ភ្នំពេញៈ ក្រសួងសុខាភិបាលនៅតែបារម្ភពីការឆ្លងរាលដាលនៃវីរុសកូវីដ ១៩ បំប្លែងថ្មី ប្រភេទដែលតា (Delta) ដែលកំពុងតែបន្តរាតត្បាត នៅក្នុងប្រទេសកម្ពុជា ដែលមកដល់ត្រឹមថ្ងៃទី ២៨ សីហាអ្នកឆ្លងវីរុសកូវីដបំប្លែងថ្មីនេះបានរកឃើញរហូតដល់ជាង ១ ៧០០ នាក់ហើយ ក្នុងរាជធានីខេត្តចំនួន ២៣ លើកលែងតែខេត្តកែប និងខេត្តក្រចេះប៉ុណ្ណោះ។
យោងតាមសេចក្តីប្រកាសរបស់ក្រសួងសុខាភិបាលកាលពីយប់ថ្ងៃទី ២៨ សីហា បានឱ្យដឹងថា សរុបចំនួនអ្នកឆ្លងវីរុសកូវីដ ១៩ បំប្លែងថ្មីប្រភេទដែលតា មានចំនួន ១ ៧៥២ នាក់ ដែលភាគច្រើនរកឃើញនៅក្នុងរាជធានីភ្នំពេញរហូតដល់ ៥៣២ នាក់បន្ទាប់មកមានខេត្តបន្ទាយមានជ័យចំនួន ៣២៥ នាក់ ខេត្តឧត្តរមានជ័យចំនួន ២២៥ នាក់ និងខេត្តសៀមរាបចំនួន ១៨០ នាក់។
លោកស្រី ឱ វណ្ណឌីន អ្នកនាំពាក្យក្រសួងសុខាភិបាល និងជាប្រធានគណៈកម្មការចំពោះកិច្ចចាក់វ៉ាក់សាំងកូវីដ ១៩ ក្នុងក្របខ័ណ្ឌទូទាំងប្រទេស បានឱ្យដឹងកាលពីថ្ងៃទី ២៩ សីហា ថា ការចរាចរវីរុសកូវីដ ១៩ ជាពិសេសវីរុសបំប្លែងថ្មីនេះ នៅតែកំពុងមានភាពសកម្មនៅឡើយ។
លោកស្រីមានប្រសាសន៍ថា៖ «សុំប្រជាពលរដ្ឋរបស់យើង កុំមានការធ្វេសប្រហែសឱ្យសោះ ទោះបីជាយើងមានការចាក់វ៉ាក់សាំងកូវីដ ១៩ ហើយជិតឈានដល់គោលដៅសម្រេច ១០ លាននាក់ហើយក៏ដោយ ក៏ប៉ុន្តែយើងទាំងអស់គ្នាត្រូវតែបន្តរួមគ្នាប្រយុទ្ធប្រឆាំងជាមួយនឹងមេរោគកូវីដ ១៩ នេះ»។
លោកស្រីក៏បានអំពាវនាវទៅដល់អភិបាលរាជធានី-ខេត្តទាំងអស់ ត្រូវធ្វើចលនានៃយុទ្ធនាការប្រឆាំងនឹងកូវីដ ១៩ ឱ្យបានសស្រោកសស្រាំដោយសារបើពឹងផ្អែកតែលើវ៉ាក់សាំង គឺមិនគ្រប់គ្រាន់ទេ សម្រាប់ការការពារសរីរាង្គរបស់មនុស្សម្នាក់។ ដូចនេះអ្វីដែលសំខាន់ គឺការរួមគ្នាអនុវត្តទប់ស្កាត់នូវការចម្លងវីរុសកូវីដ ១៩ ពិសេសមេរោគបំប្លែងថ្មីប្រភេទដែលតា ហើយវិធានការសំខាន់គឺ ៣ការពារ ៣កុំ និងការចាក់វ៉ាក់សាំង។
អ្នកនាំពាក្យរូបនេះបានបន្ថែមថា៖ «ប្រសិនបើយើងអនុវត្តនូវវិធានការទាំងនេះបាន នៅតាមសហគមន៍ ហើយជាពិសេសនៅតាមសហគមន៍នីមួយៗ លោកត្រូវតែមានការភ្ញាក់រឭកខ្ពស់ ហើយបុគ្គលម្នាក់ៗត្រូវតែទទួលខុសត្រូវទៅលើសុខភាពរបស់ខ្លួន និងគ្រួសាររបស់ខ្លួន ដោយធ្វើយ៉ាងណាកុំឱ្យមានការចម្លងវីរុសកូវីដ ១៩»។
