ភ្នំពេញៈ គណៈ​អភិបាល​ និង​ប្រធាន​មន្ទីរអប់រំ យុវជន និង​កីឡា នៅ​គ្រប់​រាជធានី-ខេត្ត បាននិង កំពុង​ពិនិត្យ​ និង​រៀបចំ​តាម​បណ្តា​សាលា​ក្នុង​តំបន់​ដែលមាន​​ហានិភ័យ​ឆ្លង​ជំងឺ​កូវីដ​ ១៩ ​ទាប​ ឬ​លែងមាន​ឆ្លង​សោះ សម្រាប់​ត្រៀម​បើក​ឡើងវិញ​នៅ​សប្តាហ៍​​ក្រោយនេះ ប៉ុន្តែ​មន្ត្រី​សមាគម​គ្រូបង្រៀន​កម្ពុជា​ឯករាជ្យ​បារម្ភ​ពី​ការផ្អាក​ជាថ្មី​ម្តងទៀត ក្រោយ​បើក​ដំណើរការ​មួយរយៈ​ខ្លី​។

លោក​ លី ម៉េងសាន្ត ប្រធាន​មន្ទីរអប់រំ យុវជន និង​កីឡា ខេត្ត​កំពង់ចាម​បាន​ប្រាប់ ​ភ្នំពេញ ប៉ុស្តិ៍ ​នៅ​ថ្ងៃទី​ ៦ កញ្ញា ថា មន្ទីរកំពុង​ពិនិត្យ និង​សិក្សា​តាម​សាលា​នីមួយៗ ហើយ​បាន​ស្នើឱ្យ​នាយក​សាលា​នីមួយៗ​សហការ​ជាមួយ​នឹង​ពេទ្យ​បង្អែក ការិយាល័យ​អប់រំ​ស្រុក និង​អភិបាល​ស្រុក​ដើម្បី​ពិនិត្យ​មើល​លទ្ធភាព​ទីតាំង​ដែល​មាន​ហានិភ័យ​ទាប ហានិភ័យ​មធ្យម និង​ហានិភ័យ​ខ្ពស់​មុននឹង​ស្នើសុំ​បើក​សាលា​ឡើងវិញ​។

លោក​បាន​ប្រាប់ថា​៖ «​យើង​ទទួលបាន​របាយការណ៍​ពី​ស្រុក​កំពង់សៀម​ហើយ ហើយ​យើង​កំពុង​រង់ចាំ​ការវាយតម្លៃ​ពី​បណ្តា​ស្រុក​ផ្សេងៗ​ទៀត​ ដើម្បី​បូកសរុប​ផ្ញើជូន​អភិបាលខេត្ត ហើយ​សុំ​ការអនុញ្ញាត​ពី​ក្រសួង​អប់រំ យុវជន និង​កីឡា​រួច​ទើប​យើង​ធ្វើ​លិខិត​ផ្សព្វផ្សាយ​របស់​ក្រសួង​ឱ្យ​តាម​សាលា​ធ្វើការ​អនុវត្តតាម​»​។

លោក លី ម៉េងសាន្ត បានឱ្យដឹងថា សាលា​ក្នុង​ខេត្តកំពង់ចាម​ទាំងអស់​​មាន​ចំនួន​ ៥៣៥ ក្នុងនោះ​សាលា​មួយ​ភាគ​ធំ​អាច​នឹង​បើក​ឡើងវិញ​នៅ​សប្តាហ៍​ក្រោយ ដោយសារ​បច្ចុប្បន្ននេះ មន្ទីរ និង​ស្ថាប័ន​ពាក់ព័ន្ធ​កំពុង​ពិនិត្យ និង​វាយតម្លៃ​តាម​សាលា​ទាំងអស់​។

សម្រាប់​ខេត្ត​ព្រះសីហនុ​វិញ​ក្នុង​ដំណាក់កាល​ដំបូង​នេះ រដ្ឋបាលខេត្ត​បាន​ផ្តោតលើ​សិស្ស​ថ្នាក់​ទី​ ៩ និង​ថ្នាក់​ទី​ ១២ ព្រោះ​ជា​ថ្នាក់​ត្រូវ​ប្រឡង​សញ្ញាបត្រ​នាពេលខាងមុខ ហើយ​ខេត្ត​គ្រោង​បើក​សាកល្បង​ដំបូង​ចំនួន​ ៥ ​សាលា​នៅតាម​ក្រុង​ស្រុក​ទាំង​ ៥​។

