ភ្នំពេញៈ យូណេស្កូ និង ខេមបូចា បានសម្ពោធដាក់ឱ្យប្រើប្រាស់សៀវភៅរបស់ យូណេស្កូ ជាភាសាខ្មែរ ដែលមានចំណងជើងថា «ការស៊ើបអង្កេតផ្អែកតាមសាច់រឿង៖ សៀវភៅសម្រាប់អ្នកសារព័ត៌មានស៊ើបអង្កេត» ដែលជាផ្នែកមួយនៃការលើកកម្ពស់សមត្ថភាពអ្នកសារព័ត៌មាន ដែលសរសេររឿងស៊ើបអង្កេត។
ក្រោមគម្រោងដែលទទួលបានជំនួយថវិកាពីកម្មវិធីអន្តរជាតិសម្រាប់ការអភិវឌ្ឍវិស័យសារគមនាគមន៍នៃអង្គការ យូណេស្កូ (UNESCO IPDC) សៀវភៅនេះត្រូវបានសមាគមសម្ព័ន្ធអ្នកសារព័ត៌មានកម្ពុជា (ខេមបូចា) ប្រែសម្រួលមកជាភាសាខ្មែរ ដើម្បីធ្វើឱ្យកាន់តែមានភាពងាយស្រួលប្រើប្រាស់សម្រាប់អ្នកបណ្តុះបណ្តាលផ្នែកសារព័ត៌មាន ការីនិពន្ធ អ្នកយកព័ត៌មាន សិស្ស និស្សិត និងអ្នកដទៃទៀត។
សំណៅដើមជាភាសាអង់គ្លេសនៃសៀវភៅនេះ ត្រូវបានបោះពុម្ពផ្សាយដោយអង្គការ យូណេស្កូ នៅឆ្នាំ ២០០៩ និងត្រូវបានបកប្រែជាច្រើនភាសា ហើយត្រូវបានយកទៅប្រើប្រាស់នៅតាមសាលាបណ្តុះបណ្តាលផ្នែកសារព័ត៌មាន ជាច្រើននៅទូទាំងពិភពលោក។
ខេមបូចា បញ្ជាក់ក្នុងសេចក្តីអញ្ជើញអ្នកសារព័ត៌មានថា សៀវភៅដែលមានកម្រាស់ ២០០ ទំព័រជាភាសាខ្មែរនេះនឹងផ្តល់ការណែនាំដល់អ្នកអានឱ្យស្វែងយល់ពីមូលដ្ឋានគ្រឹះនៃការស្វែងរកគំនិតរឿងស៊ើបអង្កេត ការរៀបចំ រចនាសម្ព័ន្ធរឿងស៊ើបអង្កេត ការស្រាវជ្រាវ ការតាក់តែង និងការបោះពុម្ពផ្សាយ សំណុំរឿងស៊ើបអង្កេត។
លោក Sarda Umar Alam តំណាងអង្គការយូណេស្កូ ប្រចាំកម្ពុជា ថ្លែងក្នុងពិធីសម្ពោធសៀវភៅនេះថា សារព័ត៌មានស៊ើបអង្កេតគឺជាមុខវិជ្ជាក៏សំខាន់មួយក្នុងប្រព័ន្ធផ្សព្វផ្សាយព័ត៌មានដែលអាចជួយឱ្យសាធារណជនយល់ដឹងកាន់តែច្បាស់អំពីបញ្ហាស្មុគស្មាញ និងបញ្ហានាពេលបច្ចុប្បន្ននៅក្នុងប្រទេសកម្ពុជាជាពិសេសនៅក្នុងអំឡុងពេលជំងឺរាតត្បាតកូវីដ ១៩។ តួនាទីរបស់ប្រព័ន្ធផ្សព្វផ្សាយព័ត៌មានមិនអាចខ្វះបានទេសម្រាប់លទ្ធិប្រជាធិបតេយ្យ។ ហេតុផលនេះហើយ ដែលយូណេស្កូគាំទ្រ «យ៉ាងពេញទំហឹង» ចំពោះគំនិតផ្តួចផ្តើមដែលពង្រឹងវិស័យព័ត៌មានស៊ើបអង្កេត នៅក្នុងពិភពលោក។
អង្គការ យូណេស្កូ តែងតែលើកយកការជជែកពីការទទួលខុសត្រូវរបស់ប្រព័ន្ធផ្សព្វផ្សាយ ស្តង់ដាវិជ្ជាជីវៈ និងក្រមសីលធម៌សារព័ត៌មាន ដែលផ្តល់ឱ្យអ្នកសារព័ត៌មាននូវការណែនាំអំពីការអនុវត្តវិជ្ជាជីវៈរបស់ខ្លួនឱ្យបានល្អប្រសើរ។
