សៀមរាបៈ មជ្ឈមណ្ឌលអង្គរសម្រាប់ការអភិរក្សជីវចម្រុះ (ACCB) ដែលមានទីតាំងនៅខេត្តសៀមរាប គ្រោងនឹងលែងសត្វត្រដក់តូចចំនួន ៦ ក្បាលបន្ថែមទៀត ចូលទៅក្នុងដែនជម្រកធម្មជាតិវិញ ក្រោយពីត្រូវបានជួយសង្គ្រោះ និងស្តារនីតិសម្បទា។
លោកស្រី Christel Griffioen នាយិកាមជ្ឈមណ្ឌលអង្គរសម្រាប់ការអភិរក្សជីវចម្រុះប្រចាំប្រទេសកម្ពុជាបានឱ្យដឹងថា សត្វត្រដក់តូចទាំង ៦ ក្បាលនេះ សមស្របនឹងការទៅរស់នៅក្នុងដែនជម្រកធម្មជាតិវិញក្រោយពីការធ្វើស្តារនីតិសម្បទា។
លោកស្រីលើកឡើងថា៖ «សត្វស្លាបទាំងនោះបានយកមក ACCB តាមរយៈកម្មវិធីជួយសង្គ្រោះ និងស្តារនីតិសម្បទារបស់យើង ដោយសហការជាមួយរដ្ឋាភិបាលកម្ពុជា ដៃគូអភិរក្សរបស់យើង និងប្រជាពលរដ្ឋដែលពាក់ព័ន្ធ»។
លោកស្រី Christel Griffioen បានបន្ថែមថា សត្វត្រដក់តូចទាំងនោះបានមកដល់ ACCB ដោយសារពួកវាមានសភាពទន់ខ្សោយ ឬមានរបួស ហើយមួយចំនួនទៀត គឺជាសត្វដែលបានរឹបអូសដោយក្រសួង បរិស្ថាន និងរដ្ឋបាលព្រៃឈើ។ សត្វត្រដក់តូចទាំង ៦ ក្បាលនោះនឹងត្រូវលែងនៅចន្លោះពេលបច្ចុប្បន្នរហូតដល់ចុងខែវិច្ឆិកា ឆ្នាំ ២០២១ នេះដែលអាស្រ័យទៅលើភាពសមស្របនៃទីតាំងដែលបានជ្រើសរើសសម្រាប់លែង និងការរឹតត្បិតនៃការធ្វើដំណើរ ដោយសារកូវីដ ១៩។
សត្វត្រដក់តូចគឺជាប្រភេទសត្វដែលងាយរងគ្រោះ (Vulnerable) ក្នុងបញ្ជីក្រហមរបស់អង្គការសហភាពអន្តរជាតិ ដើម្បីអភិរក្សធម្មជាតិ (ICUN)។ យោងតាម ICUN ចំនួនសត្វត្រដក់តូចពេញវ័យមានចំនួនប្រមាណពី ៥ ៥០០ ក្បាលទៅ ១ ម៉ឺនក្បាលប៉ុណ្ណោះនៅទូទាំងពិភពលោក។
លោកស្រី Christel Griffioen បញ្ជាក់ថា មជ្ឈមណ្ឌលមានបំណងដោះលែងសត្វទាំងនោះឱ្យបានឆាប់តាមដែលអាចធ្វើទៅបាន ដោយត្រូវលែងពួកវានៅរដូវវស្សានៅពេលដែលមានអាហារច្រើនសម្រាប់ពួកវានៅតំបន់ដីសើមដែលបើកចំហ និងមានព្រៃការពារ។
កាលពីឆ្នាំ ២០២០ ACCB បានលែងសត្វចំនួន ៨០ ក្បាលទៅកាន់ដែនជម្រកធម្មជាតិវិញ ដែលក្នុងនោះមាន ៤ ក្បាលជាសត្វត្រដក់តូច។ នៅក្នុងឆ្នាំ ២០២១ ACCB បានលែងសត្វចំនួន ៤៣ ក្បាលគិតមកដល់ពេលនេះ។
លោកស្រីបន្តថា៖ «នៅពេល [សត្វស្លាប] មកដល់ ACCB ពេទ្យសត្វរបស់យើង នឹងផ្តល់ការពិនិត្យសុខភាពដល់ពួកវា ហើយយើងនឹងធ្វើតេស្តមេរោគគ្រុនផ្តាសាយបក្សី ដើម្បីធានាថា ពួកវាអវិជ្ជមានចំពោះជំងឺគ្រុនផ្តាសាយបក្សី»។
កាលពីថ្ងៃទី ២១ ខែសីហា ACCB ទើបលែងសត្វត្រដក់តូចចំនួន ៤ ក្បាលនៅក្នុងសង្កាត់ជ្រាវ ខេត្តសៀមរាប។
ACCB គឺជាគម្រោងអភិរក្សជីវចម្រុះមួយនៅកម្ពុជាដែលបានបង្កើតឡើងក្នុងឆ្នាំ ២០០៣ ដែលមានទីតាំងនៅក្នុងឧទ្យានជាតិភ្នំគូលែន។ បច្ចុប្បន្ននេះ ACCB គឺជាទីតាំងផ្តល់ជម្រកដល់សត្វប្រមាណ ១ ពាន់ក្បាល ដែលមាន ៤៥ ប្រភេទ។ ក្នុងនោះប្រមាណជា ៩០ ភាគរយនៃសត្វសរុបនៅក្នុងមជ្ឈមណ្ឌល គឺជាប្រភេទសត្វដែលចាត់ជាប្រភេទសត្វងាយរងគ្រោះជាសកលនៅក្នុងបញ្ជីក្រហមរបស់អង្គការ IUCN៕
រ៉ូ គីមឡុង