លោក គួច ចំរើន អភិបាលខេត្ត​ព្រះសីហនុ​បាន​ថ្លែង​ក្នុង​កិច្ចប្រជុំ​ពិភាក្សា​​ការអនុវត្ត​សេចក្តីណែនាំ​របស់​ក្រសួង​អប់រំ​យុវជន និង​កីឡា ស្តីពី​ការបង្រៀន​និង​រៀន​តាម​បណ្តុំ​សម្រាប់​គ្រឹះស្ថាន​សិក្សា​សាធារណៈ និង​ឯកជន​នៅ​ថ្ងៃទី​ ៦ ​ខែកញ្ញា ថា ខេត្ត​នឹង​បើក​សាកល្បង​សាលា​ចំនួន​ ៥ ​នៅ​ដើម​សប្តាហ៍​ក្រោយ​។

លោក​បានឱ្យដឹងថា សាលា​ចំនួន​ ៥ ​ដែល​នឹង​បើក​សាកល្បង​មុនគេ​មាន វិទ្យាល័យ​កែវផុស​នៅ​ស្រុក​ស្ទឹងហាវ​, អនុវិទ្យាល័យ​ទួលកែវ នៅ​ស្រុក​ព្រៃនប់​,​វិទ្យាល័យ ហ៊ុន សែន មិត្តភាព​នៅ​​ក្រុងព្រះសីហនុ​,​អនុវិទ្យាល័យ​ស្ទឹងសំរោង នៅ​ស្រុក​កំពង់សិលា និង​អនុវិទ្យាល័យ​ព្រែកស្វាយ​នៅ​ក្រុង​កោះរ៉ុង​។

លោក គួច ចំរើន បាន​បញ្ជាក់ថា​៖ «​ប្រធាន​មន្ទីរអប់រំ យុវជន និង​កីឡា ក៏ដូចជា​អាជ្ញាធរ មុននឹង​បើក​សាលា​សាកល្បង​ឡើងវិញ​យើង​ត្រូវ​អនុវត្តតាម​នីតិវិធី​ស្តង់ដា​ប្រតិបត្តិ​ (SOP) ដើម្បី​ទប់ស្កាត់​ការឆ្លង​រាលដាល​ជំងឺ​​កូវីដ​ ១៩...»​។

លោក​បាន​បន្ថែមថា ចំពោះ​លោកគ្រូ អ្នកគ្រូ និង​សិស្ស ត្រូវ​បានទទួល​ការចាក់​វ៉ាក់សាំង​ទាំង​ ២ ​ដូស​រួចរាល់​ទើប​អនុញ្ញាត​ឱ្យ​ចូលរៀន និង​ចូល​បង្រៀន​។ ​ចំពោះ​សិស្ស និង​គ្រូ​ដែល​មិនបាន​ចាក់​វ៉ាក់សាំង មិន​ឱ្យ​ចូលរៀន និង​បង្រៀន​នោះទេ ប្រសិនបើ​មិនមាន​ការបញ្ជាក់​ហេតុផល​ច្បាស់លាស់ ។

អភិបាលខេត្ត​រូបនេះ​បាន​បន្តថា គ្រប់​សាលា​ត្រូវមាន​ម៉ាស៊ីន​វាស់​កម្តៅ អាល់កុល ឬ​ជែល កន្លែង​លាង​សម្អាត​ដៃ​ដាក់​នៅតាម​មុខ​ថ្នាក់រៀន ដើម្បីឱ្យ​សិស្ស និង​គ្រូ​លាង​សម្អាត​ដៃ​មុនពេល​ចូល​សាលា និង​ត្រូវ​រក្សា​គម្លាត​សុវត្ថិភាព​ ​ពិសេស​វិធានការ​៣ការពារ និង​៣កុំ​។

