ភ្នំពេញៈ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ប្រាប់ឱ្យរដ្ឋមន្រ្តីក្រសួងអប់រំ ពិភាក្សាជាមួយអភិបាលរាជធានី-ខេត្ត ដើម្បីកំណត់ជ្រើសរើសសាលារៀន សម្រាប់បើកឱ្យសិស្សចូលរៀននៅតាមទីតាំងមួយចំនួន ដែលពុំមានជំងឺឆ្លងកើតឡើង ខណៈដំណើរការនៃការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ ១៩ ដល់ក្មេងអាយុពី ១២ ដល់ក្រោមអាយុ ១៨ ឆ្នាំ បានជាង ១,៥ លាននាក់។
លោកនាយករដ្ឋមន្រ្តី បានថ្លែងតាមរយៈសារជាសំឡេង នៅថ្ងៃទី ៣១ សីហានេះ ប្រាប់ទៅរដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា លោក ហង់ជួន ណារ៉ុន ថា សាលានៅតាមជនបទខ្លះដែលមិនមានការឆ្លងជំងឺកូវីដ (ទាំងថ្នាក់បឋមសិក្សា និងមធ្យមសិក្សាកម្រិត ១ កម្រិត ២) អាចមានលទ្ធភាពបើកសាលានោះ ដោយមិនរង់ចាំការបើកនៅទូទាំងប្រទេស ឬខេត្តមួយ ឬស្រុកមួយត្រូវតែបើកទាំងអស់នោះទេ។
លោកមានប្រសាសន៍ថា៖ «យើងគួរតែជ្រើសតាមភូមិ តាមឃុំដែលមិនមានការកើតនូវជំងឺឆ្លងនេះ ហើយកុមារាកុមារីយើងបានចូលសិក្សាដោយរក្សានូវគម្លាតសុវត្ថិភាព រក្សានូវវិធានការសុខាភិបាលចាំបាច់នានា ដើម្បីឱ្យពួកគាត់បានចូលរៀន»។
លោកនាយករដ្ឋមន្ត្រី បន្ថែមថា៖ «យើងកំពុងតែស្ថិតនៅក្នុងការលំបាក បើយើងបន្តបិទទៀត ដោយមិនបានពិនិត្យ មិនបានញែករវាងកន្លែងដែលឆ្លង និងកន្លែងដែលមិនឆ្លង នឹងនាំឱ្យសិស្សបោះបង់សាលារៀន និងអាចឈានទៅដល់សិស្សភ្លេចអក្សរជាដើម»។
លោកបានបញ្ជាក់ថា សម្រាប់ទីប្រជុំជនដែលមានការឆ្លង ឬឆ្លងតិច អាចបន្តឱ្យរៀនតាមអនឡាញ ឬរៀនតាមស្ថានភាពផ្គួបផ្សំនូវការរៀនផ្ទាល់និងការរៀនបែបចម្រុះ ដោយរក្សាការអនុវត្តវិធានការសុខាភិបាលឱ្យបានត្រឹមត្រូវ៕