សត្វស្លាប​កម្រ​ចំនួន ៤ប្រភេទ ដែល​កំពុង​រងគ្រោះ និង​ជិត​ផុតពូជ​នៅ​លើ​សកល​លោក ត្រូវបាន​ថតជាប់​នៅក្នុង​ដែនជម្រក​សត្វព្រៃ​កែវសីមា ខេត្តមណ្ឌលគិរី។

 

រូបភាព​សត្វស្លាប​ទាំងនេះ ទទួល​បានពី​ម៉ាស៊ីនថត​ស្វ័យប្រវត្តិ ដែល​បាន​ដាក់​ដោយ​ក្រុម​ស្រាវជ្រាវ​របស់​អង្គការសមាគម​អភិរក្ស​សត្វព្រៃ (WCS) ក្រោមការ​គាំទ្រ​ពីគម្រោង CAMPAS ចាប់ពី​ថ្ងៃទី ១៤ ខែមិថុនា ដល់​ខែកក្កដា ឆ្នាំ​២០២១ ដើម្បី​សិក្សា​ស្រាវជ្រាវ​តាមដាន​វត្តមាន​សត្វព្រៃ​នៅក្នុង​ដែនជម្រកសត្វ​មួយនេះ។

 

យោងតាម​ក្រសួងបរិស្ថាន នៅថ្ងៃទី ២៦ ខែសីហា បានឱ្យដឹងថា ប្រភេទ​សត្វស្លាប​កម្រ​ចំនួន ៤ប្រភេទនោះ រួមមានសត្វក្រៀល សត្វត្រយ៉ងយក្ស ឬឪលើក សត្វត្រដក់តូច និង​សត្វកុកពាក់អំបោះ ដែល​ថត​បាន​ក្នុង​ដែនជម្រកសត្វព្រៃ​កែវសីមា។

 

ក្រសួង​បានបញ្ជាក់ថា ៖ «សត្វស្លាប​កម្រទាំងនេះ មាន​តិចតួច​ណាស់​ក្នុង​ដែនជម្រកសត្វព្រៃ​កែវសីមា ជាក់ស្តែងសត្វក្រៀល ដែលជា ប្រភេទ​សត្វស្លាប​កំពុង​រងគ្រោះ និង​មាន​តម្លៃ​ជាសកល នៅក្នុង​បញ្ជីក្រហម​របស់​អង្គការ​សហភាព​អន្តរជាតិ​ដើម្បី​ការ​អភិរក្ស​ធម្មជាតិ (IUCN) ដែលមាន​តែ​ប្រមាណ ៥ក្បាលប៉ុណ្ណោះ ដែល​ក្រុម​ស្រាវជ្រាវ​ប្រទះឃើញ​ក្នុង​ដែន​ជម្រកសត្វ​ព្រៃកែវសីមា»។

 

បច្ចុប្បន្ន មន្រ្តី​ឧទ្យានុរក្ស និង​ក្រុម​ស្រាវជ្រាវ​កំពុង​ខិតខំ​ការពារ​សម្បុក​ពងកូន​របស់​សត្វស្លាប​ទាំងនេះ ក្នុង​រដូវកាលបន្តពូជ និង​ពងកូន​ចាប់ពី​ខែមិថុនា និងវិច្ឆិកា។

 

ដើម្បី​ចូលរួម​ចំណែក​ក្នុងការ​អភិរក្ស​សត្វព្រៃ ក៏​ដូចជា​ប្រភេទ​សត្វស្លាប​កម្រ​ទាំងនេះ ក្រសួង​បរិស្ថាន បាន​អំពាវនាវ​ឱ្យ​ប្រជាពលរដ្ឋ​ទាំងអស់​ចូលរួម​ការពារ​សម្បុក​ពងកូន កុំបរបាញ់ កុំ​ដាក់អន្ទាក់ កុំ​ដាក់ថ្នាំបំពុល កុំ​បរិភោគ​សាច់សត្វព្រៃ និង​ចូលរួម​ការពារ​ទីជម្រក​ផងដែរ៕

វីដេអូ៖