ភ្នំពេញៈ មន្ត្រីជាន់ខ្ពស់នៃទីស្ដីការគណៈរដ្ឋមន្ត្រីបានស្នើដល់ឧបនាយករដ្ឋមន្ត្រីអនុវត្តវិធានការលើមធ្យោបាយដឹកជញ្ជូន និងយានយន្ត ឆ្នាំ ២០២១ ហើយរថយន្តខុសច្បាប់នឹងត្រូវដោះបំបែកជាគ្រឿងបន្លាស់ ឬកម្ទេចចោល នូវរថយន្តចង្កូតស្ដាំនៅខែមិថុនា ឆ្នាំ ២០២២ បើខកខាន កែចង្កូតពីស្ដាំមកឆ្វេង និងរថយន្តចង្កូតឆ្វេង ឯកជនដែលជ្រកក្រោមស្លាកលេខរដ្ឋ ស្លាកលេខ ខ.ម និង ន.ប ត្រូវបំពេញកាតព្វកិច្ចបង់ពន្ធក្នុងឆ្នាំ ២០២១។
លោក ហ៊ីង ថូរ៉ាក់ស៊ី រដ្ឋមន្ត្រីទទួលបន្ទុកទីស្ដីការគណៈរដ្ឋមន្ត្រី រដ្ឋលេខាធិការប្រចាំការ កាលពីថ្ងៃទី ២ ខែកញ្ញា បានផ្ញើលិខិត សុំគោលការណ៍ ពីឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ និងឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ដើម្បីអនុវត្តវិធានការលើមធ្យោបាយដឹកជញ្ជូន និងយានយន្ត ឆ្នាំ ២០២១។
យោងតាមលិខិតជូនដំណឹងរបស់ លោក ថូរ៉ាក់ស៊ី បានឱ្យដឹងថា ចំពោះយានយន្តជ្រកក្រោមស្លាកលេខរដ្ឋ ស្លាកលេខ ខ.ម និង ន.ប ដែលមានចង្កូតឆ្វេង និងពុំមានក្នុងបញ្ជីទ្រព្យសម្បត្តិរបស់រដ្ឋ និងចំណូលមិនមែនសារពើពន្ធនៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ត្រូវបានអនុគ្រោះតែ ១ លើកចុងក្រោយ ដោយបន្តអនុញ្ញាតឱ្យបង់ពន្ធលើមធ្យោបាយដឹកជញ្ជូន និងយានជំនិះគ្រប់ប្រភេទឆ្នាំ ២០២១ ដោយប្រើប្រាស់ថវិកាផ្ទាល់ខ្លួន តាមការដាក់ពាក្យស្នើសុំរបស់ម្ចាស់យានយន្ត ១ ឆ្នាំទៀតប៉ុណ្ណោះ។ ការបង់ពន្ធនេះពុំមានន័យថា ម្ចាស់យានយន្តបានរួចផុតពីកាតព្វកិច្ចបង់ពន្ធ និងអាករនាំចូលយានយន្តតាមច្បាប់ និងបទប្បញ្ញត្តិជាធរមាននោះឡើយ។
លិខិតដដែលនេះបានឱ្យដឹងថា៖ «អគ្គនាយកដ្ឋានពន្ធដារត្រូវរៀបចំបញ្ជីលម្អិតយានយន្តឯកជនជ្រកក្រោមស្លាកលេខរដ្ឋ ស្លាកលេខ ខ.ម និង ន.ប អំពីភិនភាគសម្គាល់យានយន្ត និងអំពីម្ចាស់យានយន្តជូនដល់អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា ដើម្បីចាត់វិធានការបន្តខាងផ្នែកពន្ធ និងអាករនាំចូល»។
លិខិតដដែលនេះក៏បានបញ្ជាក់អំពីការអនុញ្ញាតឱ្យបង់ពន្ធ និងអាករនាំចូលចំពោះរថយន្តចង្កូតស្តាំមានស្រាប់ក្នុងស្រុក ជាលើកចុងក្រោយ តែត្រូវកែចង្កូតពីស្តាំមកឆ្វេង ដើម្បីឱ្យស្របច្បាប់ចរាចរណ៍ផ្លូវគោករបស់កម្ពុជា ការអនុញ្ញាតនេះមានឱសានវាទត្រឹមដំណាច់ខែមិថុនា ឆ្នាំ ២០២២ បន្ទាប់ពីនោះ រថយន្តចង្កូតស្តាំដែលត្រូវបង្ក្រាបបាននឹងតម្រូវឱ្យដោះបំបែកជាគ្រឿង ឬកម្ទេចចោល»។
