កោះកុងៈ រាជរដ្ឋាភិបាលអនុញ្ញាតជាគោលការណ៍ជួលដីរបស់រដ្ឋជាង ៣៧០ ហិកតា ស្ថិតនៅស្រុកស្រែអំបិល ខេត្ដកោះកុងទៅឱ្យក្រុមហ៊ុនឯកជន ដើម្បីអភិវឌ្ឍជាវារីវប្បកម្មក្ដាមតាមបែបធម្មជាតិ និងសាងសង់កំពង់ផែខ្នាតតូច។
លោក ស្រ៊ុន ដារិទ្ធ រដ្ឋលេខាធិការក្រសួងបរិស្ថាន និងជាប្រធានប្រតិភូក្រុមការងារអន្តរក្រសួងអមដំណើរ ដោយលោក អ៊ុក ភ័ក្ត្រា អភិបាលរងខេត្តកោះកុងនៅថ្ងៃទី ៤ ខែ កញ្ញា ឆ្នាំ ២០២១ បានចុះប្រជុំផ្សព្វផ្សាយសេចក្តីសម្រេចស្តីពីការបង្កើតក្រុមការងារអន្តរក្រសួង ដើម្បីចុះពិនិត្យសិក្សា និងវាយតម្លៃដីជាក់ស្តែងលើដីសាធារណៈរបស់រដ្ឋ ក្រោយទទួលការអនុញ្ញាតជាគោលការណ៍ពីរាជរដ្ឋាភិបាលក្នុងការជួលទៅឱ្យវិស័យឯកជនវិនិយោគលើគម្រោងចំនួន ២។
គម្រោងវិនិយោគទាំង ២ នោះ រួមមាន គម្រោងវារីវប្បកម្មក្តាមតាមបែបធម្មជាតិ ទំហំដី ៣៦៩ ហិកតា និងគម្រោងសាងសង់កំពង់ផែខ្នាតតូចទំហំដី ៧ ៧៦៧ ម៉ែត្រការ៉េ ដែលគម្រោងទាំង ២ ស្ថិតនៅស្រុកស្រែអំបិល ខេត្តកោះកុង។ នេះបើតាមរបាយការណ៍កិច្ចប្រជុំ។
លោក ស្រ៊ុន ដារិទ្ធ បានណែនាំឱ្យតំណាងក្រុមហ៊ុនត្រូវរៀបចំគ្រោងការ និងផែនការវិនិយោគឱ្យបានរួចរាល់ និងត្រូវស្នើសុំការបោះបង្គោលព្រំឱ្យបានច្បាស់លាស់ ទើបក្រុមការងារអន្តរក្រសួងនឹងចុះមកពិនិត្យសិក្សា និងវាយតម្លៃលើការជួលដី ដែលជាសម្បត្តិរបស់រដ្ឋនេះម្តងទៀត។ ចំណែកស្ថាប័នសំខាន់ក្នុងការវាយតម្លៃការជួលដីរដ្ឋនេះ គឺជាសមត្ថកិច្ចរបស់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ។
លោកបញ្ជាក់ថា៖ «គម្រោងទាំង ២ នេះ ពិតជាមានសារៈសំខាន់ក្នុងការលើកកម្ពស់កម្រិតជីវភាពប្រជាជនមូលដ្ឋាន និងជាផ្នែកមួយនៃសេដ្ឋកិច្ចជាតិ»។
លោក សុខ សុទ្ធី អភិបាលរង និងជាអ្នកនាំពាក្យរដ្ឋបាលខេត្ដកោះកុងថ្លែងនៅថ្ងៃទី ៥ ខែកញ្ញា ថា គម្រោងជួលដីនៅក្នុងភូមិ ស្រុកស្រែអំបិលទៅក្រុមហ៊ុនឯកជនវិនិយោគនេះ គឺជាសិទ្ធិរបស់រាជរដ្ឋាភិបាល។ ចំណែករដ្ឋបាលខេត្ដកោះកុងគ្រាន់តែធ្វើជាសាក្សី ក្នុងនាមអាជ្ញាធរដែនដី និងការរៀបចំសណ្ដាប់ធ្នាប់សង្គមប៉ុណ្ណោះ។
លោកបន្តថា នីតិវិធីផ្លូវច្បាប់ក្នុងការជួលដីនេះ គឺជាសមត្ថកិច្ចរបស់ក្រសួងបរិស្ថាន ដោយសារដីរដ្ឋដែលជួលឱ្យក្រុមហ៊ុនវិនិយោគនេះស្ថិតក្នុងសមត្ថកិច្ចគ្រប់គ្រងរបស់ក្រសួងបរិស្ថាន។
លោកថ្លែងថា៖ «តាមការចុះទៅពិនិត្យរបស់ក្រុមការងារអន្តរក្រសួងកាលពីម្សិលមិញ ម្សិលម្ង៉ៃនេះ [៣-៤ កញ្ញា] គឺឃើញថា ក្រសួងបរិស្ថានបានឯកភាពឱ្យដីចំនួន ២ កន្លែង ស្ថិតនៅក្នុងភូមិសាស្ដ្រ ស្រុកស្រែអំបិល»។
លោក សុទ្ធី បញ្ជាក់ថា ការជួលដីរដ្ឋទៅឱ្យក្រុមហ៊ុនឯកជន វិនិយោគ គឺត្រូវមានការអនុញ្ញាតផ្ដល់សិទ្ធិពីរាជរដ្ឋាភិបាល ហើយក្រសួងសាមីដែលមានសមត្ថកិច្ចលើការគ្រប់គ្រងដី ជាអ្នកផ្តួចផ្ដើមរៀបចំនីតិវិធីក្នុងការស្នើសុំ សម្រាប់ការធ្វើវិនិយោគ។
លោកបន្តថា៖ «អ្វីដែលចុះមកពិនិត្យនេះ គឺក្រុមការងារអន្តរក្រសួង ចុះមកពិនិត្យមើលទីតាំងដីជាក់ស្ដែងថា តើបានគោរពទៅតាមលិខិតបទដ្ឋានដែរឬទេ»។
លោក សុទ្ធី ចាត់ទុកគម្រោងនៃការវិនិយោគថ្មីនេះ គឺបានជួយជំរុញដល់កំណើនការអភិវឌ្ឍ និងសេដ្ឋកិច្ចនៅក្នុងខេត្ដកោះកុង និងផ្ដល់ឱកាសការងារដល់ប្រជាពលរដ្ឋបន្ថែមមួយកម្រិតទៀតផងដែរ៕