ភ្នំពេញៈ ទន្ទឹមនឹងការវិវឌ្ឍខ្លួនទៅរកភាពរីកចម្រីន តាមរយៈបច្ចេកវិទ្យាទំនើប អាជីវកម្មក្នុងវិស័យកសិកម្ម ក៏បានណែនាំនូវដ្រូនកសិកម្ម ដែលជាឧបករណ៍ប្រើប្រាស់សម្រាប់ជំនួយដល់វិស័យដាំដុះ ក៏ដូចជាកាត់បន្ថយនូវការចំណាយ និងសន្សំសំចៃពេលវេលាផងដែរ។
លោក ខូវ គឹមសាន ប្រធានក្រុមហ៊ុន Cambodia RC Agriculture នៅខេត្តមណ្ឌលគិរីបានឱ្យដឹងថា ដ្រូនកសិកម្មប្រភេទ DJI ខាងលោកចាប់ផ្តើមលក់មកស្រុកខ្មែរតាំងពីឆ្នាំ ២០១៩ ដែលជាផលិតផលស្តង់ដាជប៉ុន អាមេរិក ដែលដំឡើងនៅប្រទេសចិន។
លោកនិយាយថា៖ «អត្ថប្រយោជន៍ ដែលយើងទទួលបានហួសពីការរំពឹងទុកដូចរាល់ដង ដែលពួកយើងមើលឃើញវិស័យកសិកម្មនៃប្រទេសជិតខាងក៏ដូចប្រទេសថៃ វៀតណាម ជឿនលឿននឹងទទួលបានទិន្នផលខ្ពស់។ ពោលគឺថា សព្វថ្ងៃប្រទេសយើងកំពុងវិវឌ្ឍខ្លួនយ៉ាងជឿនលឿនដូចប្រទេសជិតខាងយើង។ វាផ្តល់មកនូវទិន្នផលទ្វេដង សន្សំសំចៃ ការប្រើប្រាស់ជី លុយកាក់ កម្លាំងពលកម្ម។ ជាពិសេសនោះ គឺមិនប៉ះពាល់សុខភាព»។
លោកបន្ថែមថា មកដល់ពេលនេះចំណេះដឹងនៃប្រជាកសិករ និងប្រជាពលរដ្ឋខ្មែរកាន់តែទូលំទូលាយបែរងាកមកប្រើវិស័យជឿនលឿនមួយនេះកាន់តែច្រើនទៅៗ។
លោកប្រាប់ថា៖ «ផលលំបាកជាច្រើនដែលខាងយើងបានឆ្លងកាត់រហូតមកដល់សព្វថ្ងៃ គឺថាប្រភេទ ដ្រូន DJI ជាផលិតផលស្តង់ដាដែលយើងទើបទទួលសិទ្ធិលក់ក្នុងស្រុកខ្មែរបានរយៈពេលជិត ៣ ឆ្នាំ។ ប៉ុន្តែប្រភេទ ដ្រូនគ្មានប្រភពច្បាស់លាស់ ឬដ្រូន copy ជាច្រើន បានវាយលុកទីផ្សារស្រុកខ្មែរ ដែលធ្វើឱ្យប្រជាកសិករ និងប្រជាជនស្ទើរបាត់ជំនឿលើដ្រូនមិនថាប្រភេទណាមួយឡើយ»។
លោកថ្លែងថា៖ «ដូចនេះហើយបានខាងយើងខ្ញុំប្រឹងពង្រឹង និងកាន់គោលជំហរ ៥ យ៉ាងគឺទំនុកចិត្ត ការមើលថែ គុណភាព ប្រសិទ្ធភាព និងភាពស្មោះត្រង់លើអតិថិជន។ មតិជាច្រើនដែលខាងយើងទទួលបាន ហើយយកមកវិវឌ្ឍខ្លួនដល់សព្វថ្ងៃ គឺការដែលអតិថិជនដែលជាប្រជាកសិករបានប្រើប្រាស់ ដ្រូនកសិកម្មម៉ាក DJI ហើយពួកគាត់បានទទួលផលយ៉ាងលើសលប់ជាកម្លាំងចិត្តដ៏ធំធេងដែលពួកគាត់បានផ្តល់»។
លោកបន្តថា៖ «យើងមានគម្រោងជាច្រើនដើម្បីជួយដល់វិស័យកសិកម្មមួយនេះដោយកែប្រែពីការប្រើប្រាស់ដៃមកជំនួសដោយការមកប្រើប្រាស់ប្រព័ន្ធបច្ចេកវិទ្យាទំនើបៗ និងមានបំពាក់បច្ចេកវិទ្យាខួរក្បាលសិប្បនិម្មិត (AI) រកដៃគូសហការគ្រប់ខេត្តក្រុង ដើម្បីឱ្យកាន់តែទូលំទូលាយ និងពួកគាត់អាចរកកម្រៃពីផលិតផល ១ នេះ។ ហើយថ្ងៃអនាគតប្អូនសង្ឃឹមយ៉ាងមុតមាំថា ការប្រើប្រាស់ ដ្រូន នឹងទូលំទូលាយដូចការប្រើគោយន្តដែរ»។
