បន្ទាយមានជ័យ/បាត់ដំបងៈ ភ្លៀងជាប់ៗគ្នារយៈពេល ២ ថ្ងៃ កន្លងមកនេះ និងទឹកដែលបើកបង្ហូរមកពីប្រទេសថៃ បានធ្វើឱ្យមានការជន់លិចផ្ទះប្រជាពលរដ្ឋជិត ២០០ខ្នង នៅឃុំមួយចំនួន ក្នុងស្រុកម៉ាឡៃ ខេត្តបន្ទាយមានជ័យ និងស្រុកភ្នំព្រឹក ខេត្តបាត់ដំបង កាលពីថ្ងៃទី ១ និងទី ២ កញ្ញា។
លោក ស្វាយ ជា អភិបាលស្រុកម៉ាឡៃ បានប្រាប់ ភ្នំពេញ ប៉ុស្តិ៍ នៅថ្ងៃទី ២ កញ្ញាថា មកទល់ពេលនេះ លំនៅឋានប្រជាពលរដ្ឋចំនួនជាង ១០០ ខ្នង បានរងការជន់លិច ដោយជំនន់ទឹកភ្លៀង និង ទឹកដែលហូរធ្លាក់ពីប្រទេសថៃ ។ ក្នុងនោះឃុំបឹងបេង រងការជន់លិចចំនួន ៥០ ខ្នងផ្ទះ និងឃុំម៉ាឡៃ រងការជន់លិច ៦០ ខ្នងផ្ទះ។
លោកបានបញ្ជាក់ថា៖ «ភ្លៀងធ្លាក់មិនជាខ្លាំងប៉ុន្មានទេ តែភាគីថៃបានបើកទ្វារទឹកឲ្យហូរចាក់មកយើង ព្រោះខ្លាចបាក់ទំនប់ស្ទាក់ទឹករបស់ពួកគេ ទើបបណ្ដាលឲ្យជន់លិចផ្ទះប្រជាពលរដ្ឋយើងមួយចំនួន ក្នុងឃុំទាំង ២ ខាងលើនេះ»។
បើតាម លោក ស្វាយ ជា នៅពេលនេះ ក្រុមការងាររបស់រដ្ឋបាលស្រុកម៉ាឡៃកំពុងបន្ត ជួយអន្តរាគមន៍ជម្លៀសបងប្អូនប្រជាពលរដ្ឋ ក្នុងតំបន់រងគ្រោះទាំងនោះ មកកាន់ទីទួលសុវត្ថិភាព និងផ្ដល់ជំនួយសង្គ្រោះបឋម ដើម្បីសម្រួលដល់ជីវភាពរស់នៅប្រចាំថ្ងៃរបស់ពួកគេ។
ជាមួយគ្នានេះ លោកស្វាយ ជា ក៏បានស្ដីបន្ទោសទៅភាគីថៃផងដែរថា ម្ដងហើយម្ដងទៀត មិនបានអនុវត្តតាមស្មារតីនៃកិច្ចព្រមព្រៀង MOU ដែលត្រូវផ្ដល់ព័ត៌មានជាមុន អំពីការបើកបង្ហូរទ្វារទឹក ដើម្បីឲ្យកម្ពុជា មានការត្រៀមបម្រុងទុកជាមុននោះទេ។
លោកបានអំពាវនាវជាថ្មីដល់ភាគីថៃថា សូមឲ្យផ្ដល់ព័ត៌មានមកកម្ពុជា មុនពេលដែលពួកគេ សម្រេចបើកបង្ហូរទឹកពីទំនប់ស្ទាក់ទឹកពួកគេ ឲ្យហូរចាក់មកកម្ពុជា។ នៅរសៀលថ្ងៃព្រហស្បតិ៍ទី២ កញ្ញា ផ្ទៃមេឃនៅតែបន្តមានសភាពអួរអាប់នៅឡើយ។
