ភ្នំពេញៈ ថ្នាក់ដឹកនាំ មន្ត្រីរាជការ មន្ត្រី​អង្គការ​សហប្រជាជាតិ និង​ប្រជាពលរដ្ឋ​ដែល​បាន​ចាក់​វ៉ាក់សាំង​ប្រភេទ​កូវីសែល ដូស​ទី​១ និង​ដូស​ទី​២ រួចហើយ​នោះ ក្រសួងសុខាភិបាល​នឹង​ចាប់ផ្តើម​ដំណើរការ ការចាក់​វ៉ាក់សាំង​កូវីដ​ ១៩ ប្រភេទ​អាស្ត្រាហ្សេនីកា (AstraZeneca) ដូស​ទី​៣ ឬ​ដូស​ជំរុញ​ទៅដល់​ពួកគាត់​ចាប់ពី​ថ្ងៃទី​ ៦ ខែកញ្ញា​តទៅ នៅតាម​ទីតាំង និង​កាលបរិច្ឆេទ​ដែល​បានកំណត់​។

ជាមួយ​គ្នា​នេះដែរ ក្រសួង​ក៏បាន​ប្រកាស​ពី​ការចាក់​វ៉ាក់សាំង​ដូស​ជំរុញ​នេះ ទៅដល់​មន្ត្រីរាជការ និង​ប្រជាពលរដ្ឋ​នៅក្រោម​ឱវាទ​របស់​រដ្ឋបាល រាជធានី​ភ្នំពេញ ខេត្តកណ្តាល និង​ខេត្ត​ព្រះសីហនុ​ផងដែរ​។

លោកស្រី ឱ វណ្ណឌីន អ្នកនាំពាក្យ​ក្រសួង សុខាភិបាល និង​ជា​ប្រធាន​គណៈកម្មការ​ចំពោះ​កិច្ចចាក់​វ៉ាក់សាំង​កូវីដ​ ១៩ ​ក្នុង​ក្របខ័ណ្ឌ​ទូទាំងប្រទេស (​គ.វ.ក-១៩) បានឱ្យដឹង​តាមរយៈ​សេចក្តី​ជូន​ព័ត៌មាន​នៅ​ថ្ងៃទី​ ៣១ ខែសីហា ថា គ.វ.ក-១៩ នឹង​ផ្តល់​ការចាក់​វ៉ាក់សាំង​ដូស​ជំរុញ ដោយ​ប្រើ​វ៉ាក់សាំង​អាស្ត្រាហ្សេនីកា ជូន​ដល់​ថ្នាក់ដឹកនាំ​មន្ត្រីរាជការ មន្ត្រី​អង្គការសហប្រជាជាតិ មន្ត្រី និង​បុគ្គលិក​ស្ថានទូត​នានា មន្ត្រី និង​បុគ្គលិក​អង្គការ​ជាតិ និង​អន្តរជាតិ​។

លោកស្រី​បន្ថែមថា​៖ «​ការចាក់​នេះ​ក៏​ផ្តល់ជូន​ប្រជាពលរដ្ឋ​រួមទាំង​ជន​វ័យចាស់​ដែល​បាន​ចាក់​វ៉ាក់សាំង​កូវីសែល (Covishield) ​ដូស​ទី​១ និង​ដូស​ទី​២ ​រួចរាល់ ព្រមទាំង​ស្វាមី ឬ​ភរិយា​របស់​ពួកគាត់ ដែល​បាន​ចាក់​រួចរាល់​ដូចគ្នា​ផងដែរ ដែល​ដំណើរ​ការចាក់​នេះ​នឹង​ចាប់ផ្តើម​ពីថ្ងៃ​ទី​ ៦ ខែកញ្ញា​នេះ​»​។

ក្រសួង​សុខាភិបាល​ប្រកាសថា ចំពោះ​ថ្នាក់ដឹកនាំ​រាជរដ្ឋាភិបាល ថ្នាក់ដឹកនាំ​ព្រឹទ្ធសភា និង​សមាជិក​ព្រឹទ្ធសភា ថ្នាក់ដឹកនាំ​រដ្ឋសភា និង​សមាជិក​រដ្ឋសភា និង​ឥស្សរជន​ដែលមាន​តួនាទី​ជា​ឧបនាយក​រដ្ឋមន្ត្រី ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រី រដ្ឋលេខាធិការ ឬ​មាន​ឋានៈ​ស្មើ ព្រមទាំង​ស្វាមី ឬ​ភរិយា​របស់​ពួកគាត់ ត្រូវ​ទៅ​ចាក់​វ៉ាក់សាំង​អាស្ត្រាហ្សេនីកា​ដូស​ជំរុញ នៅ​មន្ទីរពេទ្យ​កាល់ម៉ែត​។

