ភ្នំពេញៈ ក្រសួង​សុខាភិបាល​ប្រកាស​អនុញ្ញាតឱ្យ​សេវាកម្ម​ផ្នែក​សុខាភិបាល​ឯកជន​មាន​សិទ្ធិ​ផ្តល់​សេវា​ថែទាំ និង​ព្យាបាល​អ្នកជំងឺ​កូវីដ​ ១៩ កម្រិត​ស្រាល​នៅតាម​ផ្ទះ ដោយ​ត្រូវអនុវត្ត​លក្ខខណ្ឌ​ចាំបាច់​ដែល​កំណត់ដោយ​ក្រសួង​។

រដ្ឋមន្ត្រី​ក្រសួង​សុខាភិបាល​លោក​ ម៉ម ប៊ុនហេង នៅ​ថ្ងៃទី​ ៣០ ខែសីហា បានចេញ​លិខិត​ជម្រាបជូន​ដល់​លោក លោកស្រី ដែលជា​ម្ចាស់​សេវា​សុខាភិបាល​ឯកជន​ (​មន្ទីរពេទ្យ មន្ទីរ​ពហុព្យាបាល និង​មន្ទីរ​សម្រាក​ព្យាបាល​) ​ឱ្យបាន​ដឹងថា ក្រសួង​សុខាភិបាល​នឹង​អនុញ្ញាត​ឱ្យ​សេវា​សុខាភិបាល​ឯកជន​ដែលមាន​ច្បាប់​អនុញ្ញាត​ពី​ក្រសួងសុខាភិបាល​មាន​សិទ្ធិ​ផ្តល់​សេវា​ថែទាំ និង​ព្យាបាល​អ្នកជំងឺ​កូវីដ​ ១៩ កម្រិត​ស្រាល​នៅតាម​ផ្ទះ ដោយ​គោរព​តាមលក្ខខណ្ឌ​ចាំបាច់​។

ក្នុង​លិខិត​លោក​រដ្ឋមន្ត្រី​បញ្ជាក់​ថា មូលដ្ឋាន​សុខាភិបាល​ឯកជន​ដែល​មាន​ច្បាប់​អនុញ្ញាត​ពី​ក្រសួង​សុខាភិបាល​ (​មន្ទីរពេទ្យ មន្ទីរ​ពហុព្យាបាល និង​មន្ទីរ​សម្រាក​ព្យាបាល​) ​ទើប​ក្រសួង​អនុញ្ញាត​បាន​។ ចំណែក​គ្រូពេទ្យ សេវា​សុខាភិបាល​ឯកជន​ត្រូវមាន​គ្រូពេទ្យ និង​បុគ្គលិក​ដែល​បាន​បណ្តុះបណ្តាល​ត្រឹមត្រូវ សម្រាប់​ផ្តល់​សេវា​ថែទាំ ព្យាបាល​អ្នកជំងឺ​កូវីដ​ ១៩ កម្រិត​ស្រាល​តាម​ផ្ទះ​ពី​ក្រុម​គ្រូបង្គោល​ថ្នាក់ជាតិ​នៃ​ក្រសួង​សុខាភិបាល​។

លោក​ ម៉ម ប៊ុនហេង បញ្ជាក់​ក្នុង​លិខិត​ថា​៖ «​ក្រុមគ្រូពេទ្យ​ទាំងនោះ​ត្រូវបាន​ចាត់​ដោយឡែក​ពី​ក្រុមគ្រូពេទ្យ​ព្យាបាល​អ្នកជំងឺ​ធម្មតា ហើយ​ក្រុមគ្រូពេទ្យ​ទាំងនេះ​ត្រូវ​ធ្វើ​ចត្តាឡីស័ក​រយៈពេល​ ១៤ ​ថ្ងៃ បន្ទាប់ពី​បាន​ថែទាំ ព្យាបាល​អ្នកជំងឺ​កូវីដ​ ១៩»​។

លក្ខខណ្ឌ​មួយទៀត ក្រសួង​សុខាភិបាល​បាន​ប្រាប់​ដល់​សេវា​សុខាភិបាល​ឯកជន​ត្រូវ​ត្រៀម​ទុកជាមុន​ក្នុងករណី​ជំងឺ​វិវឌ្ឍន៍​ធ្ងន់ធ្ងរ ដោយ​ធានា​ឱ្យ​មាន​ប្រព័ន្ធ​បញ្ជូន​ជំងឺ​តាម​បទដ្ឋាន​បច្ចេកទេស​ត្រឹមត្រូវ​ពី​ផ្ទះ ទៅ​សេវា​សុខាភិបាល​ឯកជន ដែលមាន​ច្បាប់​អនុញ្ញាតឱ្យ​ផ្តល់​សេវា​ថែទាំ និង​ព្យាបាល​អ្នកជំងឺ​កូវីដ​ ១៩ ឬ​សេវាសាធារណៈ ដែល​បាន​ព្យាបាល​កូវីដ​ ១៩​។

លោក​រដ្ឋមន្ត្រី​បញ្ជាក់ថា​៖ «​ការផ្តល់​សេវា​ថែទាំ ព្យាបាល​អ្នកជំងឺ​កូវីដ​ ១៩ កម្រិត​ស្រាល​នៅតាម​ផ្ទះ​ត្រូវ​មាន​ការអនុញ្ញាត​ពី​អាជ្ញាធរ​មូលដ្ឋាន ចៅសង្កាត់ ឬ​មេឃុំ និង​មន្ត្រី​សុខាភិបាល នៃ​ការិយាល័យ​សុខាភិបាល​ស្រុក​ប្រតិបត្តិ ដែល​អ្នកជំងឺ​ស្ថិតនៅ​»​។

