ព្រះសីហនុៈ អាជ្ញាធរខេត្តព្រះសីហនុនៅថ្ងៃទី ២៨ ខែសីហានេះបានចុះត្រួតពិនិត្យប្រព័ន្ធអូរប្រឡាយនៅក្នុងភូមិសាស្ត្រសង្កាត់លេខ ៤ ក្រុងព្រះសីហនុ និងសិក្សាបន្ថែមនូវប្រព័ន្ធលំហូរទឹក ដើម្បីរំដោះជំនន់ទឹកភ្លៀង នៅក្នុងក្រុងព្រះសីហនុ បន្ទាប់ពីមានជំនន់ទឹកភ្លៀងជន់លិចផ្ទះប្រជាពលរដ្ឋ។
លោក គួច ចំរើន អភិបាលខេត្តព្រះសីហនុនៅថ្ងៃទី ២៨ ខែសីហានេះបានដឹកនាំមន្ត្រីជំនាញពាក់ព័ន្ធ ចុះត្រួតពិនិត្យប្រព័ន្ធអូរប្រឡាយនៅក្នុងភូមិសាស្ត្រសង្កាត់លេខ ៤ ក្រុងព្រះសីហនុ និងសិក្សាបន្ថែមនូវប្រព័ន្ធលំហូរទឹក ដើម្បីរំដោះជំនន់ទឹកភ្លៀង នៅក្នុងក្រុងព្រះសីហនុ បន្ទាប់ពីមានជំនន់ទឹកភ្លៀងជន់លិចផ្ទះប្រជាពលរដ្ឋក្នុងពេលថ្មីៗនេះ។
ហ្វេសប៊ុករដ្ឋបាលខេត្តព្រះសីហនុនៅរសៀលនេះបានឱ្យដឹងថា ក្នុងឱកាសនោះលោកអភិបាលខេត្តបានធ្វើការណែនាំដល់ក្រុមការងារបច្ចេកទេសត្រូវបង្កើនការយកចិត្តទុកដាក់ក្នុងការស្តារអូរ ប្រឡាយក្នុងក្រុងព្រះសីហនុ ទៅតាមនិយាមកាប្លង់ប្រព័ន្ធសុរិយោដី ដើម្បីបញ្ចៀសជំនន់ទឹកភ្លៀងនៅក្នុងរដូវវស្សា និងកុំឱ្យជន់លិចផ្ទះប្រជាពលរដ្ឋ។
លើហ្វេសប៊ុកខេត្តនេះសរសេរថា៖ «ឯកឧត្តមអភិបាលខេត្តក៏បានធ្វើការអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋ ត្រូវចូលរួមសហការជាមួយអាជ្ញាធរក្រុង អាជ្ញាធរខេត្ដ ដោយធ្វើការវេចខ្ចប់ទុកដាក់កាកសំណល់ឱ្យបានត្រឹមត្រូវ កុំបោះចោលសំរាមចូលក្នុងអូរប្រឡាយ ដែលធ្វើឱ្យមានការកកស្ទះលំហូរទឹក និងជាផ្នែកមួយដែលបង្កឱ្យមានការជន់លិចផងដែរ»។
កាលពីរសៀលថ្ងៃទី ២៧ ខែសីហា ក្រុមការងារមន្ទីរទេសចរណ៍ខេត្ត បុគ្គលិកអនាម័យក្រុង ក្រុមហ៊ុនសំរាម និងក្រុមការងារយុវជនក្រុម ៨ ខេត្តព្រះសីហនុ បានចូលរួមសហការគ្នាប្រមូលសំរាមនៅតំបន់ឆ្នេរអូរឈើទាល ២ ដែលមានទីតាំងស្ថិតនៅភូមិ ៤ សង្កាត់លេខ ៤ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ បន្ទាប់ពីភ្លៀងខ្លាំងបណ្តាលឱ្យមានសំរាមជាច្រើននៅរាយប៉ាយតាមមាត់ឆ្នេរ។
ហ្វេសប៊ុកខេត្តនេះសរសេរថា៖ «សកម្មភាពនេះគឺជាគំរូដ៏ល្អមួយ ដើម្បីចូលរួមចំណែកសម្អាតអនាម័យបរិស្ថាន និងបានបង្កើនសោភ័ណភាពតំបន់ឆ្នេរឱ្យស្រស់ស្អាតទាក់ទាញភ្ញៀវទេសចរជាតិ និងអន្តរជាតិឱ្យមកលេងកម្សាន្តនៅខេត្តព្រះសីហនុកាន់តែច្រើនថែមទៀត»៕