សម្រាប់​ឥស្សរជន​ដែលជា​អនុរដ្ឋលេខាធិការ អគ្គនាយក អគ្គនាយករង ឬ​មាន​ឋានៈស្មើ​ព្រមទាំង​ស្វាមី ឬ​ភរិយា​របស់​ពួកគាត់ ត្រូវ​ទៅ​ចាក់​វ៉ាក់សាំង​ដូស​ជំរុញ​នៅ​មន្ទីរពេទ្យ​ព្រះអង្គឌួង​។ ចំណែក​មន្ទីរពេទ្យ​កុមារជាតិ​ជា​ទីតាំង​ចាក់​វ៉ាក់សាំង​កូវីដ​ ១៩ ដូស​ជំរុញ សម្រាប់​មន្ត្រីរាជការ​ចាប់ពី​ថ្នាក់​ប្រធាន​នាយកដ្ឋាន​ចុះ និង​មន្ត្រី​ជាប់កិច្ចសន្យា​ថ្នាក់ជាតិ​។ រីឯ​មជ្ឈមណ្ឌល​ជាតិ​គាំពារ​មាតា និង​ទារក ជា​ទីតាំង​ចាក់​វ៉ាក់សាំង​ដូស​ជំរុញ​ទៅដល់​មន្ត្រីរាជការ ចាប់ពី​ថ្នាក់​ប្រធាន​នាយកដ្ឋាន​ចុះ​មន្ត្រី​ជាប់កិច្ចសន្យា​ថ្នាក់ជាតិ ព្រមទាំង​ស្វាមី​ ឬ​ភរិយា​របស់​ពួកគាត់​។

សម្រាប់​មន្ត្រីរាជការ​ចាប់ពី​ថ្នាក់​ប្រធាន​នាយកដ្ឋាន​ចុះ និង​មន្ត្រី​ជាប់កិច្ចសន្យា​ថ្នាក់ជាតិ ព្រមទាំង​ស្វាមី​ ឬ​ភរិយា​របស់​ពួកគាត់​ត្រូវ​ទៅ​ចាក់​វ៉ាក់សាំង​ដូស​ជំរុញ​នៅ​មន្ទីរពេទ្យ​មិត្តភាព​ខ្មែរ-សូវៀត​។ ចំពោះ​មន្ត្រី​អង្គការ​សហប្រជាជាតិ មន្ត្រី បុគ្គលិក​ស្ថានទូត ស្ថាន​កុងស៊ុល ស្ថាប័នហិរញ្ញវត្ថុ​អន្តរជាតិ​នានា មន្ត្រី និង​បុគ្គលិក​អង្គការ​ជាតិ អន្តរជាតិ និង​ដៃគូ​ផ្សេងៗ​ទៀត ព្រមទាំង​ស្វាមី​ ឬ​ភរិយា​របស់​ពួកគាត់​អាច​ទៅ​ចាក់​វ៉ាក់សាំង​ដូស​ជំរុញ​នេះ​នៅ​មន្ទីរពេទ្យ​កាល់ម៉ែត ចាប់ពី​ថ្ងៃទី​ ២៩ ខែកញ្ញា ដល់​ថ្ងៃទី​ ២ ខែតុលា​។

ទន្ទឹមនឹង​នេះដែរ ក្រសួង​សុខាភិបាល​ក៏បាន​អនុញ្ញាត​ឱ្យមាន​ការរៀបចំ​ចាក់​វ៉ាក់សាំង​អាស្ត្រាហ្សេនីកា​ដូស​ជំរុញ​នេះ​ដល់​មន្ត្រីរាជការ និង​ប្រជាពលរដ្ឋ​ក្រោម​ឱវាទ​រដ្ឋបាល​រាជធានី​ភ្នំពេញ ខេត្តកណ្តាល និង​ខេត្ត​ព្រះសីហនុ​ផងដែរ​។

លោកស្រី ឱ វណ្ណឌីន បញ្ជាក់ថា រដ្ឋបាល​រាជធានី​ភ្នំពេញ​នឹង​រៀបចំ​ចាក់​វ៉ាក់សាំង​ដូស​ជំរុញ​ទៅដល់​មន្ត្រីរាជការ មន្ត្រី​ជាប់កិច្ចសន្យា​ក្រោម​ឱវាទ រដ្ឋបាល​រាជធានី​ភ្នំពេញ និង​ប្រជាពលរដ្ឋ​ទូទៅ ដែល​បាន​ចាក់​វ៉ាក់សាំង​កូវីសែល ដូស​ទី​១ និង​ដូស​ទី​២ ​រួចរាល់ ព្រមទាំង​ស្វាមី ឬ​ភរិយា​របស់​ពួកគាត់ ដែល​រដ្ឋបាល​រាជធានី​ភ្នំពេញ​នឹង​ចេញ​សេចក្តី​ជូន​ព័ត៌មាន​ពី​ទីតាំង​នៃ​ការចាក់​វ៉ាក់សាំង​នេះ​ដែល​នឹង​ចាប់ផ្តើម​ចាក់​ចាប់ពី​ថ្ងៃទី​ ៦ ខែកញ្ញា រហូតដល់​ថ្ងៃទី​ ២៨ ខែកញ្ញា​។

