ភ្នំពេញៈ រាជបណ្ឌិត្យសភាកម្ពុជាកំពុងបន្តអនុវត្ដការអភិរក្ស និងអភិវឌ្ឍន៍សត្វក្របីនៅប្រទេសកម្ពុជា ដោយគិតត្រឹមថ្ងៃទី ៦ កញ្ញា ក្របីចំនួន ១២០ ក្បាលហើយ ដែលសប្បុរសជនបានផ្តល់ឱ្យមកចិញ្ចឹមនៅឧទ្យានរាជបណ្ឌិត្យសភាកម្ពុជា តេជោសែន ឫស្សីត្រឹប ស្ថិតនៅស្រុកឆែប ខេត្ដព្រះវិហារ។
លោក សុខ ទូច ប្រធានរាជបណ្ឌិត្យសភាកម្ពុជាប្រាប់ ភ្នំពេញ ប៉ុស្ដិ៍ នាថ្ងៃទី ៦ កញ្ញា ថាចាប់តាំងពីការបង្កើតឧទ្យានរាជបណ្ឌិត្យសភាកម្ពុជាតេជោសែនឫស្សីត្រឹប រាជបណ្ឌិត្យសភាមានផែនការជំរុញលើផលិតកម្មសត្វ ដោយចាប់តាំងពីឆ្នាំ ២០១៨ គឺផ្ដើមចេញពីសត្វគោទឹកដោះ សត្វចៀម សត្វពពែ។ ចំណែកការអភិរក្ស និងអភិវឌ្ឍន៍សត្វក្របីបានចាប់ផ្ដើមកាលពីខែមេសា ឆ្នាំ ២០២១។
លោកថ្លែងថា៖ «ការអភិរក្ស និងអភិវឌ្ឍន៍សត្វក្របីនេះ យើងធ្វើឡើងមាន ៤ ចំណុច គឺទី១ កុំឱ្យដាច់ពូជប្រភេទសត្វក្របីនេះពីក្នុងប្រទេសកម្ពុជា។ ទី២ ប្រទេសកម្ពុជាជាប្រទេសកសិកម្ម ដូច្នេះយើងគួរតែផលិតអ្វីដែលកម្ពុជាអាចធ្វើបាន។ ទី៣ ការរៀបចំអភិវឌ្ឍពូជសត្វក្របីនេះ និងទី៤ គឺធ្វើពាណិជ្ជកម្មឱ្យកសិករបានដឹង»។
បើតាមលោក សុខ ទូច ចាប់ពីការប្រមូលពូជក្របីកាលពីខែមេសា ដល់ខែកញ្ញា ឆ្នាំ ២០២១ រាជបណ្ឌិត្យសភាកម្ពុជាបានទទួលក្របីពីសប្បុរសជនចំនួន ១២០ ក្បាល ក្នុងនោះមានពូជក្របីស្រងែ ពូជក្របីកតាំង ពូជក្របីសំពៅ និងពូជក្របីឃ្លៀច។
លោកថ្លែងថា៖ «រាជបណ្ឌិត្យសភាកម្ពុជាសូមគោរពថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅបំផុត ចំពោះសម្ដេចអគ្គមហាសេនាបតីតេជោបណ្ឌិតសភាចារ្យ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ដែលបានផ្ដល់ក្របីពូជសរុបចំនួន ៧២ ក្បាល»។
លោកក៏បានថ្លែងអំណរគុណចំពោះលោក អូន ព័ន្ធមុន្នីរ័ត្ន រដ្ឋមន្ដ្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ដែលបានឧបត្ថម្ភក្របី ២៧ ក្បាល និងសប្បុរសជនមួយចំនួនទៀតឧបត្ថម្ភក្របីចំនួន ២១ ក្បាល។
