ភ្នំពេញៈ រដ្ឋមន្ត្រី​ក្រសួង​ធម្មការ និង​សាសនា​លោក​ ឈិត សុខុន បានធ្វើ​ការណែនាំ​ទៅដល់​គ្រប់​មន្ទីរ​ធម្មការ និង​សាសនា រាជធានី-ខេត្ត​ទាំងអស់​ត្រូវយក​ចិត្តទុកដាក់​រៀបចំ​ពិធី​កាន់បិណ្ឌ ភ្ជុំបិណ្ឌ និង​បុណ្យ​កឋិនទាន​នៅ​ឆ្នាំនេះ ដោយ​ត្រូវអនុវត្ត​នូវ​វិធានការ​ការពារ​នានារ​បស់​ក្រសួងសុខាភិបាល និង​វិធានការ​របស់​រាជរដ្ឋាភិបាល ៣កុំ និង​៣ការពារ​ដើម្បី​កុំឱ្យ​មាន​ការឆ្លង​រាលដាល​ជំងឺ​កូវីដ​ ១៩​។

លោក​បានឱ្យដឹងថា បុណ្យកាន់បិណ្ឌ ភ្ជុំបិណ្ឌ​ជា​បុណ្យ ប្រពៃណី​ព្រះពុទ្ធសាសនា​ដ៏សំខាន់​របស់​ពុទ្ធសាសនិក​ជន​ខ្មែរ​គ្រប់ៗ​រូប​។ ពិធីបុណ្យ​នេះ ប្រារព្ធ​ឡើង​ដើម្បី​ឧទ្ទិស​កុសល​ជូន​វិញ្ញាណក្ខន្ធ​នៃ​អ្នកមានគុណ​ទាំងឡាយ មាន មាតាបិតា ជីដូន​ជីតា គ្រូ​ឧបជ្ឈាយាចារ្យ ​បុព្វបុរស​ជាតិ និង​បងប្អូន​ជនរួមជាតិ ដែល​បាន​លាចាក​លោក​នេះ​ទៅកាន់​លោក​ខាងមុខ​។

លោក ឈិត សុខុន ​បន្តថា​៖ «​ពិធីបុណ្យ​នេះ ក៏​ជា​ឱកាស​ដ៏ល្អ​សម្រាប់​ការជួបជុំ​ឪពុកម្តាយ បងប្អូន​ញាតិមិត្ត សាច់សាលោហិត ដែល​រស់នៅ​ទី​ផ្សេងៗ​គ្នា​អាច​ស្វែងយល់​បាន​ពី​សុខទុក្ខ និង​ដំណើរ​ប្រព្រឹត្ត​ទៅក្នុង​ជីវភាព​រស់នៅ​ប្រចាំថ្ងៃ​រវាង​គ្នា​នឹង​គ្នា​ទៅវិញទៅមក​ព្រមទាំង​អាច​បង្កើនបាន​នូវ​សាមគ្គីភាព​ដ៏ទូលំទូលាយ​ផង​»​។ ឆ្នាំនេះ ពិធីបុណ្យ​កាន់បិណ្ឌ ភ្ជុំបិណ្ឌ នឹង​ប្រព្រឹត្ត​នៅ​ថ្ងៃទី​ ២២ ខែកញ្ញា ដល់​ថ្ងៃទី​ ៦ ខែតុលា​។

ជាមួយ​គ្នា​នេះដែរ លោក​រដ្ឋមន្ត្រី​ក៏បាន​លើកឡើង​ផងដែរ​ថា សម្រាប់​បុណ្យ​កឋិនទាន​នៅ​ឆ្នាំនេះ​នឹង​ប្រព្រឹត្ត​ឡើង​ត្រូវ​នឹង​ថ្ងៃទី​ ២២ ខែតុលា ដល់​ថ្ងៃទី​ ១៩ ខែវិច្ឆិកា​។

បុណ្យ​កឋិនទាន​ជា​កាលទាន​មួយ​ដ៏ថ្លៃថ្លា មាន​លក្ខណពិសេស​នៅក្នុង​ព្រះពុទ្ធ​សាសនា ដែល​ក្នុង ១ ​ឆ្នាំមាន​តែម្តង មាន​រយ:ពេល​កំណត់​តែ ២៩ ​ថ្ងៃ ដោយ​វត្ត​ ១ ​ទទួល​បានតែ​អង្គកឋិន​ ១ ​ជា​ទាន​មាន​ផលានិសង្ស​ខ្ពស់​ទាំង​ទាយក​ទាយិកា និង​ទាំង​បដិគ្គាហក: ជា​ទីជ្រះថ្លា​នឹង​ចំណូលចិត្ត​របស់​ពុទ្ធបរិស័ទ​ខ្មែរ ដែល​តែងតែ​ប្រារព្ធ​ធ្វើឡើង​រៀងរាល់ឆ្នាំ​។

លោក​ ឈិត សុខុន បន្ថែមថា ក្រៅពីនេះ​តាមរយ:​កឋិនទាន​វត្ត​នីមួយៗ​ក៏មាន​លទ្ធភាព​អាច​នឹង​ទទួល​បាន​នូវ​សម្ភារ ថវិកា​សម្រាប់​បម្រើការ​កសាង​ទីសេនាសនៈ​នៅក្នុង​វត្តមាន​ព្រះវិហារ កុដិ សាលា និង​ជួយឧបត្ថម្ភ​ដល់​ការកសាង​សមិទ្ធផល​សង្គម និង​វិស័យ​សង្គមកិច្ច​ថែម​ទៀតផង​។