លោក គួច ចំរើន ក៏បាន​ដាក់​ផែនការ​នៅ​ថ្ងៃទី​ ៨ ខែកញ្ញា ក្នុង​ការចុះ​ត្រួតពិនិត្យ​ការរៀបចំ និង​ដាក់ឱ្យ​អនុវត្ត​នីតិវិធី​ស្តង់ដា​ប្រតិបត្តិ​ (SOP) ដើម្បី​ទប់ស្កាត់​ការឆ្លង​ជំងឺ​កូវីដ​ ១៩ ​នៅ​សាលា​ទាំង​ ៥ ​នេះ មុន​បើក​ដំណើរការ​ដើម្បីឱ្យ​ប្រាកដ​ថា​មិនមាន​ចំណុច​ឆកល្វែង ។

ទន្ទឹមនឹងនេះ លោក ចេង លឹមហ៊ន់ ប្រធាន​មន្ទីរអប់រំ យុវជន និង​កីឡា​ខេត្តព្រះវិហារ​ក៏បាន​ប្រាប់​ដែរ​ថា សាលា​មួយចំនួន​ក្នុង​ខេត្ត​នេះ​អាច​នឹង​បើក​ឡើងវិញ​ផងដែរ បើទោះបី​ជា​មាន​គ្រូ និង​សិស្ស​មួយចំនួន​បាន​ឆ្លង​វីរុស​​កូវីដ​ ១៩ ​នេះ​ក៏ដោយ​។

លោក​បានឱ្យដឹងថា មន្ត្រី​នៃ​មន្ទីរ​អប់រំ​បាន​ចុះ​ធ្វើការ​ផ្ទាល់​ជាមួយនឹង​ការិយាល័យ​អប់រំ​ស្រុក អាជ្ញាធរ​ដែនដី និង​មន្ត្រី​សុខាភិបាល ដើម្បី​វាយតម្លៃ​សាលា​ដែល​នៅ​តំបន់​មាន​ហានិភ័យ​ខ្ពស់ និង​ហានិភ័យ​ទាប មុននឹង​សម្រេច​ឱ្យ​បើក​ឡើងវិញ​។

លោក ចេង លឹមហ៊ន់ បាន​បញ្ជាក់ថា​៖ «​នៅ​ថ្ងៃស្អែក ខ្ញុំ​អាចនឹង​ទទួល​បាន​​ទិន្នន័យ​ពី​គ្រប់​តំបន់​ ដើម្បី​បូកសរុប​​ពី​ចំនួន​សាលា និង​លទ្ធផល​នៃ​ការវាយតម្លៃ​នេះ​រួច​ផ្ញើជូន​អភិបាលខេត្ត​ ដើម្បី​ពិភាក្សាគ្នា​បន្តទៀតថា តើ​ត្រូវ​បើក​សាលា​យ៉ាងណា និង​ពេលណា​​មុននឹង​បញ្ជូន​របាយការណ៍​ទៅ​ក្រសួង​​អប់រំ​យុវជន និង​កីឡា​»​។

លោក​បានឱ្យដឹងថា សិស្ស​នៅ​ខេត្តព្រះវិហារ​មួយចំនួន​នៅតែ​បន្ត​រៀន​តាម​អនឡាញ តែមាន​តិចតួច​ប៉ុណ្ណោះ ដោយសារ​បញ្ហា​ប្រព័ន្ធ​អ៊ីនធឺណិត និង​លទ្ធភាព​របស់​សិស្ស​។

លោក​បាន​ប្រាប់ថា​៖ «​សាលា​ដែល​នៅតែ​ហានិភ័យ​ខ្ពស់​ដូចជា ការយក​សាលា​ធ្វើជា​កន្លែង​ព្យាបាល​អ្នកជំងឺ​កូវីដ​ ១៩ ធ្វើជា​ទីតាំង​ចត្តាឡីស័ក និង​សាលា​នៅ​ជិត​កន្លែង​ផ្ទុះ​កូវីដ​ ១៩ គឺ​យើង​មិនទាន់​អាច​បើក​វិញ​ទេ​»​។

លោក​ថា នៅពេល​បើក​ឡើងវិញ គ្រប់​សាលា​ត្រូវអនុវត្ត​នូវ​វិធានការ​ក្រសួងសុខាភិបាល និង​រាជរដ្ឋាភិបាល​។ បើតាម​លោក ចេង លឹមហ៊ន់ នៅក្នុង​ខេត្តព្រះវិហារ​មាន​សាលា​សរុប​ទាំងអស់​ចំនួន​ជាង​ ២០០ ​សាលា​។