ចំណែក​ខេត្តកណ្តាល និង​ខេត្ត​ព្រះសីហនុ​វិញ រដ្ឋបាលខេត្ត​ទាំង​ ២ នឹង​ចេញ​សេចក្តី​ជូន​ព័ត៌មាន​ពី​ទីតាំង​នៃ​ការចាក់​វ៉ាក់សាំង​ដូស​ជំរុញ​នេះ​សម្រាប់​មន្ត្រីរាជការ មន្ត្រី​ជាប់កិច្ចសន្យា និង​ប្រជាពលរដ្ឋ​ទូទៅ ដែល​នឹង​ចាប់ផ្តើម​ចាក់​ចាប់ពី​ថ្ងៃទី​ ៦ ​ខែកញ្ញា រហូតដល់​ថ្ងៃទី​ ២៨ ខែកញ្ញា​។

លោកស្រី​ ឱ វណ្ណឌីន ក៏បាន​បញ្ជាក់​ផងដែរ​ថា អ្នក​ដែល​អាច​ចាក់​វ៉ាក់សាំង​​ដូស​ជំរុញ​ដោយ​ប្រើប្រាស់​វ៉ាក់សាំង​អាស្ត្រាហ្សេនីកា​អំឡុង​ពេលនេះ ត្រូវគោរព​ទៅតាម​លក្ខខណ្ឌ​មួយចំនួន​ដែល​ក្រសួង​បានកំណត់​។

លោកស្រី​បញ្ជាក់ថា​៖ «​អ្នក​ដែល​អាច​​ចាក់​ដូស​ជំរុញ​នេះ​បាន គឺ​អ្នក​ដែល​បាន​ចាក់​វ៉ាក់សាំង​កូវីសែល ដូស​ទី​១ និង​ដូស​ទី​២ ​រួចរាល់ ដែលមាន​គម្លាត​ចាប់ពី​ ៤ ទៅ​ ៦ ​ខែ​ឡើង និង​ជា​ស្វាមី ឬ​ភរិយា​នៃ​អ្នក​ដែល​បាន​ចាក់​វ៉ាក់សាំង​កូវីសែល​ខាងលើ​នេះ និង​មាន​រយៈពេល​គម្លាត​ដូចគ្នា បន្ទាប់ពី​បាន​ចាក់​វ៉ាក់សាំង​ដូស​មូលដ្ឋាន​»​។

ឯកសារ​ដែល​អ្នក​ចាក់​ដូស​ជំរុញ​ត្រូវ​ភ្ជាប់​ជាមួយ​នៅពេល​ទៅ​ចាក់​មាន បណ្ណ​ចាក់​វ៉ាក់សាំង​កូវីដ​ ១៩ បណ្ណ​សម្គាល់​ខ្លួន​មន្ត្រីរាជការ​ ឬ​បណ្ណ​សម្គាល់​មន្ត្រី​ជាប់​កិច្ចសន្យា (​ចំពោះ​មន្ត្រីរាជការ​ថ្នាក់ជាតិ​) អត្តសញ្ញាណប័ណ្ណ​សញ្ជាតិ​ខ្មែរ​ ឬ​ឯកសារ​ដែល​ប្រើប្រាស់​ក្នុង​ការចុះឈ្មោះ​កាលពី​ចាក់​វ៉ាក់សាំង​ដូស​ទី​១ សៀវភៅ​គ្រួសារ ឬ​សៀវភៅ​ស្នាក់នៅ ឬ​សំបុត្រ​អាពាហ៍ពិពាហ៍ ដែល​បញ្ជាក់ថា ជា​ស្វាមី ឬ​ភរិយា នៃ​អ្នក​ដែល​បាន​ចាក់​វ៉ាក់សាំង​កូវីសែល​រួច​។

គួរ​រំឭក​ផងដែរ​ថា លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន បានសម្រេច​អនុវត្ត​នូវ​គោលនយោបាយ​ចាក់​វ៉ាក់សាំង​កូវីដ​ ១៩ ដូស​ជំរុញ​ដល់​ប្រជាជន​ទូទៅ​ដែលមាន​អាយុ​ពី​ ១២ ឆ្នាំ​ឡើង​ចាប់ផ្តើម​ពី​ខែសីហា ឆ្នាំ​ ២០២១ រហូតដល់​អំឡុង​ពាក់កណ្តាល​ឆ្នាំ​ ២០២២​។

ការចាក់​ដូស​ជំរុញ​នេះ​ គឺ​នៅតែ​បន្ត​អនុវត្តតាម​គោលការណ៍​ស្ម័គ្រចិត្ត គោលការណ៍​ឥតគិតថ្លៃ ការធ្វើ​អាទិភាវូបនីយកម្ម​នៃ​ការចាក់​វ៉ាក់សាំង​កូវីដ​ ១៩ ដូស​ជំរុញ​ទៅលើ​ក្រុមមនុស្ស និង​តាម​ទីតាំង​ភូមិសាស្ត្រ ការធានា​ប្រសិទ្ធភាព និង​សុវត្ថិភាព​នៃ​ការចាក់​វ៉ាក់សាំង​ដូស​ជំរុញ និង​យន្តការ​អនុវត្ត​គោលនយោបាយ​៕

វីដេអូ៖