ភ្នំពេញៈ នាយកដ្ឋានព័ត៌មានវិទ្យានៃក្រសួងមហាផ្ទៃអំពាវនាវឲ្យពលរដ្ឋមានការប្រុងប្រយ័ត្នចំពោះការឆបោកក្រោមរូបភាពមនោសញ្ចេតនា (Romantic Scam) ចំនួន ៥ ចំណុច លើបណ្តាញទំនាក់ទំនងសង្គម ក្រោយមានករណីឆបោក បានកើតឡើង ជាបន្តបន្ទាប់លើជនរងគ្រោះ។
ទំព័រហ្វេសប៊ុករបស់នាយកដ្ឋានព័ត៌មានវិទ្យាបានឲ្យដឹងនៅថ្ងៃទី ៣០ សីហាថា កន្លងមកក្រុមការងារបានចុះផ្សាយស្តីពីល្បិចឆបោកប្រាក់ផ្សេងៗរបស់ជនខិលខូចដោយប្រើប្រាស់បច្ចេកវិទ្យាគមនាគមន៍និងព័ត៌មានជាមធ្យោបាយ។ ដូច្នេះនៅពេលនេះ នាយកដ្ឋានព័ត៌មានវិទ្យា សូមលើកយកល្បិចឆបោកដោយប្រើប្រាស់មធ្យោបាយមនោសញ្ចេតនា (Romantic Scam) ដើម្បីរៀបចំគម្រោងទុច្ចរិតទៅលើជនរងគ្រោះ តាមវិធីសាស្ត្រជាសង្ខេបចំនួន ៥ ចំណុច។
នាយកដ្ឋានព័ត៌មានវិទ្យា បានរៀបរាប់ថា របៀបទី១ ជនខិលខូចប្រមូលព័ត៌មានពាក់ព័ន្ធនឹងជនរងគ្រោះគោលដៅ (Target Victims)លើបណ្តាញអ៊ីនធឺណិត ដើម្បីរៀបចំគម្រោងឆបោករបស់ពួកគេ។ ទី២ ជនខិលខូចចាប់ផ្តើមភ្ជាប់ទំនាក់ទំនងជាមួយជនរងគ្រោះ តាមរយៈកម្មវិធីបណ្តាញទំនាក់ទំនងសង្គមផ្សេងៗ តួយ៉ាងដូចជា កម្មវិធីហ្វេសប៊ុក កម្មវិធីសារអឡិចត្រូនិក និងទី៣ ជនខិលខូចធ្វើការតាមដានរាល់ព័ត៌មាន មតិយោបល់ ឬសកម្មភាពផ្សេងៗរបស់ជនរងគ្រោះលើបណ្តាញអ៊ីនធឺណិត ដើម្បីសន្និដ្ឋានទឹកចិត្ត និងសតិអារម្មណ៍របស់ជនរងគ្រោះ។
ចំណែកទី៤ នាយកដ្ឋានព័ត៌មានវិទ្យា បានរៀបរាប់បន្តថា ជនខិលខូចក៏ជជែកលេងជាញឹកញាប់ជាមួយជនរងគ្រោះ ពិសេសនៅពេលដែលពួកគេមានបញ្ហាផ្លូវចិត្តក្នុងជីវិតឯកជន គ្រួសារ ឬជំនួញ ហើយរបៀបទី៥ នៅពេលដែលជនរងគ្រោះធ្លាក់ក្នុងអន្លង់មនោសញ្ចេតនាក្លែងក្លាយ ជនខិតខូចចាប់ផ្តើមអនុវត្តគម្រោងទុច្ចរិត តួយ៉ាងដូចជា ការឆបោកប្រាក់ ដោយហេតុផលផ្សេងៗរួមមានការលួងលោមថតសកម្មភាព រូបភាពអាសអាភាសឬការណាត់ជួបនិងបន្ទាប់មកប្រព្រឹត្តសកម្មភាពល្មើសផ្សេងៗជាដើម។