ដើម្បី​ឱ្យ​សេវា​សុខាភិបាល​ឯកជន​ទទួលបាន​ការអនុញ្ញាត ក្រសួង​សុខាភិបាល​ប្រាប់​ទៅ​ម្ចាស់​សេវា​សុខាភិបាល​ឯកជន​ត្រូវដាក់​លិខិត​ស្នើសុំ​អនុញ្ញាត​មក​ក្រសួង​សុខាភិបាល តាមរយៈ​អនុគណៈកម្មការ​បច្ចេកទេស និង​ព្យាបាល​ដែលមាន​ទូរស័ព្ទ និង តេឡេក្រាម ០១២ ៨៩១ ៥២៧ និង​ ០១២ ៦៩១ ១១២​។

លោក ណក់ ពេជ្រពិជ័យ វេជ្ជបណ្ឌិត​ផ្នែក​ជំងឺ​ទូទៅ និង​ជា​ប្រធាន​មន្ទីរ​សម្រាក​ព្យាបាល​ប្រសិទ្ធផល​នៅ​ថ្ងៃទី​ ៣០ សីហា ថ្លែង​គាំទ្រ​ចំពោះ​ការអនុញ្ញាត​របស់​ក្រសួងសុខាភិបាល​។ ទោះយ៉ាងណា មន្ទីរ​សម្រាក​ព្យាបាល​របស់លោក​នៅ​មិនទាន់​សម្រេច ធ្វើការ​ស្នើសុំ​សិទ្ធិ​នៅឡើយ ដោយសារ​មិនទាន់​បាន​បែងចែក​ផ្នែក​ព្យាបាល​ឱ្យបាន​ច្បាស់លាស់​។

លោក​លើកឡើងថា ការសម្រេច​របស់​ក្រសួងសុខាភិបាល ដែល​អនុញ្ញាតឱ្យ​វិស័យ​សុខាភិបាល​ឯកជន​ដែលមាន​លទ្ធភាព​ក្នុង​ការព្យាបាល​អ្នកជំងឺ​កូវីដ​ ១៩ ​កម្រិត​ស្រាល​ឱ្យជួយ​ព្យាបាល​អ្នកជំងឺ​កូវីដ ​១៩ នោះ​ជា​រឿង​ល្អ ហើយក៏​បង្ហាញ​អំពី​ការសហការ​គ្នា​រវាង​វិស័យ​ឯកជន និង​វិស័យ​សុខាភិបាល​រដ្ឋ​។ នេះ​ក៏​ជា​ការជួយ​សម្រាល​បន្ទុក​ខ្លះ​ដល់​សេវា​សុខាភិបាល​របស់​រដ្ឋ​។

លោក​ថ្លែងថា​៖ «​ការពិត​នៅ​ពេទ្យ​រដ្ឋ​មិន​ថា​នៅ​ប្រទេស​យើង ឬក៏​ប្រទេស​ថៃ វៀតណាម ឬ​ប្រទេស​ក្នុង​តំបន់​យើង​ទេ គឺ​សុទ្ធតែ​ពេញ​ទាំងអស់​មាន​ការមមាញឹក​ទាំងអស់​។ អ៊ីចឹង​ខាង​ឯកជន​បាន​ជួយ​សម្រាល​ខ្លះទៅ​ក៏​ល្អ​សម្រាប់​អ្នក​ដែល​គេ​មានលទ្ធភាព​»​។

លោកស្រី​ ហឿ អូន អ្នកគ្រប់គ្រង​មន្ទីរ​សម្រាក​ព្យាបាល​ច្បារអំពៅ​ថ្លែង​នៅ​ថ្ងៃទី​ ៣០ សីហាថា ​លក្ខខណ្ឌ​ដែល​ក្រសួង​សុខាភិបាល​ដាក់ចេញ​សម្រាប់​អនុញ្ញាតឱ្យ​សេវា​សុខាភិបាល​ឯកជន​អាច​ចូលរួម​ក្នុង​ការព្យាបាល​អ្នកជំងឺ​កូវីដ​ ១៩ ​នៅ​តាម​ផ្ទះ មិនមាន​បញ្ហា​អ្វី​ចោទ​នោះទេ ព្រោះ​ការធ្វើ​នេះ​ដើម្បី​សុវត្ថិភាព​ទាំង​ក្រុមគ្រូពេទ្យ និង​អ្នកជំងឺ​។

លោកស្រី​ថា នៅ​រសៀល​ថ្ងៃទី​ ៣០ ខែសីហា មន្ទីរ​សម្រាក​ព្យាបាល​ច្បារអំពៅ កំពុងតែ​រៀបចំ​បែបបទ​ដើម្បី​ដាក់​ស្នើ​ទៅ​ក្រសួងសុខាភិបាល​។

លោកស្រី​ថ្លែងថា​៖ «​នេះ​ជា​រឿង​មួយ​ដែល​ល្អ ព្រោះ​អាចជួយ​បម្រើសេវា​ថែមទៀត​ទៅ​អ្នកជំងឺ​យើង ដែល​គាត់​មានបំណង​ចង់​ប្រើប្រាស់​សេវា​ឯកជន​។ យើង​ត្រូវតែ​គោរព​តាម​ការណែនាំ​របស់​ក្រសួងសុខាភិបាល​។ ខ្ញុំ​គិតថា​យើង​អាច​ធ្វើបាន ព្រោះ​យើង​មានលទ្ធភាព​ទទួល​ព្យាបាល​នៅនឹងកន្លែង​ហើយ អ៊ីចឹង​គ្រាន់តែ​ពង្រីក​សេវា​បន្ថែមទៀត គឺ​មិនជា​បញ្ហា​អ្វី​ទេ​»៕

វីដេអូ៖