អគ្គស្នងការនគរបាលជាតិលោក នេត សាវឿន បានសម្រេចកែសម្រួលសមាសភាពក្រុមការងារស៊ើបអង្កេត ជម្លោះដីធ្លី និងបង្ការទប់ស្កាត់ការទន្ទ្រានកាន់កាប់ដីរដ្ឋដោយខុសច្បាប់នៅទូទាំងប្រទេស ដោយក្នុងនោះបានតែងតាំងលោក លោក ឌី វិជ្ជា អគ្គស្នងការរងនគរបាលជាតិ ធ្វើជាប្រធានក្រុមការងារនេះ។
យោងសេចក្តីសម្រេចស្តីពីការកែសម្រួលសមាសភាពចុះហត្ថលេខាដោយអគ្គស្នងការនគរបាលជាតិលោក នេត សាវឿន ចុះថ្ងៃទី ២៤ ខែសីហា ឆ្នាំ ២០២១ ដែលត្រូវបានផ្សព្វផ្សាយជាសាធារណៈនៅថ្ងៃនេះបានសម្រេចកែសម្រួលសមាសភាពក្រុមការងារប្រមូលព័ត៌មាន ស្រាវជ្រាវ ស៊ើបអង្កេតករណីជម្លោះដីធ្លី និងបង្ការ-បង្ក្រាបការទន្ទ្រានកាន់កាប់ដីរបស់រដ្ឋដោយខុសច្បាប់នៅតាមបណ្តាភូមិសាស្ត្ររាជធានី-ខេត្ត ដែលមានក្រុមការងារនេះមានចំនួន ២១ រូប។ សេចក្តីសម្រេចបន្តថា ក្នុងចំណោម ២១ រូប ត្រូវបានតែងតាំង លោក ឌី វិជ្ជា អគ្គស្នងការរងនគរបាលជាតិ ធ្វើជាប្រធានក្រុមការងារ អនុប្រធានចំនួន ៤ រូប និងមានសមាជិកចំនួន ១៦ រូប។
តាមរយៈសេចក្តីសម្រេចនេះក្រុមការងារត្រូវមានភារកិច្ចរួមមាន៖ «ប្រមូលព័ត៌មានអំពីសកម្មភាពញុះញង់ ឧបត្ថម្ភ គាំទ្រដល់ការបង្កើតឱ្យមានការតវ៉ា ទាមទារ ឬ ប្រើប្រាស់ល្បិចកលអុជអាលឱ្យមានជម្លោះដីធ្លី ឬក៏ធ្វើសកម្មភាពទន្ទ្រានកាន់កាប់ដីរបស់រដ្ឋដោយខុសច្បាប់ ដែលបង្កចលាចលតាមបណ្តាភូមិសាស្ត្ររាជធានីខេត្ត»។
ត្រូវកំណត់មុខសញ្ញាសកម្មជនដីធ្លីពាក់ព័ន្ធនឹងសកម្មភាពបទល្មើស ដើម្បីបង្ការទប់ស្កាត់ និង បង្ក្រាបកុំឱ្យបទល្មើសដដែលកើតឡើងសាជាថ្មី ។
សេចក្តីសម្រេចបន្តទៀតថា ក្រុមការងារត្រូវវាយតម្លៃករណីរឿង និងស្នើសុំគោលការណ៍អគ្គស្នងការដ្ឋាននគរបាលជាតិ ដើម្បីបើកការស៊ើបអង្កេត ស្រាវជ្រាវប្រមូលភ័ស្តុតាង និងកសាងសំណុំរឿងបញ្ជូនទៅតុលាការតាមនីតិវិធី ហើយត្រូវបូកសរុបលទ្ធផលកិច្ចប្រតិបត្តិការប្រចាំខែ រាយការណ៍ជូនអគ្គស្នងការដ្ឋាននគរបាលជាតិ៕