លើសពីនេះទៀត ក្រុមការងារនាយកដ្ឋានព័ត៌មានវិទ្យា ក៏បានសង្កេតឃើញផងដែរថា មានជនខិលខូចមួយចំនួនកំពុងធ្វើសកម្មភាពល្មើសពីក្រៅប្រទេស(ជនបរទេស)និងមានជនល្មើសមួយចំនួន(ជនបរទេសឬជនជាតិខ្មែរ) ក៏កំពុងប្រព្រឹត្តសកម្មភាពទុច្ចរិតនេះក្នុងទឹកដីនៃព្រះរាជាណាចក្រកម្ពុជាផងដែរ។
ក្រុមការងារនៃនាយកដ្ឋានព័ត៌មានវិទ្យាបានបញ្ជាក់ថា៖ «អាស្រ័យដូចជម្រាបជូនខាងលើសូមបងប្អូនប្រជាពលរដ្ឋទាំងអស់ ពិសេសអ្នកដែលកំពុងប្រើប្រាស់កម្មវិធីបណ្តាញទំនាក់ទំនងសង្គម មេត្តាប្រុងប្រយ័ត្ននូវល្បិចកលខាងលើ និងសូមធ្វើសេចក្តីរាយការណ៍ជូនមន្ត្រីមានសមត្ថកិច្ចនៅពេលបានដឹងជួបប្រទះ ឬសង្ស័យថា ជាប្រភេទបទល្មើសខាងលើនេះ»។
លោក ង៉ែត ម៉ូសេ ទីប្រឹក្សាឯករាជ្យផ្នែកសន្តិសុខបច្ចេកវិទ្យាបានលើកឡើងថា ភាគច្រើនការបោកបឆោតលក្ខណៈមនោសញ្ចេតនាគឺជនល្មើសច្រើនតែប្រើប្រាស់ទឹកចិត្តឲ្យដៃគូម្ខាងទៀតជឿលើដោយលួងលោមជាថ្នូរនឹងរបស់អ្វីម្យ៉ាងដូចជាសាច់ប្រាក់ជាដើម។
លោកបន្តថាជនឆបោកទាំងនេះក៏តែងតែងប្រើប្រាស់តួអង្គជាអ្នកមានប្រាក់ច្រើននិងជាអ្នកដើរលេងជុំវិញពិភពលោក ដើម្បីបង្ហាញទៅគោលដៅរបស់ខ្លួន តាមរយៈអាខោនក្លែងកក្លាយ ដែលងាយនឹងឲ្យជនរងគ្រោះ ជាពិសេសស្ត្រីងាយជឿលង់។
លោកបានរៀបរាប់ថា៖«ភាគច្រើននៃក្រុមគោលដៅដែលក្រុមនេះវាយប្រហារនោះគឺសុទ្ធសឹងតែជាស្ត្រីដែលមានទុក្ខលំបាកមានអាយុចន្លោះពី២០ទៅ៣៥ឆ្នាំ ដែលខ្ញុំបានជួបប្រទះមួយចំនួន គឺចាញ់បោកគេជាមួយនឹងទំនាក់ទំនងស្នេហ៍»។
លោក ង៉ែតម៉ូសេ បានណែនាំឲ្យអ្នកប្រើប្រាស់បណ្តាញសង្គមទាំងអស់មិនត្រូវប្រគល់ប្រាក់ទៅឲ្យបុគ្គលដែលមិនបានស្គាល់ប្រភពច្បាសលាស់ជាពិសេសបុគ្គលដែលមិនបានជួបដោយផ្ទាល់នោះទេ។បន្ថែមពីនេះលោកថាអ្នកប្រើប្រាស់បណ្តាញសង្គមក៏មិនត្រូវមានទំនាក់ទំនងឬត្រូវផ្តាច់ទំនាក់ទំនងជាមួយភ្លាមនិងស្វះស្វែងរកកិច្ចអន្តរគមន៍ទៅអាជ្ញាធរដោយមិនត្រូវសម្ងំស្ងៀមនោះឡើយ៕