ភ្នំពេញៈ លោក តាន់ ផាន់ណារ៉ា អគ្គនាយកនៃអគ្គនាយកដ្ឋានសុខភាពសត្វ និងផលិតផលសត្វនៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទបានឱ្យដឹងថា រហូតមកទល់ពេលនេះ ក្រុមការងារបានចាក់វ៉ាក់សាំងបង្ការជំងឺដុំពកលើស្បែកគោក្របីរបស់អ្នកភូមិបានប្រមាណ ៣ ០០០ ដូសហើយ ចាប់ពីពេលផ្ដើមយុទ្ធនាការកាលពីចុងខែមុននៅក្នុង ២៣ រាជធានី-ខេត្ត។
កាលពីថ្ងៃទី ២៨ សីហា ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានចាប់ផ្ដើមបើកយុទ្ធនាការចាក់វ៉ាក់សាំងបង្ការជំងឺដុំពកលើស្បែកគោ និងក្របី (Lumpy Skin-Disease) ដែលបានឆ្លងចូលពីប្រទេសជិតខាងមកក្នុងបណ្ដាខេត្តមួយចំនួនរបស់កម្ពុជា។
លោក តាន់ ផាន់ណារ៉ា បានប្រាប់ ភ្នំពេញ ប៉ុស្តិ៍ នៅថ្ងៃទី ៥ កញ្ញាថា វ៉ាក់សាំងដែលបានបញ្ជាទិញពីប្រទេសវៀតណាមចំនួន ២ ម៉ឺនដូស ដែលបានបែងចែកជូនទៅកាន់រាជធានី-ខេត្តចំនួន ២៣ គឺបានប្រើប្រាស់អស់ប្រមាណ ៣ ០០០ ដូសហើយ។ បច្ចុប្បន្ន ចំនួនវ៉ាក់សាំងបង្ការជំងឺនេះនៅមានកម្រិត ដូច្នេះក្រុមការងារត្រូវប្រើប្រាស់ដោយប្រុងប្រយ័ត្នបំផុត។
លោកបានបញ្ជាក់ថា៖ «ការចាក់វ៉ាក់សាំងនេះដោយសារតែវ៉ាក់សាំងយើងនៅមានកម្រិតដែរ ព្រោះវាមានតិចតួចអ៊ីចឹង យើងចាក់ទៅដល់សត្វគោប្រជាពលរដ្ឋ ក៏ត្រូវប្រយ័ត្នប្រយែង ដោយមិនយកទៅបុកទាំងអស់តែម្ដងទេ (ចាក់ឱ្យអស់)។ យើងចាក់ ហ៊ុមព័ទ្ធ ជុំវិញតំបន់ឆ្លងកុំឱ្យវាឆ្លងទៅកន្លែងផ្សេងទៀត»។
ជាមួយនឹងការត្រៀមវ៉ាក់សាំងនេះ លោក តាន់ ផាន់ណារ៉ា បានឱ្យដឹងទៀតថា ក្រសួងកំពុងបន្តចរចាជាមួយប្រទេសអាហ្វ្រិកខាងត្បូង ដើម្បីបញ្ជាទិញវ៉ាក់សាំងបង្ការជំងឺដុំពកគោក្របីបន្ថែមទៀតឱ្យបានឆាប់សម្រាប់ប្រើប្រាស់នៅក្នុងប្រទេសឱ្យបានទូលំទូលាយ និងទប់ស្កាត់ការឆ្លងរីករាលដាលឱ្យបានទាន់វេលា ខណៈដំណើរការចរចានេះជិតសម្រេចបានជោគជ័យហើយ។
តាមរបាយការណ៍របស់អគ្គនាយកដ្ឋានសុខភាពសត្វ និងផលិតផលសត្វកាលពីថ្ងៃទី ៣១ សីហា ឆ្នាំ ២០២១ ថា ជំងឺនេះបានផ្ទុះជាលើកដំបូងនៅដើមខែមិថុនា ក្នុងខេត្តព្រះវិហារ និងខេត្តឧត្តរមានជ័យ ហើយបន្ទាប់មកឆ្លងដល់ខេត្តជាប់ព្រំដែនមួយចំនួនទៀត ដែលគិតត្រឹមថ្ងៃទី ២៩ ខែសីហា គឺមានគោឈឺចំនួនជិត ៣ ម៉ឺន ៩ ពាន់ករណី នៅក្នុងស្រុកចំនួន ១៥៨ នៃរាជធានី-ខេត្តចំនួន ២៣។
