ភ្នំពេញៈ លោក​នាយក​រដ្ឋមន្ត្រី​ ហ៊ុន សែន បាន​ណែនាំ​ពី​ការ​ពង្រឹង​ការអនុវត្ត​យុ​ទ្ធនាការ​ជាតិ​ចាក់​វ៉ាក់​សាំង​កូ​វីដ​ ១៩​ នៅជុំ​ទី១ ដោយ​លោក​បានឱ្យ​អភិ​បាល​រាជធានី​ខេត្ត​ទាំង​អស់​ត្រូវ​ប្រមូលផ្តុំ​ការ​យកចិត្ត​ទុក​ដាក់​ និង​ការ​ខិតខំ​ប្រឹង​ប្រែង​លើ​ការ​ប្រយុទ្ធ​ និង​ទប់​ស្កាត់​ការឆ្លង​រាលដាល​នៃ​ជំងឺ​កូ​វីដ ១៩​ ដោយ​ចាត់​ទុក​ជា​ការងារ​ស្នូល​អាទិ​ភាព​ខ្ពស់​បំផុត​របស់​ខ្លួន​។

នៅ​ក្នុង​សេចក្តី​ណែនាំ​ដែល​ចុះហត្ថ​លេខា​ដោយ​លោក​នាយក​រដ្ឋមន្ត្រី​ ហ៊ុន សែន នា​ថ្ងៃទី ២៨ ​ខែសីហា ​បាន​លើក​ឡើងថា ការ​ពង្រឹង​ការ​អនុវត្ត​យុទ្ធនាការ​ជាតិ​ចាក់​វ៉ាក់សាំង​កូ​វីដ១៩នេះ​ដែរ ក៏​ដើម្បី​សម្រេច​ឱ្យបាន​ឆាប់រហ័ស​នូវ​ការចាក់​វ៉ាក់សាំង​ជូន​ប្រជាជន​នៅក្នុង​មូល​ដ្ឋាន​ក្រោម​សមត្ថកិច្ច​របស់​ខ្លួនដែលជា​ខ្សែក្រវាត់​ការពារ​ទី១ និង​ជា​យុទ្ធ​សាស្ត្រ​គន្លឹះ​របស់​រាជរដ្ឋាភិ​បាល ក្នុង​សមរ​ភូមិ​ប្រយុទ្ធ​នឹងជំងឺ​កូ​វីដ ១៩​។

លោក​បាន​ឱ្យដឹង​ថា៖ «គិត​មក​ទល់​ពេលនេះ ប្រទេស​កម្ពុជា​សម្រេចបាន​ការចាក់​វ៉ាក់​សាំង​ជូន​ប្រជា​ជន ដែល​មាន​អាយុ​ចាប់ពី ១២ ឆ្នាំ​ឡើង​ទៅ បាន​ប្រមាណ ៨៩%​ ធៀប​នឹង​គោលដៅ​ប្រមាណ ១២លាន​នាក់។ យុទ្ធ​នា​ការចាក់​វ៉ាក់​សាំង​កូ​វីដ ១៩ ​ជុំ​ទី១ ​ត្រូវបាន​រំពឹង​ថា នឹង​អាច​បញ្ចប់​នៅ​ចុងខែ​តុលាឬ​ដើមខែ​វិច្ឆិកា ខាង​មុខ​នេះ ​មុន​ផែន​ការ​ដែល​បាន​គ្រោង​ទុក»​។

បន្ថែម​ពីនេះលោក ​ហ៊ុន​ សែន បាន​បញ្ជាក់​ថា បន្ទាប់ពី​ការ​សម្រេច​បិទ​បញ្ចប់​យុទ្ធនា​ការ​ជាតិ​ចាក់​វ៉ាក់​សាំងកូ​វីដ ១៩ ជុំ​ទី១​ ហើយ គណៈ​កម្មការ​ចំពោះ​កិច្ច​ចាក់​វ៉ាក់​សាំង​កូ​វីដ ១៩ ក្នុង​ក្រប​ខ័ណ្ឌ​ទូទាំង​ប្រទេស​ដោយ​សហ​កា​រជាមួយ​អភិបាល​រាជ​ធានី​ខេត្ត ត្រូវ​បន្ត​រៀបចំ​ឱ្យមាន​ទីតាំង​សម្រាប់​ការ​ផ្តល់​សេវា​ចាក់​វ៉ាក់​សាំង​ជូន​ដល់ប្រជា​ពលរដ្ឋ​ដោយ​ឥត​គិត​ថ្លៃនៅតាម​មន្ទីរ​ពេទ្យ​បង្អែក​ក្រុង-ស្រុក-ខណ្ឌ ឬ​នៅ​តាម​មណ្ឌល​សុខ​ភាពឬ​តាមទី​តាំង​ផ្សេង​ទៀត ដើម្បី​អនុញ្ញាត​ឱ្យ​ប្រជាជន​ដែល​មិន​ទាន់​បានទទួល​ការចាក់​វ៉ាក់​សាំងដោយ​មូល​ហេតុផ្សេ​ងៗអាច​ទៅ​ទទួល ការ​ចាក់​វ៉ាក់​សាំង​នេះ​បាន​៕