ភ្នំពេញៈ ឧទ្យានជាតិព្រះមុនីវង្សបូកគោ ជាតំបន់ប្រឈមលើការទន្ទ្រានកាន់កាប់ដីព្រៃខុសច្បាប់ពីសំណាក់ក្រុមជនខិលខូចដែលទាមទារឱ្យមន្ត្រីឧទ្យានុរក្សទាំងអស់យកចិត្តទុកដាក់ និងមានឧបករណ៍សម្ភារទំនើបដើម្បីជាជំនួយក្នុងការងារល្បាត ការចុះអន្តរាគមន៍ ការបង្ក្រាបបទល្មើសបានទាន់ពេលវេលា និងមានប្រសិទ្ធភាពខ្ពស់។
នេះជាការលើកឡើងរបស់លោក នេត្រ ភក្ត្រា រដ្ឋលេខាធិការ នៃក្រសួងបរិស្ថាន ក្នុងឱកាសជួបសំណេះសំណាលនិងប្រគល់បណ្ណសរសើរ ឧបករណ៍ដ្រូន និងសម្ភារផ្សេងៗទៀត ដល់មន្ត្រីឧទ្យានុរក្ស នៃមន្ទីរបរិស្ថានខេត្តកំពតកាលពីថ្ងៃទី២៧ ខែសីហា។
រដ្ឋលេខាធិការក្រសួងបរិស្ថានរូបនេះ បានសម្តែងនូវការកោតសរសើរពីការលះបង់ និងការប្តេជ្ញាចិត្តខ្ពស់របស់មន្ត្រីឧទ្យានុរក្សទាំងអស់ក្នុងការថែរក្សានិងការពារធនធានធម្មជាតិ សត្វព្រៃ ទីជម្រកធម្មជាតិ និងប្រព័ន្ធអេកូឡូស៊ីដែលកម្ពុជាមាន។
លោកថា មន្រ្តីឧទ្យានុរក្សអនុវត្តកាតព្វកិច្ចរបស់ខ្លួនជារៀងរាល់ថ្ងៃដោយមិនខ្លាចនឿយហត់ និងបានលះបង់ខ្ពស់ក្នុងបុព្វហេតុការពារនូវធនធានធម្មជាតិ សត្វព្រៃដ៏មានតម្លៃមិនអាចកាត់ថ្លៃបាន។
លោកថ្លែងថា៖ «មន្រ្តីរបស់យើងត្រូវប្រឈមនឹងហានិភ័យ ស្ថានភាពលំបាក និងប្រឈមនឹងគ្រោះថ្នាក់ដោយចៃដន្យផ្សេងៗពិសេសជនល្មើសអាចបង្កគ្រោះថ្នាក់នៅពេលមន្រ្តីយើងចុះអនុវត្តច្បាប់។ ក្រៅពីនេះពួកគាត់ក៏ប្រឈមទៅនឹងកត្តាផ្សេងៗទៀតដូចជា ជំងឺ ការឆ្លងកាត់ឧបសគ្គលំបាកៗជាច្រើនក្នុងពេលបំពេញការងារដូចជាទឹកជំនន់ សត្វដែលអាចបង្កគ្រោះថ្នាក់...។
មន្ត្រីជាន់ខ្ពស់នៃក្រសួងបរិស្ថានរូបនេះបានគូសបញ្ជក់ថា ដើម្បីបង្កើនប្រសិទ្ធភាពនៅក្នុងការងារគ្រប់គ្រងនិងអភិរក្សធនធានធម្មជាតិ មន្ត្រីឧទ្យានុរក្សត្រូវបន្តហ្វឹកហាត់ បង្កើនសមត្ថភាពខ្លួនជាប្រចាំទាំងផ្នែកក្របខ័ណ្ឌច្បាប់ និងបច្ចេកទេស ត្រូវធ្វើបច្ចុប្បន្នភាពខ្លួនឯងលើការប្រើប្រាស់បច្ចេកវិទ្យាព័ត៌មាន និងបន្តប្រតិបត្តិក្រមសីលធម៌ វិជ្ជាជីវៈខ្ពស់ក្នុងនាមជាឆ្មាំព្រៃ។
លោកថ្លែងថា៖«ការបន្តហ្វឹកហាត់ពង្រឹងសមត្ថភាពគឺជាការចាំបាច់បំផុត ព្រោះការងារជាឆ្មាំព្រៃរបស់មន្ត្រីឧទ្យានុរក្សគឺប្រឈមមុខច្រើន ក្នុងនោះក្រុមជនល្មើសធនធានធម្មជាតិខ្លះមានប្រើប្រាស់អាវុធទាំងអាវុធពិតនិងអាវុធកែច្នៃ រួមទាំងគ្រោះថ្នាក់ជាយថាហេតុ បង្កឡើងដោយអន្ទាក់គ្រប់ប្រភេទដែលត្រូវជនខិលខូចដាក់នៅក្នុងព្រៃដើម្បីចាប់សត្វព្រៃដោយខុសច្បាប់»។
ក្នុងឱកាសនោះ មន្ត្រីឧទ្យានុរក្សឆ្នើមចំនួន ៥ រូបក្នុង ចំណោមមន្ត្រីឧទ្យានុរក្ស ៤១ រូបដែលកំពុងការពារនិងអភិរក្សតំបន់ការពារធម្មជាតិក្នុងភូមិសាស្ត្រខេត្តកំពតបានទទួលប័ណ្ណសរសើរមេត្រីភាពពីក្រសួងបរិស្ថាន។ ការផ្តល់បណ្ណសរសើរនេះ ស្ថិតក្នុងក្របខ័ណ្ឌនៃការអបអរសាទរទិវាឧទ្យានុរក្សពិភពលោក ថ្ងៃទី ៣១ ខែកក្កដា។
លោកថ្លែងថា៖«បណ្ណសរសើរមេត្រីភាពបរិស្ថាននេះ គឺជាសក្ខីភាពបញ្ជាក់ពីការទទួលស្គាល់នូវការលះបង់កម្លាំងកាយ កម្លាំងចិត្ត ដ៏មោះមុតក្នុងការបំពេញការងារការពារធនធានធម្មជាតិនៅកម្ពុជា»។
បើតាមលោក នេត្រ ភក្ត្រា បច្ចុប្បន្នកម្ពុជាមានមន្ត្រីឧទ្យានុរក្សចំនួន ១២៦០ នាក់កំពុងឈរជើងការពារ និងអភិរក្សធនធានធម្មជាតិលើតាមតំបន់ការពារធម្មជាតិ និងរបៀងអភិរក្សជីវៈចម្រុះនៅទូទាំងប្រទេស។
លោកថា កម្ពុជាមានផ្ទៃដីអភិរក្សទំហំ ៧,៣ លានហិកតា ស្មើប្រមាណ ៤១% នៃផ្ទៃដីប្រទេសកម្ពុជាដោយចែកជាឧទ្យានជាតិ ដែនជម្រកសត្វព្រៃ តំបន់ការពារទេសភាព តំបន់ប្រើប្រាស់ច្រើនយ៉ាង តំបន់បេតិកភណ្ឌធម្មជាតិ តំបន់រ៉ាមសានិង របៀងអភិរក្សជីវៈចម្រុះ៕