងមួយអាណត្តិៗនៃការទទួលបន្ទុករបស់ថ្នាក់ដឹកនាំនីមួយៗ គឺតែងតែមានសមិទ្ធផលកើតឡើងផ្សេងៗគ្នា ដោយគ្រាន់តែសមិទ្ធផលទាំងនោះ វាអាស្រ័យទៅលើភាពប៉ិនប្រសប់ និងភាពឆ្លាតវៃរបស់ថ្នាក់ដឹកនាំដែលបានសម្រេចជាផ្លែផ្កាប៉ុណ្ណោះ។
ដូចនេះលោកថ្លែងថា៖ «សម្រាប់ការដឹកនាំឆ្នាំ ២០១៨ ដល់បច្ចុប្បន្នជាក់ស្តែងយើងត្រូវទទួលស្គាល់អំពីសមិទ្ធផល ដែលល្អប្រសើរឡើង នៅក្នុងកិច្ចការដែលក្រសួងបានធ្វើ ទាំងការដាក់នូវប្រព័ន្ធបច្ចេកវិទ្យាលើជញ្ជាំង ពង្រឹងបទដ្ឋានច្បាប់ និងការអនុវត្តនីតិវិធី ភាពងាយស្រួលក្នុងការផ្តល់បណ្ណបើកបរ»។
ប៉ុន្តែលោក គង់ សុវណ្ណ រំពឹងថា កម្មវិធី LIVE SHOW ដែលចូលខ្លួនធ្វើបទបង្ហាញដោយរដ្ឋមន្ត្រីក្រសួងសាធារណការនេះនឹងឆ្លើយតបទៅនឹងសំណួររបស់ប្រជាពលរដ្ឋ។ ជាពិសេសបញ្ហាចោទដែលតែងតែមានការលើកឡើងពីប្រជាពលរដ្ឋថា តើធ្វើយ៉ាងណា ដើម្បីបញ្ចប់រូបភាពនៃការធ្វើផ្លូវស្អាតហើយ កាត់ដាក់លូដែលករណីនេះ គឺតែងតែមានការជួបប្រទះដដែលជាដដែល៕
វីដេអូ៖