កសិករម្នាក់រស់នៅខេត្តកំពង់ធំអាយុ ២៩ ឆ្នាំឈ្មោះ ឫទ្ធី មហោសថ បានឱ្យដឹងថា លោកចាប់ផ្តើមប្រើប្រាស់ ដ្រូនកសិកម្មជាងកន្លះឆ្នាំហើយ។ ការប្រើប្រាស់ ដ្រូននេះមានភាពងាយស្រួល លឿនជាងការប្រើប្រាស់កម្លាំងមនុស្ស។
លោកថា៖ «ទាក់ទងនឹងថវិកា វាមិនខុសគ្នាណាស់ណានោះទេ បើប្រៀបធៀបនឹងការប្រើប្រាស់កម្លាំងមនុស្ស ហើយយើងក៏មិនមែនប្រើប្រាស់បានតែម្តងដែរ»។
លោកបន្តថា៖ «ផលប្រយោជន៍របស់ ដ្រូន គឺយើងបាញ់សត្វល្អិតទាន់ពេលវេលា ពេលយើងឃើញមានសត្វល្អិតយើងយកមកបាញ់បានភ្លាមៗ មិនចាំបាច់ចាំកម្លាំងមនុស្ស។ បើបាញ់ដី ៣០-៤០ [ហិកតា] ១ ថ្ងៃអីរួចហើយ បើកម្លាំងមនុស្សទាល់តែ ១ អាទិត្យ អីនោះ អ៊ីចឹងវាខុសគ្នាច្រើន»។
លោកថា ក្រៅពីការធ្វើស្រែរបស់ខ្លួន លោកក៏ជួយធ្វើស្រែដល់សាច់ញាតិ ឬអ្នកជិតខាង ដើម្បីរកចំណូលបន្ថែមផងដែរ។
កសិករម្នាក់ទៀតរស់នៅខេត្តមណ្ឌលគិរីដែរ ឈ្មោះ ណាង អាយុ ៣៦ ឆ្នាំនិយាយថា ពេលវេលាដាំដុះគឺដូចគ្នា គ្រាន់តែទិន្នផលដែលទទួលបានគឺវាច្រើនជាង។
លោកបន្តថា៖ «បើនិយាយពីការប្រើប្រាស់ ដ្រូនគឺយើងមិនចាំបាច់ហត់រឿងលាយថ្នាំ ដែលប៉ះពាល់ដល់សុខភាព ហើយពេលដាក់ប្រើប្រាស់យើងអាចកំណត់បាន។ ដ្រូនវាហោះនៅតែក្នុងបរិវេណចម្ការ បាញ់បានសព្វគ្រប់កន្លែង។ ដល់មនុស្សយើងត្រូវការដើរមើលរហូត ខ្លាចបាញ់មិនសព្វគ្រប់កន្លែង»។
លោក គង់ ភាជ ប្រធាននាយកដ្ឋានកសិឧស្សាហកម្មប្រាប់ ភ្នំពេញ ប៉ុស្តិ៍ថា លោកត្រូវគិតពីមុខងារវាមួយៗសិន ដោយសារវាមានគុណសម្បត្តិ និងគុណវិបត្តិរបស់វា។
លោកថា តាមដែលលោក ធ្លាប់ដឹង គឺវាមិនមានគុណវិបត្តិច្រើននោះទេ ហើយវាក៏មិនប៉ះពាល់ដល់អ្នកដែលប៉ះពាល់ផ្ទាល់នឹងថ្នាំបាញ់ និងអាចសន្សំសំចៃផងដែរ។ អនាគតលោកនឹងជំរុញវិស័យកសិកម្មឱ្យប្រើបច្ចេកវិទ្យាច្រើន ដោយសារត្រូវជំរុញ GDP របស់ប្រទេសទៅតាមចក្ខុវិស័យរបស់រដ្ឋាភិបាល។
ដោយឡែកលោក គង់ គា ប្រធាននាយកដ្ឋានដំណាំស្រូវលើកឡើងថា បច្ចុប្បន្ន មន្ទីរមិនមានគម្រោងដែលជំរុញដល់ការប្រើប្រាស់គ្រឿងម៉ាស៊ីននេះទេ។
លោកនិយាយថា៖ «ការជំរុញនាពេលអនាគត គឺវាអាស្រ័យទៅលើផ្នែកផ្សេងៗហើយបើខាងផ្នែក ដ្រូន គឺយើងគ្រាន់តែធ្វើការផ្សព្វផ្សាយឱ្យជ្រួតជ្រាបទាក់ទងនឹងបច្ចេកវិទ្យាថ្មី ប៉ុន្តែការទទួលយកគឺទាល់តែកសិករខ្នាតធំ»។
លោកបន្ថែមថា៖ «ទាក់ទងនឹងកសិករខ្នាតតូចអាចប្រឈមនឹងការចំណាយច្រើនទៅលើគ្រឿងម៉ាស៊ីន ការជួលកម្លាំងមនុស្ស ឬការប្រើប្រាស់ថ្នាំ។ ដូច្នេះខ្ញុំគិតថា កសិករខ្នាតតូច គឺអាចប្រឈមនឹងការលំបាកក្នុងការបញ្ជាទិញដើម្បីប្រើប្រាស់»៕
សៀវ គួយអ៊ី
វីដេអូ៖