ភ្នំពេញ៖ រដ្ឋមន្រ្តីក្រសួងមហាផ្ទៃលោក ស ខេង បានសម្រេចយកគេហទំព័រហ្វេសប៊ុករបស់លោកជាមធ្យោបាយមួយ ក្នុងការផ្សព្វផ្សាយនូវសមិទ្ធផលការងារកំណែទម្រង់វិមជ្ឈការ និងវិសហមជ្ឈការនៅកម្ពុជា ដែលជាយន្តការមួយមានការពាក់ព័ន្ធយ៉ាងជិតដិតបំផុតទៅនឹងជីវភាពប្រចាំថ្ងៃរបស់បងប្អូន ជាពិសេសការលើកកម្ពស់ការផ្តល់សេវាសាធារណៈនៅតាមមូលដ្ឋាន។
លោក ស ខេង បានបង្ហោះនៅលើហ្វេសប៊ុករបស់លោកនៅថ្ងៃទី២៧ ខែសីហា ថា ចាប់ពីពេលនេះតទៅ គេហទំព័រហ្វេសប៊ុករបស់លោកនឹងធ្វើការផ្សព្វផ្សាយជាបន្តបន្ទាប់នូវសមិទ្ធផលការងារកំណែទម្រង់វិមជ្ឈការ និងវិសហមជ្ឈការនៅកម្ពុជា ដែលជាយន្តការមួយមានការពាក់ព័ន្ធយ៉ាងជិតដិតបំផុតទៅនឹងជីវភាពប្រចាំថ្ងៃរបស់បងប្អូន។
លោកបានឱ្យដឹងថា៖ «ប្រទេសកម្ពុជាយើងក៏ធ្លាប់មានប្រព័ន្ធអភិបាលកិច្ចមូលដ្ឋានជាយូរលង់មកហើយ ប៉ុន្តែប្រព័ន្ធអភិបាលកិច្ចនេះ មានការប្រែប្រួលទៅតាមការផ្លាស់ប្តូររបបនយោបាយជាច្រើនលើកច្រើនសារ។ ទោះបីមានការផ្លាស់ប្តូរនូវរបបនយោបាយបែបនេះក្តី ក៏ជាទូទៅប្រព័ន្ធគ្រប់គ្រងរដ្ឋបាលសាធារណៈនៅក្នុងប្រទេសយើងនៅរក្សារបៀបគ្រប់គ្រងតាមបែបមជ្ឈការដែលបានបន្សល់ទុកតាំងពីយូរយារមកហើយ»។
កំណែទម្រង់វិមជ្ឈការ និងវិសហមជ្ឈការ គឺជាកំណែទម្រង់ក្នុងវិស័យអភិបាលកិច្ចដ៏មានសារៈសំខាន់របស់រាជរដ្ឋាភិបាល ដោយផ្តោតសំខាន់លើការរៀបចំឡើងវិញ នូវប្រព័ន្ធគ្រប់គ្រងរដ្ឋបាលនៅថ្នាក់ក្រោមជាតិដោយឈរលើគោលការណ៍នៃរដ្ឋបាលឯកភាព និងការអភិវឌ្ឍតាមបែបប្រជាធិបតេយ្យ។
កំណែទម្រង់នេះ គឺជាការផ្ទេរមុខងារទៅថ្នាក់ក្រោមជាតិដែលមានសារៈសំខាន់ខ្លាំងណាស់ ក្នុងការលើកកម្ពស់ការផ្តល់សេវាសាធារណៈ និងការអភិវឌ្ឍមូលដ្ឋានឆ្លើយតបទៅនឹងតម្រូវការជាក់ស្តែង របស់ប្រជាពលរដ្ឋ និង រួមចំណែកកាត់បន្ថយភាពក្រីក្រប្រកបដោយប្រសិទ្ធភាព។
