ភ្នំពេញៈ ក្រសួងសាធារណការ និងដឹកជញ្ជូនឃាត់យានយន្តដឹកលើសទម្ងន់ ២ គ្រឿងទុករយៈពេល ១ ឆ្នាំ និងព្រមានដល់ម្ចាស់ក្រុមហ៊ុនដឹកជញ្ជូន ម្ចាស់រថយន្តធុនធ្ងន់ និងអ្នកបើកបររថយន្តធុនធ្ងន់ថា ក្រសួងនឹងមិនលើកលែងឡើយ បើរកឃើញដឹកលើសទម្ងន់។
ការឃាត់ទុកយានយន្ត ២គ្រឿងនេះធ្វើឡើងបន្ទាប់ពីក្រសួងបានត្រួតពិនិត្យយានយន្តដឹកជញ្ជូនចំនួន ៨ គ្រឿងនៅលើផ្លូវជាតិលេខ ៥ ត្រង់គ.ម ៣៥៥ ក្នុងភូមិព្រែកជីក ឃុំបត់ត្រង់ ស្រុកមង្គលបុរី ខេត្តបន្ទាយមានជ័យ នៅថ្ងៃទី៤ ខែកញ្ញា។
ក្រសួងបញ្ជាក់ក្នុងហ្វេសប៊ុកនៅថ្ងៃទី៤ ខែកញ្ញាថា៖ «យានយន្តដឹកជញ្ជូនចំនួន ៨គ្រឿង ដឹកថ្ម ខ្សាច់ និងជី ដែលក្នុងនោះ យានយន្ត ២គ្រឿងត្រូវពិន័យ និងឃាត់ទុករយៈពេល ១ឆ្នាំដោយសារលើសទម្ងន់កម្រិតកំណត់ ២០% នៃទម្ងន់អនុញ្ញាត ដោយអនុលោមតាមមាត្រា៦០ នៃច្បាប់ស្តីពីផ្លូវថ្នល់»។
ក្រសួងបញ្ជាក់ថា យានយន្ត ១គ្រឿងផ្សេងទៀតមិនត្រូវបានឃាត់ទុករយៈពេល ១ឆ្នាំនោះទេ ដោយសារផ្ទុកលើសទម្ងន់ក្រោម ២០ភាគរយ នៃទម្ងន់អនុញ្ញាត តែត្រូវបានផាកពិន័យ រើទំនិញចេញ។
ក្រសួងព្រមានថា៖ «ក្រសួងសូមរំឭកជូនដល់ម្ចាស់ក្រុមហ៊ុនដឹកជញ្ជូន ម្ចាស់រថយន្តធុនធ្ងន់ និងអ្នកបើកបររថយន្តធុនធ្ងន់ទាំងអស់ម្តងហើយម្តងទៀតថា ក្រសួងនឹងបន្តអនុវត្តតាមបទប្បញ្ញត្តិច្បាប់ ដើម្បីទប់ស្កាត់យានយន្តដឹកជញ្ជូនលើសទម្ងន់កម្រិតកំណត់យ៉ាងតឹងរ៉ឹងបំផុតដោយគ្មានការលើកលែងឡើយ»៕