ភ្នំពេញៈ ក្រុមនិគមជនវៀតណាម ដែលរស់នៅលើផ្ទះបណ្ដែតទឹក និងបែចិញ្ចឹមត្រី ដែលបានចល័តចេញពីរាជធានីភ្នំពេញ ទៅកាន់តំបន់ខ្សែទឹកខាងក្រោមជាប់ព្រំប្រទល់ប្រទេសវៀតណាមនោះបាននាំគ្នារុះរើបែចិញ្ចឹមត្រីរបស់ពួកគេ ហើយមករស់នៅលើដីគោកជាបណ្ដោះអាសន្នក្នុងតំបន់ក្អមសំណក្នុងភូមិសាស្ត្រស្រុកលើកដែក ខេត្តកណ្ដាល និង ស្រុកពាមជរ ខេត្តព្រៃវែង ដើម្បីរង់ចាំវិលត្រឡប់ចូលទៅក្នុងប្រទេសវៀតណាមវិញ។ នេះបើតាមការអះអាងរបស់អាជ្ញាធរមូលដ្ឋាន។
លោក ចាប ច័ន្ទវិទ្យា អភិបាលស្រុកលើកដែកបានប្រាប់ ភ្នំពេញ ប៉ុស្តិ៍ នៅថ្ងៃទី ១ ខែកញ្ញានេះថា៖ «មកដល់ពេលនេះ មាននៅសល់បែត្រីប្រមាណ ៦០ ទៀតប៉ុណ្ណោះ ដែលមិនទាន់រុះរើដោយសារតែត្រីដែលពួកគេបានចិញ្ចឹមនោះ នៅមិនទាន់ដល់ពេលត្រូវប្រមូលផល ឬ លក់ចេញនៅឡើយ»។
លោក ច័ន្ទវិទ្យា ថ្លែងថា ប្រភេទត្រីដែលពួកគេបានចិញ្ចឹមនោះជាត្រីឆ្ដោ និងត្រីប្រា ដែលអាចប្រមូលផលបាននៅក្នុងខែតុលា និងវិច្ឆិកា។
លោក សេង ធា អភិបាលស្រុកពាមជរ បានប្រាប់ភ្នំពេញ-ប៉ុស្តិ៍ថា បែចិញ្ចឹមត្រីចំនួន ២៤ និងទូកតូចៗចំនួន ៦៦ ដែលមានចំនួនមនុស្សប្រមាណ ២០០ នាក់ ដែលបានចល័តចេញមកពីរាជធានីភ្នំពេញនោះ ហើយបានស្នាក់នៅលើផ្ទៃទឹកជាប់ច្រកព្រំដែនអន្តរជាតិកោះរកា នាពេលកន្លងមកនោះត្រូវបានរុញច្រានឱ្យទៅកាន់តំបន់ក្អមសំណក្នុងភូមិសាស្ត្រស្រុកលើកដែក ខេត្តកណ្ដាល។
លោកបានបញ្ជាក់ថា៖ «ដោយសារបារម្ភពីការឆ្លងរីករាលដាលនៃជំងឺកូវីដ ១៩ ផង និងដើម្បីរក្សាសុវត្ថិភាព សន្តិសុខជូនប្រជាពលរដ្ឋក្នុងមូលដ្ឋាន អាជ្ញាធរមូលដ្ឋានយើងខ្ញុំ មិនអនុញ្ញាតឱ្យពួកគេចូលចត ឬឡើងគោកនោះទេ»។
យោងតាមរបាយការណ៍របស់អាជ្ញាធរស្រុកលើកដែកខេត្តកណ្ដាល និង អាជ្ញាធរស្រុកពាមជរ ខេត្តព្រៃវែង កាលពីថ្ងៃទី ២៣ ខែ មិថុនា ឆ្នាំ ២០២១ បានបង្ហាញថា អ្នករស់នៅលើទូក ផ្ទះបណ្ដែតទឹក និងបែចិញ្ចឹមត្រី ដែលបានចល័តចេញពីផ្ទៃទន្លេនៃភូមិសាស្ត្ររាជធានីភ្នំពេញ ក្នុងគោលបំណងត្រឡប់ចូលទៅក្នុងប្រទេសវៀតណាមវិញនោះ មានសរុបជាង ១ ពាន់នាក់ហើយពួកគេត្រូវបានរារាំងដោយអាជ្ញាធរវៀតណាម ដោយសារតែវិបត្តិនៃជំងឺកូវីដ ១៩។
លោក ហាំ ធូ អធិការស្រុកលើកដែកបានប្រាប់ភ្នំពេញ-ប៉ុស្តិ៍ថា ផ្ទះបណ្ដែតទឹក និងបែត្រី សរុបចំនួន ១០០ និងមនុស្សប្រមាណ ១ ពាន់នាក់បានចតជាបណ្ដោះអាសន្ននៅលើផ្ទៃទន្លេនៃព្រំដែនទឹកកម្ពុជា ជាប់ច្រកព្រំដែនអន្តរជាតិក្អមសំណ បន្ទាប់ពីអាជ្ញាធរវៀតណាមបានយកសាឡង់ដឹកខ្សាច់ និងនាវាល្បាតដាក់បិទខ្ទប់ផ្លូវនាវាចរណ៍ក្នុងប្រទេសវៀតណាម ដើម្បីរារាំងពួកគេមិនឱ្យឆ្លងចូលទៅក្នុងប្រទេសវៀតណាមវិញ។
