ភ្នំពេញៈ អង្គការកម្មវិធីស្បៀងអាហារពិភពលោក (WFP) សហការជាមួយក្រសួងអប់រំ ផ្តល់ស្បៀងជូនដល់ប្រជាពលរដ្ឋជាក្រុមគ្រួសារងាយរងគ្រោះ និងមានអត្តសញ្ញាណប័ណ្ណគ្រួសារក្រីក្រចំនួន ៣ ម៉ឺនគ្រួសារ នៅខេត្តសៀមរាប ឧត្តរមានជ័យ កំពង់ធំ កំពង់ឆ្នាំង និងខេត្តពោធិ៍សាត់ ចាប់ពីថ្ងៃទី ៣០ សីហា ដល់ថ្ងៃទី ៣ កញ្ញា ឆ្នាំនេះ។ នេះបើតាមសេចក្ដីប្រកាសព័ត៌មាន។
សេចក្តីប្រកាសព័ត៌មានរបស់ WFP ចេញផ្សាយកាលពីថ្ងៃទី ៣១ សីហា បានឱ្យដឹងថា កម្មវិធីស្បៀងអាហារពិភពលោកសហការជាមួយក្រសួងអប់រំ យុវជន និងកីឡាដើម្បីចែកស្បៀងជូនដល់ក្រុមគ្រួសារងាយរងគ្រោះចំនួន ៣០ ០០០ គ្រួសារ។ ក្នុងនោះមានប្រជាពលរដ្ឋសរុបដែលទទួលបានជំនួយនេះប្រហែល ១៥០ ០០០ នាក់ នៅខេត្តចំនួន ៥ គឺ សៀមរាប ឧត្តរមានជ័យកំពង់ធំកំពង់ឆ្នាំង និងពោធិ៍សាត់។
ការចែកជំនួយនេះប្រព្រឹត្តទៅជារៀងរាល់ថ្ងៃចាប់ពីថ្ងៃទី ៣០ ខែសីហា ដល់ថ្ងៃទី ៣ ខែកញ្ញា។ ជំនួយនេះផ្តល់ជូនដល់ក្រុមគ្រួសារដែលអាជ្ញាធរកំណត់ថាជាគ្រួសារងាយរងគ្រោះ មានអត្តសញ្ញាណប័ណ្ណគ្រួសារក្រីក្រ (ID Poor) និងមាន កូនចុះឈ្មោះចូលរៀននៅតាមសាលា ដែលមានការគាំទ្រពីកម្មវិធីផ្ដល់ស្បៀងអាហារ តាមសាលារៀន របស់កម្មវិធីស្បៀងអាហារពិភពលោក និងក្រសួងអប់រំ យុវជន និងកីឡា។ នេះបើតាមសេចក្ដីប្រកាសព័ត៌មាន។
លោក ហង់ជួន ណារ៉ុន រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា ថ្លែងថា អាហារសុខភាពដែលមានជីវជាតិនៅតាមសាលាអាចជួយបង្កើនការផ្តោតអារម្មណ៍របស់សិស្ស និងធ្វើឱ្យលទ្ធផលសិក្សារបស់សិស្សកាន់តែល្អប្រសើរឡើង។ រយៈពេល ២០ ឆ្នាំមកហើយ ដែលកម្មវិធីផ្ដល់ស្បៀងអាហារ នៅតាមសាលារៀនរបស់កម្មវិធីស្បៀងអាហារពិភពលោកបានផ្តល់អាហារបំប៉នសម្បូរជីវជាតិដល់កុមារនៅសាលាបឋមសិក្សាក្នុងតំបន់ក្រីក្របំផុតមួយចំនួននៃប្រទេសកម្ពុជា។
លោកថ្លែងថា៖ «វាក៏ជួយសម្រាលបន្ទុកសេដ្ឋកិច្ចរបស់ក្រុមគ្រួសារសិស្សផងដែរ។ នេះហើយជាមូលហេតុដែលយើងចុះឈ្មោះចូលរួមជាមួយសម្ព័ន្ធភាពមួយនេះ ដើម្បីបង្ហាញពីការប្តេជ្ញាចិត្តរបស់រាជរដ្ឋាភិបាលយើង ក្នុងការធានាឱ្យបានថាគ្មានកុមារណាម្នាក់ត្រូវបានទុកចោលឡើយ»។
មុនពេលមានជំងឺកូវីដ ១៩ កម្មវិធីនេះបានផ្ដល់នូវអាហារសុខភាពនិងមានជីវជាតិដល់កុមារចំនួន ២២៣ ០០០ នាក់ នៅតាមសាលាគោលដៅចំនួន ៩០៨ នៅខេត្តចំនួន ៥។ ប៉ុន្ដែចាប់តាំងពីមានការឆ្លងរាលដាលនៃជំងឺកូវីដ ១៩ និងការផ្អាកដំណើរការសាលារៀន សិស្សមិនបានទទួលទានអាហារពេលព្រឹកដែលមានជីវជាតិទៀតទេ។ បញ្ហានេះបានជះឥទ្ធិពលជាពិសេសដល់កុមារមកពីគ្រួសារក្រីក្របំផុតដែលភាគច្រើនរងការលំបាកដោយសារការបាត់បង់ចំណូលនិងការងារ។ នេះបើតាមលោកហង់ ជួនណារ៉ុន។