ទាក់ទងនឹងកូវីដបំប្លែងថ្មីនេះទំព័រហ្វេសប៊ុករបស់អនុគណៈកម្មការ ស្រាវជ្រាវជំងឺកូវីដ ១៩ ឱ្យដឹងថា នៅថ្ងៃទី ២៩ សីហា នេះក្រុមគ្រូពេទ្យ «សម្ដេចតេជោ» បានយកសំណាកអាជីវករ នៅផ្សារអូរឫស្សី ក្នុងខណ្ឌ៧មករា បន្ទាប់ពីនៅថ្ងៃទី ២១ សីហា មានអ្នកជំងឺបានចូលក្នុងផ្សារនេះ។ អនុគណៈកម្មការស្រាវជ្រាវជំងឺកូវីដ ១៩ បញ្ជាក់ថា៖ «លទ្ធផលតេស្តរហ័សលើកទី ១ រកឃើញវិជ្ជមានកូវីដ ៦ នាក់ ក្នុងចំណោមអ្នកធ្វើតេស្ត ៣៣៣ នាក់។ ក្នុងនោះមានអាជីវករលក់បន្លែ និងជាងអ៊ុតសក់»។
ក្រៅពីរកឃើញលទ្ធផលនេះ អនុគណៈកម្មការបញ្ជាក់ថា ក្រុមគ្រូពេទ្យនៅបន្តរង់ចាំលទ្ធផលវិភាគរកមេរោគកូវីដ ១៩ បំប្លែងថ្មី Delta ដោយសូមឱ្យប្រជាពលរដ្ឋ និងអាជីវករទាំងអស់ដែលពាក់ព័ន្ធនឹងទីតាំងខាងលើ មេត្តាសហការទៅយកសំណាក និងដាក់ខ្លួនដាច់ដោយឡែករយៈពេល ២១ ថ្ងៃ ដើម្បីសុវត្ថិភាពទាំងអស់គ្នា។
ជាមួយគ្នានេះនៅព្រឹកថ្ងៃទី ២៩ សីហា ក្រុមគ្រូពេទ្យស្ម័គ្រចិត្ត «សម្តេចតេជោ» បានចុះយកសំណាកពីអាជីវករផ្សារជម្ពូវ័នក្នុងខណ្ឌពោធិ៍សែនជ័យ ដោយបានរកឃើញអ្នកមានផ្ទុកវីរុសកូវីដ ១៩ បំប្លែងថ្មីដែលតាចំនួន ១ នាក់។ បើតាមគណៈកម្មការផ្សារជម្ពូវ័នឱ្យដឹងថា ក្រុមគ្រូពេទ្យបានយកសំណាកអាជីវករផ្សារជម្ពូវ័នសរុបចំនួន ១១៤ នាក់ និងបានរកឃើញលទ្ធផលវិជ្ជមានចំនួន ១ នាក់។
ដោយឡែក ក្រសួងសុខាភិបាលនាយប់ថ្ងៃទី ២៨ សីហា បានប្រកាសប្រាប់ទៅដល់ប្រជាពលរដ្ឋទាំងអស់ឱ្យដឹងពីការងារស្រាវជ្រាវរកប្រភពនៃមេរោគកូវីដ ១៩ ដោយបានគាំទ្រការស្រាវជ្រាវនេះ ប៉ុន្តែប្រឆាំងចំពោះការប្រើប្រាស់ឧបាយកលនយោបាយ។
ក្រសួងបានចេញសេចក្តីប្រកាសព័ត៌មានដោយបានបញ្ជាក់ថា៖ «ក្រសួងសុខាភិបាលសូមជម្រាបថា ការងារស្រាវជ្រាវរកប្រភពរបស់មេរោគកូវីដ ១៩ គឺជាការងារវិទ្យាសាស្ត្រសុទ្ធសាធ។ កម្ពុជាគាំទ្រក្នុងការស្វែងរកប្រភពនៃមេរោគនេះ តាមបែបវិទ្យាសាស្ត្រ និងប្រឆាំងដាច់ខាត ចំពោះការប្រើប្រាស់ឧបាយកលនយោបាយលើលទ្ធផលវិទ្យាសាស្ត្រ (political manipulation) និងការដាក់បន្ទុកដល់អ្នកដទៃ ដោយគ្មានភ័ស្តុតាងវិទ្យាសាស្ត្រច្បាស់លាស់»៕
វីដេអូ៖