ព្រះវិហារៈ និស្សិតប្រមាណ ៥០ នាក់មានគម្រោងនឹងចូលរួមសកម្មភាព ដាំកូនឈើចំនួន ៤ ពាន់ដើម នៅថ្ងៃទី ៥ ខែកញ្ញា នៅឧទ្យានរាជបណ្ឌិត្យសភាកម្ពុជាតេជោសែនឫស្សីត្រឹប ស្ថិតក្នុងឃុំឆែប ១ ស្រុកឆែប ខេត្តព្រះវិហារ ស្ថិតក្នុងតំបន់ចម្ការឈើតេជោសែន ក្រោយពីមានការលួចដុតបំផ្លាញកាលពីរដូវប្រាំងកន្លងមកនេះ។
លោក សូត្រ សំណាង ប្រធានឧទ្យានរាជបណ្ឌិត្យសភាកម្ពុជាតេជោសែនឫស្សីត្រឹបថ្លែងប្រាប់ ភ្នំពេញ ប៉ុស្ដិ៍ នៅថ្ងៃទី ១ ខែកញ្ញានេះថា ពិធីដាំកូនឈើនោះ បេក្ខជនបណ្ឌិត និងនិស្សិតនៃរាជបណ្ឌិត្យសភាកម្ពុជា និងមន្ដ្រីនៃរដ្ឋបាលខេត្ដកំពង់ស្ពឺប្រមាណ ៥០ នាក់នឹងចូលរួមដាំលើផ្ទៃដីជាង ១ ហិកតា។ ដោយហេតុ កាលពីរដូវប្រាំងនាឆ្នាំនេះ ជនខិលខូចបានលួចដុតព្រៃក្នុងឧទ្យានរាជបណ្ឌិត្យសភាកម្ពុជាតេជោសែនឫស្សីត្រឹបឆេះរាលដាលអស់ព្រៃឈើប្រមាណ ៧ ម៉ឺនដើមលើផ្ទៃដីប្រមាណ ២៥០ ហិកតា ក្នុងនោះឆេះព្រៃឈើត្រង់ចំណុចចម្ការឈើតេជោសែនអស់ ៦ ហិកតាផងដែរ។
លោកបញ្ជាក់ថា៖ «ដើមឈើនោះឆេះមែន ប៉ុន្ដែត្រង់ចំណុចចម្ការតេជោសែន ដែលបានដាំកូនឈើធ្នង់ គឺវាមានការដុះលាស់ឡើងវិញ វាត្រូវគេដុត ៣ ដងហើយ ប៉ុន្ដែនៅអាចលូតលាស់ឡើងវិញបានទៀត ដូច្នេះកូនឈើធ្នង់ដែលយើងយកទៅដាំ គឺសុទ្ធតែកូនឈើធ្នង់ដែលវាមានភាពធន់ខ្លាំង»។
លោក សំណាង ថ្លែងថា ចម្ការឈើតេជោសែននេះ ពេលដែលចាប់ផ្ដើមធ្វើការងារអភិរក្សដំបូង គឺនាយករដ្ឋមន្ដ្រី ហ៊ុន សែន បានទៅដាំដោយផ្ទាល់កាលពីថ្ងៃទី ១៨ ខែឧសភា ឆ្នាំ ២០១៨ ប៉ុន្ដែចម្ការឈើនេះ វាត្រូវបានភ្លើងឆេះជាច្រើនលើក។
លោកបានថ្លែងថា៖ «យើងត្រូវដាំបំពេញបន្ថែមនៅចំណុចនេះ។ តាមចំនួនឈើ ៤ ពាន់ដើមនេះ យើងអាចដាំបានលើផ្ទៃដីជាង ១ ហិកតា»។
លោក សុខ ទូច ប្រធានរាជបណ្ឌិត្យសភាកម្ពុជា និងលោក វ៉ី សំណាង បេក្ខជនបណ្ឌិតនៃរាជបណ្ឌិត្យសភាកម្ពុជាដែលជាអភិបាលខេត្តកំពង់ស្ពឺនឹងចូលរួមពិធីដាំកូនធ្នង់ចំនួន ៤ ពាន់ដើមនៅឧទ្យានរាជបណ្ឌិត្យសភាកម្ពុជាតេជោសែនឫស្សីត្រឹបនេះ។ ក្នុងចំណោមកូនឈើចំនួន ៤ ពាន់ដើមនេះ គឺលោក វ៉ី សំណាង ឧបត្ថម្ភកូនធ្នង់ចំនួន ៣ ពាន់ដើម និងក្របីពូជចំនួន ២ ក្បាល និងលោក ជាម ប៉េអា បេក្ខជនបណ្ឌិតនៃរាជបណ្ឌិត្យសភាកម្ពុជា ឧបត្ថម្ភកូនធ្នង់ចំនួន ១ ពាន់ដើម។
លោក វ៉ី សំណាង ថ្លែងថា៖ «ការដាំកូនឈើនេះ គឺជាការបង្កើននូវគម្របព្រៃឈើឡើងវិញ។ ទោះបីជានៅមានអ្នកលួចកាប់ឈើក៏ដោយ ក៏ប៉ុន្ដែបើសិនជាយើងគិតថា មានអ្នកលួចកាប់ឈើ យើងមិននាំគ្នាដាំដើមឈើឡើងវិញទេ យូរៗទៅព្រៃឈើយើងនឹងបាត់បង់ទៅអស់រលីងតែម្ដង ដោយសារតែមានគំនិតអាត្មានិយមបែបនេះ។ នៅពេលយើងនាំគ្នាដាំដើមឈើ ខ្ញុំជឿថា វាជាសារមួយពញ្ញាក់អារម្មណ៍ដល់អ្នកប្រព្រឹត្តកំហុស កាប់ដើមឈើ ហើយយូរៗទៅអ្នកដែលកាប់ឈើនោះនឹងភ្ញាក់ខ្លួនដឹងកំហុស ដោយសារតែឃើញយើងនាំគ្នាដាំដើមឈើ រួមនឹងការអនុវត្ដច្បាប់របស់រាជរដ្ឋាភិបាល។ ព្រោះភាពទុច្ចរិតនេះនឹងធ្វើឱ្យជនទុច្ចរិតប្រឈមមុខចំពោះច្បាប់នាពេលខាងមុខទៀត»៕
វីដេអូ៖