លោកស្រី គ្លែរ កូណាន់ តំណាងកម្មវិធីស្បៀងអាហារពិភពលោកប្រចាំនៅកម្ពុជាថ្លែងថា កម្មវិធីស្បៀងអាហារពិភពលោកដឹងច្បាស់ថា អាហារូបត្ថម្ភល្អមានសារៈសំខាន់ណាស់សម្រាប់ការអភិវឌ្ឍរបស់កុមារ។ នេះហើយជាមូលហេតុដែលក្រុមការងារខិតខំប្រឹងប្រែង ដើម្បីឱ្យប្រាកដថា កញ្ចប់អាហារទាំងនេះទៅដល់ដៃក្រុមគ្រួសារងាយរងគ្រោះ ដើម្បីធានាថា កុមារនឹងមានអាហារទទួលទានក្នុងអំឡុងពេលវិបត្តិកូវីដមួយនេះ។
លោកស្រីថ្លែងថា គ្រួសារជាច្រើនបានរងផលប៉ះពាល់ផ្នែកសេដ្ឋកិច្ចយ៉ាងធ្ងន់ធ្ងរ ដោយសារជំងឺរាតត្បាតនេះ។ ជំនួយស្បៀងនេះត្រូវបានរៀបចំឡើង ដើម្បីរួមចំណែកបំពេញបន្ថែមដល់ជំនួយគាំពារសង្គមផ្សេងៗទៀត របស់រាជរដ្ឋាភិបាលកម្ពុជា។
លោកស្រីបន្តថា៖«យើងខ្ញុំសូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះដៃគូទាំងអស់ដែលបានផ្ដល់ការគាំទ្រ ជាពិសេស ក្រសួងអប់រំ យុវជន និងកីឡា និងក្រុមប្រឹក្សាជាតិគាំពារសង្គម»។
បើតាម WFP នេះគឺជាការចែកស្បៀងជុំទី៥ហើយ ដែលកើតឡើងស្របពេលដែលរាជរដ្ឋាភិបាលកម្ពុជាបានបញ្ជាក់ពីការប្តេជ្ញាចិត្តរបស់ខ្លួនចំពោះសម្ព័ន្ធភាពរដ្ឋអនុវត្តកម្មវិធីស្បៀងអាហារតាមសាលារៀនដែលបើកដំណើរការជាផ្នែកមួយនៃកិច្ចប្រជុំកំពូលប្រព័ន្ធស្បៀងអាហារសកលនៅខែកញ្ញាឆ្នាំ២០២១។
សម្ព័ន្ធនេះមានការចូលរួមពីរដ្ឋាភិបាល អង្គការសហប្រជាជាតិ សង្គមស៊ីវិល គ្រឹះស្ថានអប់រំ អង្គការមនុស្សធម៌និងវិស័យឯកជនទាំងអស់ ដែលទទួលស្គាល់ថា អាហារនៅតាមសាលាមានសារៈសំខាន់ណាស់ក្នុងការផ្លាស់ប្តូរប្រព័ន្ធអាហារនិងអាចជួយឱ្យប្រទេសនីមួយៗអាចងើបពីវិបតិ្តសេដ្ឋកិច្ច-សង្គម ដែលបណ្តាលមកពីជំងឺកូវីដ១៩ និងសម្រេចបាននូវគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាព។
ប្រទេសកម្ពុជា គឺជាប្រទេសមួយក្នុងចំណោមប្រទេសចំនួន ៤០ ដំបូងគេបង្អស់ ដែលបានចុះឈ្មោះចូលរួមក្នុងសម្ព័ន្ធភាពជាប្រវត្តិសាស្ត្រមួយនេះ ដែលអាចជួយការពារកុមារដែលងាយរងគ្រោះបំផុតពីភាពអត់ឃ្លាន និងកង្វះអាហារូបត្ថម្ភនានា។ នេះបើតាមការបញ្ជាក់របស់ WFP។
សេចក្ដីប្រកាសព័ត៌មានបញ្ជាក់ថា ការចែកស្បៀងត្រូវបានធ្វើឡើងតាមរយៈបណ្តាញសាលារៀន ដោយមានការគាំទ្រពីមន្ទីរអប់រំ យុវជន និងកីឡា រដ្ឋបាលសាលារៀន អាជ្ញាធរភូមិឃុំ និងដៃគូអង្គការមិនមែនរដ្ឋាភិបាល។ ចំណែក របបស្បៀងរួមមានអង្ករ ២៥ គីឡូក្រាម ត្រីខកំប៉ុង និងប្រេងឆា។ ក្រៅពីនេះកម្មវិធីស្បៀងអាហារពិភពលោកកំពុងធ្វើការយ៉ាងជិតស្និទ្ធជាមួយក្រសួងអប់រំ និងដៃគូដទៃទៀត ដើម្បីកែលម្អហេដ្ឋារចនាសម្ព័ន្ធសាលារៀន និងអគារសិក្សា ដែលជាវិធានការត្រៀមសម្រាប់ការចូលរៀនវិញប្រកបដោយសុវត្ថិភាព។
WFP បញ្ជាក់ថា កម្មវិធីផ្តល់ស្បៀងអាហារតាមសាលារៀននៅកម្ពុជានិងជំនួយស្បៀងពិសេសនេះអាចប្រព្រឹត្តទៅបានដោយមានជំនួយឧបត្ថម្ភពីរាជរដ្ឋាភិបាលកម្ពុជា រដ្ឋាភិបាលជប៉ុន ទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិកូរ៉េ (KOICA) និងក្រសួងកសិកម្មនៃសហរដ្ឋអាមេរិក (USDA)៕