របាយការណ៍ដដែលបានឱ្យដឹងដែរថា ក្នុងនោះមានគោជាសះស្បើយចំនួន ៥៥ ភាគរយ ឬចំនួន ២១ ៤៣៩ ក្បាល និងកំពុងឈឺ ឬព្យាបាលនៅឡើយមាន ៤៤ ភាគរយ ឬស្មើ ១៦ ៩៥១ ក្បាល ហើយសត្វគោដែលបានងាប់មានចំនួន ១ ភាគរយ ឬស្មើ ៣៧៥ ក្បាល ដោយភាគច្រើនលើកូនគោ។
លោក តាន់ ផាន់ណារ៉ា បានអះអាងថា ការឆ្លងរីករាលនៃជំងឺនេះគឺសត្វដែលងាយទទួលរងមានចំនួនរហូតដល់ ៩៨៤ ៤២០ ក្បាល ព្រោះការផ្ទុះជំងឺដុំពកស្បែកគោ ក្របីនៅកម្ពុជាមានការកើនឡើង គួរឱ្យកត់សម្គាល់ចាប់តាំងពីឆ្លងចូលមកកម្ពុជាកាលពីដើមខែមិថុនា ឆ្នាំ ២០២១ មក ដោយមានសភាពធ្ងន់ធ្ងរដែលត្រូវការការគាំទ្រជាបន្ទាន់។
លោកថា ការផ្ទុះនូវជំងឺថ្មីនេះបានធ្វើឱ្យប៉ះពាល់ជាខ្លាំងដល់សេដ្ឋកិច្ចនៃអ្នកចិញ្ចឹម ជាពិសេសក្នុងអំឡុងពេលនៃការផ្ទុះជំងឺកូវីដ ១៩ នាពេលបច្ចុប្បន្ន។
សូមជម្រាបថា ជំងឺដុំពកស្បែកគោ ក្របី (Lumpy Skin Discuse) ដែលហៅកាត់ថា LSD បានផ្ទុះជាលើកដំបូងនៅឆ្នាំ ១៩២៩ នៅប្រទេស ស៊ែប៊ី ហើយបានឆ្លងរាលដាលចូលដល់ទ្វីបអាហ្វ្រិក បន្ទាប់មកមានឆ្លងទៅមជ្ឈិមបូព៌ា អឺរ៉ុបប៉ែកអាគ្នេយ៍ អាស៊ីកណ្តាល អាស៊ីខាងត្បូង និងប្រទេសចិន ដែលបង្កការខូចខាតដ៏ធ្ងន់ធ្ងរដល់គ្រួសារកសិករចិញ្ចឹមសត្វ និងសេដ្ឋកិច្ចជាតិ។
តាមការរាយការណ៍នៅលើគេហទំព័ររបស់អង្គការស្បៀង និងម្ហូបអាហារនៃអង្គការសហប្រជាជាតិ (FAO) នៅប្រទេសចិន ជំងឺនេះចាប់ផ្តើមរីករាលដាលតាំងពីខែកក្កដាឆ្នាំ ២០១៩ រហូតមកដល់ខែមេសា ឆ្នាំ ២០២១ មានចំនួន ៤៧ កន្លែង រីឯនៅប្រទេសវៀតណាម ជំងឺនេះបានផ្ទុះឡើងចាប់ពីខែតុលា ឆ្នាំ ២០២០ រហូតមកដល់ខែមេសា ឆ្នាំ ២០២១ មានចំនួន ៤១ កន្លែង និងនៅប្រទេសឡាវមានករណីផ្ទុះជំងឺនេះចាប់ពីចុងខែឧសភា រហូតមកដល់ខែកក្កដាឆ្នាំ ២០២១ មានចំនួន ៩ កន្លែង។
ចំណែកឯនៅប្រទេសថៃមានករណីផ្ទុះជំងឺនេះចាប់ពីខែមីនា ឆ្នាំ ២០២១ រហូតមកដល់ខែកក្កដា ឆ្នាំ ២០២១ មានផ្ទុះចំនួន ១៨៤ កន្លែង ជាពិសេសនៅតំបន់ព្រំប្រទល់ជាប់កម្ពុជាមានដូចជា ខេត្តសុរិន្ទ ប៊ូរីរ៉ាំ អ៊ូប៊ុន រ៉ាត់ឆាថានី និងខេត្តស៊ីសាកេតជាដើម៕
វីដេអូ៖