លោក​មានប្រសាសន៍​ថា​៖ «​ដើម្បី​រៀបចំ​បុណ្យកាន់បិណ្ឌ និង​កឋិនទាន​ឱ្យ​ដំណើរការ និង​ប្រព្រឹត្តទៅ​ស្របតាម​ទំនៀមទម្លាប់ និង​ប្រពៃណី​ព្រះពុទ្ធសាសនា​គ្រប់​មន្ទីរ​ធម្មការ និង​សាសនា និង​គ្រប់​វត្តអារាម​ទាំងអស់​ត្រូវ​ចូលរួម​បដិបត្តិ​តាម​សេចក្តី​ណែនាំ​នានា​របស់​រាជរដ្ឋាភិបាល ក្រសួង​សុខាភិបាល និង​អាជ្ញាធរ​ដែនដី តាម​សភាព​ជាក់ស្តែង​នៃ​ទីកន្លែង​នីមួយៗ ដើម្បី​ទប់ស្កាត់​ការឆ្លង​រាលដាល​ជំងឺ​កូវីដ​ ១៩ ​នេះ​»​។

គ្រប់​មន្ទីរ​ធម្មការ និង​សាសនា រាជធានី-ខេត្ត ត្រូវយក​ចិត្ត​ទុកដាក់​បង្កលក្ខណៈ​ឱ្យបាន​ល្អប្រសើរ ប្រគេន​ព្រះសង្ឃ​ជូន​ពុទ្ធបរិស័ទ ប្រារព្ធ​ពិធី​កាន់​បិណ្ឌ ភ្ជុំបិណ្ឌ និង​កឋិនទាន​ស្របតាម​ប្រពៃណី ព្រះពុទ្ធ​សាសនា ដោយ​ក្នុង​នោះ​ត្រូវ អនុវត្ត​នូវ​វិធានការ​ពាក់​ម៉ាស់ វាស់​កម្ដៅ រក្សា​អនាម័យ លាង ដៃ​សាប៊ូ​ ឬ​អាល់កុល ជែល និង​រក្សា​គម្លាត​សុវត្ថិភាព​សង្គម បុគ្គល និង​វិធានការ ៣កុំ ៣ការពារ​។

លោក​ឡើង​ទៀតថា៖ «​គ្រប់​វត្តអារាម​ត្រូវ​រៀបចំ​សម្អាត​​បូជនីយដ្ឋាន​ស្តូប កន្លែង​តម្កល់​អដ្ឋិធាតុ​បងប្អូន​ជនរួមជាតិ​ដែល​បាន​បាត់បង់​ជីវិត​ក្នុង​របប​ប្រល័យពូជសាសន៍ និង​តុបតែង លម្អ​ដោយ​បំភ្លឺ​ភ្លើងពណ៌ លើក​ទង់ជាតិ ទង់សាសនា ទង់​ព្រះមហាក្សត្រ បដា​ពាក្យស្លោក ដើម្បី​អបអរសាទរ​តាម​ប្រពៃណី​ព្រះពុទ្ធសាសនា​»​។

អ្នកស្រី នាង សុខលី ជា​ពុទ្ធសាសនិក ១ ​រូប​រស់នៅ​ទីក្រុង​ភ្នំពេញ​បាន​ប្រាប់ ​ភ្នំពេញ​ ប៉ុស្តិ៍​ នៅ​ថ្ងៃទី​ ៦ ​កញ្ញា​ថា អ្នកស្រី​បាន​ខកខាន​ទៅ​វត្ត​ប្រារព្ធ​ពិធីបុណ្យ​នានា​ជាង​ ១ ​ឆ្នាំ​ហើយ ដោយសារតែ​ការបារម្ភ​ពី​ការឆ្លង​ជំងឺ​កូវីដ​ ១៩ ហើយ កូនៗ​របស់​អ្នកស្រី​មិនឱ្យ​គាត់​ទៅ​វត្ត​ក្នុង​អំឡុងពេល​មានការ​ឆ្លង​រាលដាល​វីរុស​កូវីដ​ ១៩ ​ទេ​។

អ្នកស្រី​ថា​៖ «​ខ្ញុំ​មិនទាន់​ដឹង ថា​តើ​ឆ្នាំនេះ​ខ្ញុំ​បាន​ទៅ​វត្ត​ឬ​អត់​ទេ​តែ​ខ្ញុំ​ចង់ទៅ​ ដោយសារ​ខ្ញុំ​ខានទៅ​យូរហើយ ហើយ​ណា​មួយ​ខ្ញុំ​តាមដាន​ព័ត៌មាន​ដូចជា​ការឆ្លង​ជំងឺ​កូវីដ​នេះ​ក៏បាន​ធ្លាក់ចុះ​ច្រើន​ដែរ​ហើយ​។ ចាំ មើល​ជិត​ដល់​ថ្ងៃបុណ្យ​សិន ចាំ​ខ្ញុំ​សម្រេច​ថា ទៅ​ឬ​អត់​»៕

វីដេអូ៖