តាមរយៈជំនួយរបស់សប្បុរសជនសត្វក្របីទាំងនេះបានប្រមូលទិញមកពីគ្រប់ប្រភពនានាក្នុងប្រទេសកម្ពុជា យកមកអភិរក្ស និងអភិវឌ្ឍ។ ក្របីដែលសប្បុរសជនប្រមូលទិញពីប្រជាពលរដ្ឋ គឺជាប្រភេទក្របីជំទង់ ដើម្បីធ្វើការសិក្សាពីខ្សែជីវិត និងការវិវឌ្ឍរបស់វា។ នេះបើតាមការបញ្ជាក់របស់លោក សុខ ទូច។
លោកបន្ថែមថា៖ «ក្រោយពីយើងសិក្សាចប់ យើងនឹងអាចដឹងថា ក្របីមួយនេះ វាត្រូវចំណាយទុនប៉ុន្មាន ហើយបានផលមកវិញ យ៉ាងម៉េចដើម្បីផ្ដល់ឱ្យទៅកសិករ ឬកសិដ្ឋានដែលចង់វិនិយោគលើវិស័យចិញ្ចឹមក្របីនេះ»។
លោក សុខ ទូច ឱ្យដឹងថា រាជបណ្ឌិត្យសភាកម្ពុជានឹងធ្វើការអភិរក្សក៏ដូចជាអភិវឌ្ឍពូជក្របីទាំងនេះទៅជា ៥ ប្រភេទដូចជាសិក្សាក្នុងការបង្កាត់ពូជក្របីរវាងពូជក្របីស្រងែ និងពូជស្រងែ។ ការបង្កាត់ពូជរវាងពូជសំពៅ និងពូជសំពៅ។ ពូជកតាំង និងពូជកតាំង។ បង្កាត់ពូជរវាងក្របីឃ្លៀច និងក្របីឃ្លៀច និងការបង្កាត់សិប្បនិម្មិតជាមួយនឹងស្ពែម ដែលនាំចូលមកពីក្រៅប្រទេស។
លោកបន្តថា រាជបណ្ឌិត្យសភាកម្ពុជានឹងផ្តល់អាហារូបករណ៍ ៥០ ភាគរយដល់និស្សិតជំនាញកសិកម្មដែលមានបំណងចង់បន្តការសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ចំនួន ២៥ នាក់លើជំនាញការចិញ្ចឹមសត្វ និងការដាំស្មៅ។ និស្សិតទាំងនេះត្រូវមកសរសេរសារណា និងអនុវត្តផ្ទាល់នៅឧទ្យានរាជបណ្ឌិត្យសភាកម្ពុជាតេជោសែនឫស្សីត្រឹប ស្ថិតក្នុងឃុំឆែប ស្រុកឆែប ខេត្តព្រះវិហារ។
លោក សូត្រ សំណាង ប្រធានឧទ្យានរាជបណ្ឌិត្យសភាកម្ពុជាតេជោសែនឫស្សីត្រឹបបញ្ជាក់ថា ក្រុមការងារបច្ចេកទេសនឹងចិញ្ចឹម ក្របីទាំងនេះតាមវិធីមួយចំនួន ដូចជាចិញ្ចឹមតាមបែបបុរាណដែល ដូនតាបានបន្សល់ទុក។ ចិញ្ចឹមតាមបែបបំប៉នជាលក្ខណៈស្មៅប្រកបដោយជីវជាតិ គឺឃីងក្រាស់ផេនកូឡា ឬក៏ស្មៅរុស្ស៊ី។ ចិញ្ចឹមតាមបែបពាក់កណ្ដាលបំប៉នឱ្យរស់នៅតាមសភាវគតិតាំងពីដើម។
លោកថា៖ «យើងចិញ្ចឹមតាមរបៀបបង្កាត់ពូជដោយបង្កាត់រវាងពូជសំពៅ និងពូជស្រងែ ដើម្បីស្វែងយល់ថានឹងទទួលបានផលប្រយោជន៍យ៉ាងដូចម្ដេច»។
លោក សំណាង បានឱ្យដឹងថា ការសរសេរសៀវភៅអំពីការចិញ្ចឹមក្របីនេះនឹងត្រូវចាប់បន្តពីឆ្នាំ ២០២១ នេះតទៅ។ ប្រសិនបើនិស្សិត ឬអ្នកជំនាញខាងកសិកម្មមានបំណងសរសេរ រាជបណ្ឌិត្យសភាកម្ពុជាស្វាគមន៍ទាំងក្នុងកម្រិតសារណា និងនិក្ខេបបទ៕