ភ្នំពេញៈ សិក្ខាកាមទាហានមួកខៀវនៃមជ្ឈមណ្ឌលជាតិរក្សាសន្តិភាពចំនួន ៣៧ នាក់ កំពុងហ្វឹកហាត់លើជំនាញជួយសង្គ្រោះជនរងគ្រោះក្នុងហេតុការណ៍គ្រោះមហន្តរាយទឹកជំនន់ពីធម្មជាតិ នៅបញ្ជាការដ្ឋានកងទ័ពជើងទឹក ដើម្បីត្រៀមខ្លួនចេញទៅបំពេញបេសកកម្មអង្គការសហប្រជាជាតិ នៅសាធារណរដ្ឋអាហ្វ្រិកកណ្តាលក្នុងឆ្នាំ ២០២២។ នេះបើតាមមន្ត្រីជាន់ខ្ពស់។
ក្នុងដំណើរចុះពិនិត្យការហ្វឹកហាត់របស់សិក្ខាកាមនៅព្រឹកថ្ងៃទី ១ ខែកញ្ញា លោក សែម សុវណ្ណនី អនុប្រធានគណៈកម្មាធិការជាតិ និងជាអគ្គនាយកមជ្ឈមណ្ឌលជាតិរក្សាសន្តិភាពបានថ្លែងថា សិក្ខាកាមទាហានមួកខៀវទាំង ៣៧ រូប បានធ្វើលំហាត់ហ្វឹកហ្វឺនលើមុខជំនាញសង្គ្រោះនេះ រយៈពេល ១ ខែ ដោយបានចាប់ផ្ដើមកាលពីថ្ងៃទី ១៨ ខែសីហា ឆ្នាំ ២០២១។
ក្រោយបញ្ចប់វគ្គហ្វឹកហ្វឺននេះ សិក្ខាកាមទាំងអស់នឹងត្រូវបន្តហ្វឹកហាត់បន្ថែមទៀតលើប្រព័ន្ធបញ្ជាកាណូត រុញពោងស្ពានដែកចល័ត (PMP) ជាសាឡង់ ជាស្ពានពោងបណ្តែតទឹក និងរថយន្តស្ពានដែកចល័ត (TMM)។
លោកបានបញ្ជាក់ថា៖ «ការហ្វឹកហ្វឺនលើមុខជំនាញដ៏ចាំបាច់ទាំងនេះ គឺសម្រាប់យកទៅអនុវត្តក្នុងបេសកកម្មអង្គការសហប្រជាជាតិនៅសាធារណរដ្ឋអាហ្វ្រិកកណ្តាលក្នុងឆ្នាំ ២០២២ ខាងមុខនេះ»។
បើតាមប្រសាសន៍របស់លោក សែម សុវណ្ណនី ដើម្បីធានាការឆ្លងរីករាលដាលនៃជំងឺកូវីដ ១៩ សិក្ខាកាម និងគ្រូបង្វឹកទាំងអស់ត្រូវបានតម្រូវឱ្យយកសំណាកទៅធ្វើតេស្តរកមេរោគកូវីដ ១៩ មុនអនុញ្ញាតឱ្យចូលហ្វឹកហាត់ និងបង្ហាត់។ ទន្ទឹមនឹងនេះ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ក៏បានផ្តល់ឱ្យអូប័រមួយចំនួនសម្រាប់ធ្វើការហ្វឹកហាត់ជំនាញនេះផងដែរ។
ទោះជាយ៉ាងណា មកទល់ពេលនេះ មជ្ឈមណ្ឌលនៅពុំទាន់ទទួលបានសេចក្ដីជូនដំណឹងពីអង្គការសហប្រជាជាតិជុំវិញសំណើសុំការប្ដូរវេននៃកងកម្លាំងមួកខៀវកម្ពុជា សម្រាប់បេសកកម្មក្នុងប្រទេសអាហ្វ្រិកកណ្ដាលនោះនៅឡើយទេ។ នេះបើតាមមន្ត្រីទទួលបន្ទុកការងារបញ្ជូនកងកម្លាំងមួកខៀវកម្ពុជាទៅ បំពេញ បេសកកម្មនៅក្រៅប្រទេស ក្រោមឆត្ររបស់អង្គការសហប្រជាជាតិ ដែលស្នើសុំមិនបញ្ចេញឈ្មោះ។
ប្រភពដដែលនោះបានប្រាប់ភ្នំពេញប៉ុស្តិ៍ថា៖ «ជាទូទៅកងកម្លាំងមួកខៀវកម្ពុជា តែងតែហ្វឹកហាត់លើគ្រប់វិញ្ញាសាទាំងអស់ ដែលបានតម្រូវដោយជំនាញការបច្ចេកទេសរបស់អង្គការសហប្រជាជាតិ ទទួលបន្ទុកបេសកកម្មរក្សាសន្តិភាព មុនពេលត្រូវបានបញ្ជូនទៅបំពេញបេសកកម្មការងារតាមការស្នើសុំរបស់អង្គការសហប្រជាជាតិ»។
បើតាមការអះអាងពីប្រភពដដែលនោះ នៅពេលនេះ គ្រប់កងកម្លាំងទាំងអស់ នៃមជ្ឈមណ្ឌលជាតិរក្សាសន្តិភាព គឺសុទ្ធតែមានសមត្ថភាពពេញលេញ ក្នុងការបំពេញការងារបេសកកម្មរបស់ខ្លួនទៅតាមមុខជំនាញឯកទេសរៀងៗខ្លួន ស្របតាមតម្រូវការជាក់ស្ដែងរបស់ក្រុមជំនាញការបេសកកម្មអង្គការសហប្រជាជាតិ។
ជាមួយគ្នានេះដែរ មជ្ឈមណ្ឌលជាតិរក្សាសន្តិភាពក៏កំពុងរង់ចាំការផ្ដល់ដំណឹងអំពីកាលបរិច្ចេទ និងមធ្យោបាយដឹកជញ្ជូនជាក់លាក់ពីថ្នាក់ដឹកនាំបេសកកម្មរក្សាសន្តិភាពរបស់អង្គការសហប្រជាជាតិតែប៉ុណ្ណោះ៕