ភ្នំពេញៈ លោក ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ចូនបានលើកឡើងថា កម្ពុជាមិនរើសអើងប្រភពថវិកាដែលផ្តល់ឱ្យក្នុងការអភិវឌ្ឍវិស័យសាធារណការនោះទេ ខណៈដែលប្រទេសចិននៅតែឈរក្នុងលំដាប់លេខ ១ ក្នុងការផ្តល់ប្រាក់កម្ចី និងជំនួយក្នុងការកសាងហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់នៅកម្ពុជា។
ឆ្លើយតបទៅនឹងសំនួររបស់ប្រជាពលរដ្ឋនៅក្នុងកម្មវិធី MPWT LIVE SHOW នាថ្ងៃទី ៣០ សីហា ២០២១ លោក ស៊ុន ចាន់ថុល បានឱ្យដឹងថា ប្រទេសចិន គឺជាប្រទេសលំដាប់ទី ១ ដែលបានផ្តល់ប្រាក់កម្ចីជិត ៣ ពាន់លានដុល្លារ សម្រាប់គាំទ្រដល់ការកសាងហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់ដល់កម្ពុជា។ កម្ចី និងជំនួយទាំងនេះ កម្ពុជា មិនអាចខ្វះបាន និងមិនអាចពន្យារពេលទទួលបាននោះទេ ព្រោះកម្ពុជាត្រូវការការអភិវឌ្ឍ។
បើទោះជាទំហំនៃការទទួលកម្ចី និងជំនួយពីចិនមានទំហំធំយ៉ាងណាក្តី ក៏លោក ស៊ុន ចាន់ថុល បានបញ្ជាក់ថា កម្ពុជាមិនរើសអើងប្រភពថវិកា ដែលប្រទេស និងដៃគូអភិវឌ្ឍន៍ចង់ផ្តល់ឱ្យកម្ពុជានោះទេ ដើម្បីធ្វើយ៉ាងណាចូលរួមអភិវឌ្ឍ និងកសាងប្រទេសឱ្យរីកចម្រើន។
លោកបានបញ្ជាក់ថា៖ «បើមិត្តណាចង់ជួយយើងនឹងទទួល មិនដែលបដិសេធថា យើងខ្ញុំមិនត្រូវការថវិការបស់ប្រទេសនេះរបស់ប្រទេសនោះឡើយ។ សុំជម្រាបឱ្យច្បាស់ ដោយសារមានការលើកឡើងចោទថា ហេតុដូចម្តេចបានកម្ពុជាពឹងពាក់លើចិនច្រើនម្ល៉េះ?»។
ជាមួយនឹងការបកស្រាយបែបនេះ លោក ស៊ុន ចាន់ថុល បាននិយាយទៀតថា ចំពោះប្រាក់កម្ចី និងជំនួយដែលបានផ្តល់ឱ្យកម្ពុជា ទាន់ពេលវេលា ដើម្បីមកកសាងផ្លូវស្ពាន នោះកម្ពុជានឹងទទួលដោយមិនរង់ចាំនោះទេ ខណៈកម្ចី និងជំនួយពីប្រទេសខ្លះ ត្រូវការការសិក្សាច្រើនឆ្នាំ ដែលកម្ពុជាមិនអាចរង់ចាំបាននោះឡើយ។
លោកបញ្ជាក់ថា៖ «បើយើងរង់ចាំ ៥ ឆ្នាំ ទើបបានថវិកាប្រាក់កម្ចីមកកសាងផ្លូវ ឬស្ពាន យើងខាតបង់ច្រើនណាស់។ ខាតបង់ពីចំណូលពីការកសាងផ្លូវ និងស្ពាន ដែលធ្វើឱ្យសេដ្ឋកិច្ចយើងមានការរីកចម្រើនលឿន។ ដូច្នេះ យើងមិនដែលបដិសេធប្រាក់កម្ចីទេ មកពីប្រភពណា ក៏យើងទទួលដែរ»។
ក្រៅពីប្រទេសចិន ដែលឈរលើលំដាប់លេខ ១ ប្រទេសជប៉ុន គឺឈរក្នុងលំដាប់លេខ ២ ក្នុងការផ្តល់កម្ចី និងជំនួយដល់កម្ពុជា ហើយប្រទេសកូរ៉េខាងត្បូង គឺឈរក្នុងលំដាប់លេខ ៣។ ក្រៅពីនោះក៏មានដៃគូអភិវឌ្ឍន៍ចំនួន ២ គឺធនាគារពិភពលោក និងធនាគាអភិវឌ្ឍន៍អាស៊ី ក៏បានចូលរួមជួយកម្ពុជាក្នុងការកសាងហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់ផងដែរ។ នេះបើតាមលោក ស៊ុន ចាន់ថុល។
លោក គង់ សុវណ្ណ ជានាយកកម្មវិធីមូលនិធិសុវត្ថិភាពអន្តរជាតិបានលើកឡើងថា ជាការពិតប្រទេសកម្ពុជាត្រូវការដៃគូជួយជ្រោមជ្រែងក្នុងការអភិវឌ្ឍប្រទេស ជាពិសេសគឺផ្នែកហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់។ លោកបន្តថា ហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់ គឺជាសរសៃឈាមប្រទេសជាតិ ហើយផ្លូវកាន់តែសម្បូរបែបនឹងកាន់តែធ្វើឱ្យប្រទេសរីកចម្រើន តាមរយៈផលចំណេញនៃការដឹកជញ្ជូន និងការធ្វើដំណើររបស់ប្រជាពលរដ្ឋ។
ដូច្នេះលោកចង់ឃើញប្រទេសផ្តល់កម្ចី ឬដៃគូអភិវឌ្ឍន៍ទាំងនោះ គួរពិចារណាដោយធ្វើយ៉ាងណាបង្កភាពងាយស្រួលក្នុងការផ្តល់ប្រាក់កម្ចី ឬជំនួយទាំងនេះបានរហ័ស ដើម្បីជួយដល់ប្រទេសអភិវឌ្ឍន៍ ដូចជាកម្ពុជាជាដើម។
លោកបាននិយាយថា៖ «យើងគួរតែពិភាក្សាធ្វើម៉េចឱ្យបានរលូនទាំងអស់គ្នា ទាំងកម្ពុជា និងប្រទេសផ្តល់កម្ចី ឬដៃគូអភិវឌ្ឍន៍ព្រោះថា នេះគឺជាយន្តការក្នុងការជួយដល់ប្រទេសក្នុងការអភិវឌ្ឍ ហើយកម្ពុជាត្រូវការអភិវឌ្ឍខ្លួនឱ្យសរសៃឈាមសេដ្ឋកិច្ចនេះដើរទៅដោយរលូន»៕