លោក Sarda Umar Alam ជឿជាក់ថា ការបោះពុម្ពសៀវភៅជាភាសាខ្មែរនេះ នឹងជួយច្រើនដល់អ្នកសារព័ត៌មាន និងលើកទឹកចិត្តឱ្យអ្នកផ្សព្វផ្សាយរឿងស៊ើបអង្កេតកាន់តែល្អប្រសើរថែមទៀត និងសង្ឃឹមថាអ្នកសារព័ត៌មាន នឹងយល់ឃើញថា សៀវភៅនេះមានប្រយោជន៍ និងទទួលបានអត្ថប្រយោជន៍យ៉ាងច្រើនពីរឿងស៊ើបអង្កេត ដែលអ្នកសារព័ត៌មាននឹងសរសេរ និងបោះពុម្ពនាពេលអនាគត។
ខេមបូចា លើកឡើងថា ខណៈស្ថានភាពសេរីភាពប្រព័ន្ធផ្សព្វផ្សាយនៅកម្ពុជាកាន់តែ «យ៉ាប់យ៉ឺន» ហើយយន្តការការពារអ្នកសារព័ត៌មានក៏នៅមានភាពទន់ខ្សោយនៅឡើយ អ្នកសារព័ត៌មាននៅកម្ពុជា នៅតែបន្តប្រឈមឧបសគ្គជាច្រើនក្នុងការជីកកកាយករណីស៊ើបអង្កេតផ្សេងៗ ដែលប៉ះពាល់ដល់ប្រយោជន៍សាធារណៈ។
លោក ណុប វី នាយកប្រតិបត្តិ ខេមបូចា ថ្លែងក្នុងពិធីនេះថា ការប្រែសម្រួលសៀវភៅជាភាសាអង់គ្លេសនេះឱ្យទៅជាភាសាខ្មែរ គឺធ្វើឡើងក្នុងន័យជំរុញការលើកកម្ពស់សមត្ថភាពរបស់អ្នកសារព័ត៌មាននៅកម្ពុជាឱ្យកាន់តែល្អប្រសើរ។
លោកថា៖ «វាទទូចឱ្យមានការពង្រឹងតួនាទីរបស់អ្នកសារព័ត៌មានស៊ើបអង្កេតនេះឱ្យបានកាន់តែខ្លាំងក្លាថែមទៀតដើម្បីចូលរួមនូវការផ្តល់ព័ត៌មានពិត ឬក៏ដើម្បីធ្វើឱ្យមានតម្លាភាពចំពោះការចែករំលែកព័ត៌មានមួយចំនួន»។
លោកគិតថា ព័ត៌មានខ្លះត្រូវបានចែករំលែកក្នុងន័យមួយដែលធ្វើឱ្យមានបញ្ហាយល់ច្រឡំនៅក្នុងសង្គម។ «អ៊ីចឹង ប្រសិនជាយើងមានតួនាទីអ្នកសារព័ត៌មានស៊ើបអង្កេត វាធ្វើឱ្យព័ត៌មានទាំងអស់នោះក្លាយទៅជាព័ត៌មានមួយដែលមាន តម្លាភាពក្រោយពេលដែលពួកគាត់អនុវត្តតួនាទីនៅក្នុងការស្វែងរក ឬក៏ពន្យល់នូវព័ត៌មានទាំងអស់ហ្នឹង»។
លោក មាស សុភ័ណ្ឌ អនុរដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងព័ត៌មាន ថ្លែងក្នុងពិធីនេះថា ក្រសួងព័ត៌មានតែងតែចាត់ទុកអ្នកសារព័ត៌មានជាដៃគូដែលមិនអាចខ្វះបាននៅក្នុងការពាំនាំព័ត៌មានពិតពីរដ្ឋាភិបាលទៅកាន់ពលរដ្ឋ និងពីប្រជាពលរដ្ឋទៅកាន់រដ្ឋាភិបាលវិញ។
លោកថា ផ្នែកទាំងអស់នៃសារព័ត៌មានដែលរួមទាំងសារព័ត៌មានបែបស៊ើបអង្កេតផងដែរនោះបានចូលរួមចំណែកនៅក្នុងការបង្កើនការយល់ដឹង ក៏ដូចជាលើកកម្ពស់នូវសិទ្ធិទទួលព័ត៌មានរបស់ប្រជាពលរដ្ឋ។ «ដូច្នេះ សម្រាប់ក្រសួងព័ត៌មាន ការអនុវត្តវិជ្ជាជីវៈជាអ្នកសារព័ត៌មានដែលប្រកបទៅដោយក្រមសីលធម៌ ប្រកបទៅដោយភាពត្រឹមត្រូវ ច្បាស់លាស់ គឺជាការចូលរួមចំណែកមួយដ៏សំខាន់នៅក្នុងដំណើរការអភិវឌ្ឍន៍សង្គមជាតិរបស់យើង»៕