លោក ស ខេង បានឱ្យដឹងថា ក្នុងប្រវត្តិសាស្ត្រនៃការផ្លាស់ប្តូរនូវរបបនយោបាយទាំងនេះ ជាអកុសល ប្រទេសយើងក៏បានជួបនូវសោកនាដកម្មដ៏សែនឈឺចាប់ជាទីបំផុត នោះគឺសង្រ្គាមស៊ីវិលរ៉ាំរ៉ៃដែលបានអូសបន្លាយពេលវេលាជាច្រើនទសវត្សរ៍ ជាពិសេសរបបប្រល័យពូជសាសន៍ប៉ុលពតដែលបានធ្វើទារុណកម្ម និងកាប់សម្លាប់ប្រជាជនយ៉ាងរង្គាល ព្រមទាំងបានបំផ្លិចបំផ្លាញទាំងស្រុងនូវហេដ្ឋារចនាសម្ព័ន្ធសង្គមគ្រប់វិស័យ និងប្រព័ន្ធគ្រប់គ្រងរដ្ឋបាលសាធារណៈនៅគ្រប់ថ្នាក់ ព្រមទាំងធនធានមនុស្ស។
លោកថា៖«បើទោះបីជា ប្រទេសជាតិរបស់យើងត្រូវរំដោះឱ្យចាកផុតពីរបបយង់ឃ្នងនេះក៏ដោយ ក៏ប្រទេសជាតិយើងនៅតែបន្តមានសង្រ្គាមស៊ីវិលដែលអូសបន្លាយអស់រយៈពេលជាច្រើនឆ្នាំមកទៀត រហូតដល់យើងទទួលបាននូវសុខសន្តិភាពពេញលេញនាចុងឆ្នាំ ១៩៩៨»។
លោកបន្តទៀតថា ដើម្បីធានាដល់ការសម្រេចបាននូវទិសដៅជាសារវន្តនេះ រាជរដ្ឋាភិបាលកម្ពុជាបានដាក់ចេញនូវសកម្មភាពនយោបាយ សេដ្ឋកិច្ច និងសង្គមនានាដែលក្នុងនោះរួមមាន យុទ្ធសាស្ត្រចតុកោណតាមនីតិកាលនីមួយៗនៃរដ្ឋសភា ដោយកំណត់យកកំណែទម្រង់អភិបាលកិច្ចធ្វើជាស្នូលនៃយុទ្ធសាស្ត្រទាំងនេះ។ «ក្នុងន័យនេះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី បានផ្តល់នូវទស្សនទានណែនាំជាគន្លឹះថា កំណែទម្រង់រស់ បើមិនធ្វើកំណែទម្រង់ស្លាប់, កំណែទម្រង់គឺជាកត្តាស្លាប់រស់របស់កម្ពុជា, កម្ពុជាគ្មានជម្រើសណាល្អប្រសើរក្រៅពីការធ្វើកំណែទម្រង់ទេ ក្នុងឱកាសដែលប្រទេសជាតិយើងកំពុងតែទទួលផលចំណេញពីសន្តិភាព និងស្ថិរភាពដែលយើងខិតខំកសាង និងការពារបានយ៉ាងលំបាក”។
លោក ស ខេង បានថ្លែងថា៖ «ដូចខ្ញុំបានបញ្ជាក់ជូនខាងលើ កំណែទម្រង់វិមជ្ឈការ និងវិសហមជ្ឈការ គឺជាកំណែទម្រង់ដ៏មានសារៈសំខាន់មួយក្នុងចំណោមកម្មវិធីកំណែទម្រង់នានានៃប្រព័ន្ធអភិបាលកិច្ចរបស់រាជរដ្ឋាភិបាល។ រូបខ្ញុំផ្ទាល់ក្នុងនាមជាប្រធានគណៈកម្មាធិការជាតិសម្រាប់ការអភិវឌ្ឍតាមបែបប្រជាធិបតេយ្យនៅថ្នាក់ក្រោមជាតិ (គ.ជ.អ.ប) និងសហការី ពិសេសលេខាធិការដ្ឋាន គ.ជ.អ.ប រីករាយក្នុងការបកស្រាយ និងជជែកពិភាក្សាជាមួយបងប្អូនជនរួមជាតិលើសំណួរទាំងនេះជាបន្តបន្ទាប់នៅក្នុងគេហទំព័រហ្វេសប៊ុករបស់ខ្ញុំ»៕