លោកបានបញ្ជាក់ថា៖ «តាមរយៈការសម្របសម្រួលរបស់នគរបាលអន្តោប្រវេសន៍ក្នុងតំបន់នោះ ពួកគេត្រូវបានឱ្យស្នាក់នៅបណ្ដោះអាសន្ន ដើម្បីរង់ចាំការសម្រេចរបស់អាជ្ញាធរវៀតណាមក្នុងការបើកផ្លូវទឹកឱ្យពួកគេត្រឡប់ចូលវៀតណាមវិញ»។
យ៉ាងណាក៏ដោយរហូតមកទល់ពេលនេះ អាជ្ញាធរព្រំដែនប្រទេសវៀតណាមនៅមិនទាន់បើកចំហព្រំដែនគោក និងទឹកនៅឡើយទេ ដោយសារបញ្ហាកូវីដ ១៩ បំប្លែងថ្មី មានការឆ្លងរីករាលដាលខ្លាំងពេក។
លោក ហាំ ធូ បាន ថ្លែងថា៖ «ថ្វីបើយ៉ាងដូច្នេះក្ដី មកទល់ពេលនេះ ប្រជានិគមជនជាតិវៀតណាមទាំងនោះ ប្រមាណជិត ៦០ ភាគរយហើយដែលបានរុះរើបែត្រីរបស់ខ្លួន ហើយមករស់នៅទីតាំងដីគោកជាបណ្ដោះអាសន្នតាមការរៀបចំរបស់អាជ្ញាធរមូលដ្ឋាននៃប្រទេសកម្ពុជា»។
លោក ស៊ឹម ឈី ប្រធានសមាគមខ្មែរ-វៀតណាមប្រចាំកម្ពុជាបានប្រាប់ ភ្នំពេញ ប៉ុស្តិ៍ នៅថ្ងៃទី ១ ខែកញ្ញាថា ស្ថានភាពរស់នៅរបស់ប្រជានិគមជនជាតិវៀតណាមដែលបានចល័តចេញពីផ្ទៃទន្លេក្នុងភូមិសាស្ត្ររាជធានីភ្នំពេញ ដើម្បីត្រឡប់ចូលទៅក្នុងប្រទេសវៀតណាមវិញនោះ កំពុងជួបប្រឈមបញ្ហាជីវភាព ដោយសារតែពួកគេមិនអាចបន្តមុខរបរចិញ្ចឹមត្រីរបស់ពួកគេតទៅទៀតបាន។
លោកបានថ្លែងថា៖ «ពួកគេមួយចំនួន បានបង្ខំចិត្តវិលត្រឡប់មកជួលផ្ទះនៅក្នុងរាជធានីភ្នំពេញវិញ ដើម្បីរកការងារធ្វើជាកម្មករសំណង់ ជាបណ្ដោះអាសន្ន ព្រោះនៅពេលនេះ ពួកគេមិនអាចត្រឡប់ចូលទៅក្នុងប្រទេសវៀតណាមបានទេ ដោយសារតែអាជ្ញាធរព្រំដែនបានបិទខ្ទប់ព្រំដែន ការពារការឆ្លងរាតត្បាតនៃជំងឺកូវីដ ១៩។ ម្យ៉ាងទៀតពួកគេមួយចំនួន បានកើតនៅកម្ពុជា ដែលមិនមានឯកសារច្បាស់លាស់បញ្ជាក់ថាជាជនជាតិវៀតណាមនោះទេ»។
លោក ឈី អះអាងថានៅពេលនេះពួកគេមួយចំនួនបាននាំគ្នាឡើងមកស្នាក់នៅលើដីគោក ក្នុងតំបន់ក្អមសំណ ក្នុងភូមិសាស្ត្រ ស្រុកលើកដែក ខេត្តកណ្ដាលជាបណ្ដោះអាសន្ន តាមការសម្របសម្រួលរបស់អាជ្ញាធរនៃប្រទេសទាំង ២ កម្ពុជា និងវៀតណាម ដើម្បីរង់ចាំការត្រួតពិនិត្យ សំណុំឯកសារមួយចំនួនទៅតាមផ្លូវច្បាប់ ថាតើពួកគេប៉ុន្មានគ្រួសារ ដែលអាចត្រឡប់ចូលទៅក្នុងប្រទេសវៀតណាមវិញបាន។
ប្រធានសមាគមរូបនេះបានថ្លែងថា៖ «ក្នុងអំឡុងពេលនេះ ពួកគេត្រូវតែគោរពច្បាប់ និង ការណែនាំរបស់អាជ្ញាធរកម្ពុជា បើពុំនោះពួកគេត្រូវទទួលខុសត្រូវដោយខ្លួនឯង»៕
វីដេអូ៖