ភ្នំពេញៈ អគ្គស្នងការនគរបាលជាតិ លោក នេត សាវឿន សម្រេចកែសម្រួលសមាសភាពក្រុមការងារស៊ើបអង្កេត ជម្លោះដីធ្លី និងបង្ការទប់ស្កាត់ការទន្ទ្រានកាន់កាប់ដីរដ្ឋដោយខុសច្បាប់នៅទូទាំងប្រទេស ដោយក្នុងនោះបានតែងតាំងលោក ឌី វិជ្ជា អគ្គស្នងការរងនគរបាលជាតិ ធ្វើជាប្រធានក្រុមការងារនេះ។
យោងតាមសេចក្តីសម្រេចស្តីពីការកែសម្រួលសមាសភាពចុះហត្ថលេខា ដោយអគ្គស្នងការនគរបាលជាតិ លោក នេត សាវឿន ចុះថ្ងៃទី ២៤ ខែ សីហា ឆ្នាំ ២០២១ ដែលត្រូវបានផ្សព្វផ្សាយជាសាធារណៈនៅថ្ងៃទី ២៨ សីហា បានសម្រេចកែសម្រួលសមាសភាពក្រុមការងារប្រមូលព័ត៌មានស្រាវជ្រាវ ស៊ើបអង្កេតករណីជម្លោះដីធ្លី និងបង្ការបង្ក្រាបការទន្ទ្រានកាន់កាប់ដីរបស់រដ្ឋដោយខុសច្បាប់នៅតាមបណ្តាភូមិសាស្ត្ររាជធានី-ខេត្ត ដែលក្រុមការងារនេះមានសមាសភាពចំនួន ២១ រូប។
បើតាមសេចក្តីសម្រេច ក្នុងចំណោមមន្ត្រីទាំង ២១ រូបនោះ លោក ឌី វិជ្ជា អគ្គស្នងការរងនគរបាលជាតិ ត្រូវបានតែងតាំង ធ្វើជាប្រធានក្រុមការងារ អមដោយអនុប្រធានចំនួន ៤ រូប និងមានសមាជិកចំនួន ១៦ រូប។
សេចក្តីសម្រេចនេះចាត់តាំងឱ្យក្រុមការងារត្រូវមានភារកិច្ច «ប្រមូលព័ត៌មានអំពីសកម្មភាពញុះញង់ ឧបត្ថម្ភ គាំទ្រដល់ការបង្កើតឱ្យមានការតវ៉ាទាមទារ ឬប្រើប្រាស់ល្បិចកលអុជអាលឱ្យមាន ជម្លោះដីធ្លី ឬក៏ធ្វើសកម្មភាពទន្ទ្រាន កាន់កាប់ដីរបស់រដ្ឋដោយខុសច្បាប់ ដែលបង្កចលាចលតាមបណ្តាភូមិសាស្ត្ររាជធានីខេត្ត»។
សេចក្តីសម្រេចបញ្ជាក់ថា៖ «កំណត់មុខសញ្ញាសកម្មជនដីធ្លីពាក់ព័ន្ធនឹងសកម្មភាពបទល្មើស ដើម្បីបង្ការទប់ស្កាត់ និងបង្ក្រាបកុំឱ្យបទល្មើសដដែលកើតឡើងសាជាថ្មី»។
សេចក្តីសម្រេចបន្តថា ក្រុមការងារត្រូវវាយតម្លៃករណីរឿង និងស្នើសុំគោលការណ៍អគ្គស្នងការដ្ឋាននគរបាលជាតិ ដើម្បីបើកការស៊ើបអង្កេតស្រាវជ្រាវប្រមូលភ័ស្តុតាង និងកសាងសំណុំរឿងបញ្ជូនទៅតុលាការតាមនីតិវិធី ហើយត្រូវបូកសរុបលទ្ធផលកិច្ចប្រតិបត្តិការប្រចាំខែ រាយការណ៍ជូនអគ្គស្នងការដ្ឋាននគរបាលជាតិ។
មន្ត្រីកម្មវិធីពង្រឹងសិទ្ធិអំណាចសហគមន៍មូលដ្ឋាននៃសមាគមការពារសិទ្ធិមនុស្ស (អាដហុក) លោក ប៉ែន ប៊ុណ្ណារ៍ សម្តែងក្តីសង្ឃឹមថា ក្រុមការងារថ្មី នឹងខិតខំប្រឹងប្រែងប្រមូលព័ត៌មាន និងស៊ើបអង្កេតករណីជម្លោះដីធ្លីរដ្ឋឱ្យមានប្រសិទ្ធភាព។ លោកថា ការដោះស្រាយជម្លោះដីធ្លី កន្លងមកមិនមានតម្លាភាពនៅឡើយទេ។
លោកថ្លែងថា៖ «កន្លងមកមន្ត្រីនគរបាលយុត្តិធម៌ ស៊ើបអង្កេតមិនបានពេញលេញ នៅមានចន្លោះប្រហោងច្រើន។ អ៊ីចឹងបើសិនក្រុមការងារនេះធ្វើការដោយមានប្រសិទ្ធភាព ហើយបញ្ជូនសំណុំរឿងពាក់ព័ន្ធជាមួយដីរដ្ឋ និងទំនាស់ដីធ្លីទៅតុលាការដោយតម្លាភាព និងមានការកាត់ទោសអ្នកទន្ទ្រានដីរដ្ឋជាក់ស្តែង មិនពិបាកទេ»។
លោកបានបញ្ជាក់ថា៖ «រឿងដែលពិបាកថា តើមន្ត្រីស៊ើបអង្កេតក្នុងសំណុំរឿងនេះ មានការវែកមុខជនល្មើសនៅពីក្រោយបានកម្រិតណា? ព្រោះកន្លងមកអត់មានទេ»៕