ភ្នំពេញៈ អភិបាល​ខេត្ត​ព្រះ​សីហនុ លោក​ គួច ចំរើន បាន​សម្រេច​រំសាយ​ក្រុម​គ្រូ​ពេទ្យ​ព្យា​បាល​អ្នកជំងឺ​កូ​វីដ ​១៩​ ទៅកាន់​តាម​មណ្ឌល​សុខភាព​របស់​ពួកគេ​វិញ​ ដោយ​សារ​ស្ថាន​ភាព​នៃ​ការឆ្លង​រាល​ដាល​ជំងឺ​កូវីដ ​១៩ នៅ​ខេត្ត​ព្រះ​សីហនុ​ មាន​ការ​ថយចុះ​គួរឱ្យ​កត់​សម្គាល់​។

ការ​សម្រេច​នេះ​ត្រូវ​បាន​ធ្វើ​ឡើង​កាលពី​រសៀល​ថ្ងៃទី ៣១​ ខែ សីហា ឆ្នាំ ​២០២​១ ក្នុងពេល​លោក គួច ចំរើន ចុះ​ជួប​សំណេះ​សំណាល​ជា​មួយ​ក្រុម​គ្រូពេទ្យ​ព្យា​បាល​ជំងឺ​កូ​វីដ ១៩​ នៅ​ខេត្ត​នេះ​។

ក្នុង​នាម​ក្រុម​ប្រឹក្សា​ខេត្ត គណៈ​អភិ​បាលខេត្ត មន្ត្រីរា​ជការ កង​កម្លាំង​ប្រដាប់អាវុធ និង​ប្រជា​ពលរដ្ឋ​ខេត្ត​ព្រះ​សីហនុ លោក គួច ចំរើន បាន​កោត​សរសើ​រ​ថ្នាក់ដឹក​នាំ​មន្ទីរ​សុខាភិ​បាល មន្ត្រី​សុខាភិបា​ល និង​ក្រុម​គ្រូពេទ្យ​ទាំង​អស់ ដែល​បាន​ចូលរួម​ប្រយុទ្ធ​ប្រឆាំង​នឹង​ជំងឺ​កូ​វីដ ១៩ ក្នុង​ខេត្ត​ព្រះ​សីហនុ​នាពេល​កន្លង​មក​។

លោក​មាន​ប្រសាសន៍​ថា​៖ «ដោយ​ឆ្លងកាត់​ព្រឹត្តិ​ការណ៍ ក្នុង​ក្រប​ខ័ណ្ឌ​ទូទាំង​ខេត្ត ពិសេស​ក្រុម​គ្រូពេទ្យ​របស់​យើង បាន​ប្រមូល​ផ្តុំគ្នា​បំពេញ​ការងារ​យ៉ាង​សស្រាក់​សស្រាំ ក្នុង​យុទ្ធនា​ការ​ប្រយុទ្ធ​ប្រឆាំង​នឹង​ជំងឺ​កូ​វីដ ១៩។ ក្រុម​គ្រូពេទ្យ​របស់​យើង​បាន​បង្កើន​ការ​យកចិត្ត​ទុកដា​ក់ ទាំង​ចំនួន​ក្រុម​គ្រូពេទ្យ និង​បណ្តុះប​ណ្តាល​ក្រុម​ជំនាញ​ក្នុង​ការ​យក​សំណាក ​ការព្យា​បាល​អ្នក​ជំងឺ និង​កាត់​ផ្តាច់​ការ​ចម្លង​ក្នុង​សហ​គមន៍​»។

អភិ​បាល​រូបនេះ​បាន​បន្ត​ទៀតថា ក្រោយពី​ការរំ​សាយ​ក្រុម​គ្រូពេទ្យ​ពី​មណ្ឌល​ព្យាបាល​អ្នក​ជំងឺ​កូ​វីដ ១៩ ​ហើយ ពួកគេ​នឹង​ទៅ​បំពេញ​ការងារ​តាម​មណ្ឌល​សុខភាព​ដើម​វិញ​។ ម្យ៉ាងទៀត​ក្រុម​គ្រូពេទ្យ​មាន​ជំនាញ​បច្ចេក​ទេស​ក្នុង​ការយ​ក​សំណាក​កូ​វីដ ១៩ និង​ការព្យា​បាល ដោយ​សារ​តែ​សកម្ម​ភាព​ជំងឺ​នេះ​នៅក្នុង​ខេត្ត​ព្រះសីហនុ​មាន​ការ​ថយ​ចុះ​គួរឱ្យក​ត់សម្គាល់ ទើប​លោក​សម្រេច​រំសាយ​ក្រុម​គ្រូពេទ្យ​ទៅ​កាន់​មណ្ឌល​សុខ​ភាព​វិញ​។

លោក​ គួច ចំរើន បាន​បន្ថែម​ថា​៖ «រដ្ឋបាល​ខេត្ត នឹង​ចងចាំ​គុណ​តម្លៃ​ក្រុម​គ្រូពេទ្យ ដែល​បំពេញ​ការងារ​នៅ​សមរ​ភូមិ​មុខ​ក្នុងការ​ប្រយុទ្ធ​នឹង​ជំងឺ​កូ​វីដ ១៩ នៅ​ខេត្ត​ព្រះ​សីហនុ ម្យ៉ាង​ទៀត​ក្រុម​គ្រូពេទ្យ​ក៏បាន​ចូលរួម​ក្នុង​យុទ្ធនា​​ការចាក់​​វ៉ាក់សាំ​ង​ជូន​មន្ត្រីរាជកា​រ កងក​ម្លាំងប្រដា​ប់អាវុធ ប្រជា​ពលរដ្ឋ កុមារ និង​យុវវ័យ​របស់​យើង​ផងដែរ»​។

ក្នុង​ឱកាស​នោះដែរ​ លោក គួច ចំរើន ក៏បាន​នាំយក​ថវិកា​របស់​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន ឧបត្ថម្ភ​ដល់​ក្រុម​គ្រូពេទ្យ​ព្យាបាល​ជំងឺ​កូ​វីដ ១៩ ចំនួន ​៦២​ នាក់​ផង​ដែរ​ ដោយ​ក្នុង​ម្នាក់ៗ​ទទួល​បាន​ថវិកា​ចំនួន ១,២​ លាន​រៀល៕​​