ទាក់ទង​នឹង​ការបើក​សាលា​ឡើងវិញ​​នេះ លោកស្រី អ៊ុក ឆាយាវី ប្រធាន​សមាគម​គ្រូបង្រៀន​កម្ពុជា​ឯករាជ្យ​​បាន​លើកឡើងថា មុននឹង​សម្រេច​បើក​សាលា​ម្តងទៀត ក្រសួង​សុខាភិបាល និង​ស្ថាប័ន​ពាក់ព័ន្ធ​ត្រូវតែ​ពិនិត្យ​ឱ្យបាន​ល្អិតល្អន់​ថា កូវីដ​ ១៩ ​ពិតជា​លែង​មាន​ការរីករាលដាល​ទៀត​។

លោកស្រី​បាន​ប្រាប់ ​ភ្នំពេញ ​ប៉ុស្តិ៍​ នៅ​ថ្ងៃទី​ ៦ ខែកញ្ញា​ថា​៖ «​ប្រសិនបើ​មាន​ការពិនិត្យ​ម្តងទៀត​របស់​ក្រសួង​សុខាភិបាល​ហើយ​ប្រាកដថា វីរុស​កូវីដ​ ១៩ ​នេះ ឈប់​មាន​ការឆ្លង​រាលដាល​គ្រប់កន្លែង​ហើយ​នោះ ខ្ញុំ​គាំទ្រ​ឱ្យមាន​ការបើក​សាលា​ឡើងវិញ ប៉ុន្តែ​បើ​មិនទាន់​មាន​ការវាយតម្លៃ បែរជា​សម្រេច​ឱ្យ​បើក​សាលា​វិញ​នោះ ខ្ញុំ​មិន​គាំទ្រ​ចំណាត់ការ​នេះឡើយ​»​។

លោកស្រី​បាន​បន្ថែមថា ស្ថាប័ន​ពាក់ព័ន្ធ​គួរតែ​ពិចារណា​ឱ្យបាន​ល្អិតល្អន់​មុននឹង​បើក​សាលា​វិញ ដោយ​លោកស្រី​បារម្ភ​ថា ការបើក​បាន​តែ​រយៈពេល​ខ្លី ហើយ​បែរជា​ប្រកាស​ផ្អាក​វិញ​ម្តងទៀត នឹង​ធ្វើឱ្យ​ប៉ះពាល់​ដល់​សតិអារម្មណ៍​សិស្ស​ផងដែរ​។

ទាក់ទង​នឹង​សំណួរ​ថា​តើ​ចំនួន​សាលា​ប៉ុន្មាន​អាច​នឹង​ដំណើរការ​បើក​សាកល្បង លោក រស់ សុវាចា អ្នកនាំពាក្យ​ក្រសួង​អប់រំ យុវជន និង​កីឡា បាន​ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍​នៅ​ថ្ងៃទី​ ៦ ខែកញ្ញា​ថា ក្រសួង​នៅ​បន្ត​អនុវត្ត​នូវ​ការណែនាំ​ស្តីពី​ការបង្រៀន​ និង​រៀន​តាម​បណ្តុំ​​សម្រាប់​គ្រឹះស្ថានសិក្សា​សាធារណៈ និង​ឯកជន នៅ​ភូមិសាស្ត្រ​ដែលមាន​ហានិភ័យ​ទាប​ដដែល​។

កាលពី​ចុងខែ​សីហា លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន ធ្លាប់​បានស្នើ​ទៅ​ក្រសួង​អប់រំ យុវជន និង​កីឡា ឱ្យ​ពិភាក្សា​ជាមួយ​នឹង​គ្រប់​អភិបាលខេត្ត​រាជធានី​ដើម្បី​ជ្រើសរើស​សាលា​សម្រាប់​បើក​ឱ្យ​សិស្ស​រៀន​នៅតាម​ទីតាំង​មួយចំនួន​ដែល​ពុំមាន​ជំងឺឆ្លង​កើតឡើង​​ ដោយសារ​លោក​មិន​ចង់ឃើញ​សិស្ស ពិសេស​កុមារ​នៅ​ជនបទ​ក្លាយ​ជា​ជនរងគ្រោះ​ពី​ជំងឺ​កូវីដ​នេះ ៕

វីដេអូ៖