ពាក់ព័ន្ធនឹងជំនន់ទឹកភ្លៀងនេះផងដែរ លោក សុង សុភ័ក្រ អភិបាលស្រុកភ្នំព្រឹក ខេត្តបាត់ដំបង បានប្រាប់ ភ្នំពេញ ប៉ុស្តិ៍ថា នៅពេលនេះ ឃុំចំនួន ៣ ក្នុងស្រុកភ្នំព្រឹក កំពុងរងការជន់លិចជាបណ្ដើរ ដោយជំនន់ទឹកភ្លៀង ក្នុងនោះរួមមានឃុំបារាំងធ្លាក់ ឃុំភ្នំព្រឹក និងឃុំបួរ។
លោក សុភ័ក្រ បានឲ្យដឹងទៀតថា នៅពេលនេះ ផ្ទះប្រជាពលរដ្ឋមួយចំនួន ក្នុងឃុំបួរ ដែលស្ថិតនៅផ្នែកខាងក្រោមជាប់មាត់អូរ កំពុងរងការជន់លិចជាបណ្ដើរៗហើយ ខណៈភ្លៀងនៅតែបន្តធ្លាក់ក្នុងកម្រិតពីមធ្យមទៅបង្កួរ។
លោកបានបញ្ជាក់ថា៖ «ភ្លៀងបានធ្លាក់ខ្លាំងជាប់ៗគ្នា រយៈ ២ ថ្ងៃមកហើយ ដែលមកទល់ពេលនេះ លំនៅឋានពលរដ្ឋប្រមាណ ៦០ ខ្នងផ្ទះ ក្នុងឃុំចំនួន ៣ ខាងលើ បានជន់លិចដល់ក្រោមផ្ទះ ត្រឹមជង្គង់ទៅហើយ។ នៅពេលនេះយើងកំពុងព្រួយបារម្ភ ប្រសិនបើភ្លៀងនៅតែបន្តធ្លាក់ ដូចការព្យាករណ៍របស់ក្រសួងធនធានទឹក និងឧតុនិយមមែននោះ»។
យោងតាមការព្យាករណ៍អាកាសធាតុ របស់ក្រសួងធនធានទឹក និងឧតុនិយមនាពេលថ្មីៗនេះ ភ្លៀងនឹងបន្តធ្លាក់រាយប៉ាយ ក្នុងក្របខណ្ឌទូទាំងប្រទេស ក្នុងកម្រិតពីច្រើនទៅបង្គួរ ហើយអាចនឹងបង្កឲ្យកើតមានជាជំនន់ទឹកភ្លៀង នៅក្នុងតំបន់ទីទំនាបនៃបណ្ដាខេត្តមួយចំនួន ពិសេសខេត្តដែលស្ថិតក្នុងតំបន់វាលទំនាបកណ្ដាល និងតំបន់ផ្ទៃរងទឹកភ្លៀង ដែលស្ថិតនៅជាប់ជួរភ្នំដងរែក និងខ្ពង់រាបភាគឦសាន្តនៃប្រទេសកម្ពុជា។
ជុំវិញករណីនេះផងដែរ អ្នកនាំពាក្យគណៈកម្មមាធិកាជាតិគ្រប់គ្រងគ្រោះមហន្តរាយ លោក ឃុន សុខា បានប្រាប់ ភ្នំពេញ ប៉ុស្តិ៍ថា នៅពេលនេះ គណៈកម្មការរាជធានី ខេត្ត គ្រប់គ្រងគ្រោះមហន្តរាយ បានត្រៀមកម្លាំងនិងមធ្យោបាយ ព្រមទាំង គ្រឿងសម្ភារៈបរិកា្ខ សម្រាប់អន្តរាគមន៍ជួយសង្គ្រោះពលរដ្ឋក្នុងតំបន់ងាយរងគ្រោះដោយទឹកជំនន់ រួចជាស្រេចហើយ។
លោកបានថ្លែងថា៖ «បច្ចុប្បន្នក្រុមការងារ គណៈកម្មការគ្រប់គ្រងគ្រោះមហន្តរាយរាជធានីខេត្តរបស់យើងបានត្រៀមគ្រប់មធ្យោបាយ កងកម្លាំង និងសម្ភារៈបរិក្ខារ សម្រាប់ការជួយអន្តរាគមន៍លើបញ្ហានេះហើយ»៕