ទោះយ៉ាងណាក៏ដោយ លោក ថូរ៉ាក់ស៊ី អះអាងថា គ្រប់ក្រសួង និងស្ថាប័នត្រូវអនុវត្តឱ្យបានម៉ឺងម៉ាត់នូវច្បាប់ និងគោលនយោបាយហាមឃាត់ការនាំចូល និងប្រើប្រាស់រថយន្តចង្កូតស្តាំ លើកលែងតែមានការអនុញ្ញាតពីរាជរដ្ឋាភិបាលជាលក្ខណពិសេសដូចជា រថយន្ត ពន្លត់អគ្គិភ័យ រថយន្តដឹកសំរាម ជាដើម។
លិខិតដដែលបានឱ្យដឹងថា៖ «ក្នុងករណី រកឃើញបុគ្គលដែលមានការពាក់ព័ន្ធ (ត្រង់ចំណុចដែលខុសច្បាប់) បុគ្គលនោះត្រូវទទួលរងទោសទណ្ឌតាមច្បាប់ជាធរមាន»។
លោក គឹម បញ្ញា នាយកអង្គការមូលនិធិបង្ការរបួសអាស៊ី (AIP) បានថ្លែងថា គាំទ្រចំពោះចំណាត់ការហាមឃាត់នាំចូលរថយន្តចង្កូតស្តាំនេះ ដោយលោកថា តាមច្បាប់មិនត្រូវបានអនុញ្ញាតឱ្យមានការប្រើប្រាស់នៅក្នុងស្រុកទេ ពីព្រោះការបើកបរនៅក្នុងប្រទេសកម្ពុជាបានប្រកាន់ស្តាំ ដោយប្រើប្រាស់ចង្កូតឆ្វេង។
លោកបានពន្យល់ថា ការប្រើប្រាស់រថយន្តចង្កូតស្តាំនៅពេលជែង វាបង្កឱ្យមានគ្រោះថ្នាក់ខ្លាំងណាស់ ព្រោះត្រូវជែងខាងឆ្វេងដែលនេះ ត្រូវតែចេញមកឱ្យផុតផ្លូវទើបអាចជែងបាន ហើយរថយន្តប្រភេទនេះមានគ្រោះថ្នាក់ដល់ខ្លួនឯងផង និងអ្នកដទៃផងនៅពេលដែលជែងនៅលើដងផ្លូវ។
លោកបានបញ្ជាក់ទៀតថា៖ «កាលពីឆ្នាំ ២០១៥ ឬ ២០១៦ មិនឱ្យកែចង្កូតទេ ជាជំនួសចេញស្លាកលេខពណ៌ក្រហមតាំងពីពេលនោះមក ខ្ញុំថាបិទលែងឱ្យនាំចូលហើយ ប៉ុន្តែឥឡូវបែរជាលេចធ្លាយមានការនាំចូលមកទៀត»។
លោក ប៉ិច ពិសី នាយកប្រតិបត្តិអង្គការតម្លាភាពកម្ពុជា (TI) បានថ្លែងគាំទ្រចំពោះការប្រមូលពន្ធលើយានយន្តឯកជនជ្រកក្រោមស្លាកលេខរដ្ឋ ស្លាកលេខ ខ.ម និង ន.ប ដើម្បីបង្ហាញពីតម្លាភាព ខណៈលោកសង្កេតឃើញថា បុគ្គលមួយចំនួនមានតួនាទីក្នុងមន្ត្រីរាជការ ប៉ុន្តែប្រើស្លាកលេខរដ្ឋជាលក្ខណៈឯកជន ដោយពុំបានបង់ពន្ធចូលរដ្ឋឡើយ។
លោកថា៖ «ការរៀបចំរបស់រាជរដ្ឋាភិបាលក្នុងការជំរុញឱ្យមន្ត្រីដែលជិះជាឯកជនបង់ពន្ធជារឿងត្រឹមត្រូវ ខ្ញុំគិតថាជាការសម្រេចចិត្តមួយដ៏សមស្របហើយត្រូវនឹងច្បាប់ស្តីពីការគ្រប់គ្រងសម្បត្តិសាធារណៈ ដូច្នេះម្ចាស់យានយន្តដែលជិះលក្ខណៈឯកជនគួរតែត្រូវបង់ពន្ធដូចគេដូចឯងដែរ និងស្មើភាពគ្នាជាមួយពលរដ្ឋសាមញ្ញ»។ «ការអនុវត្តច្បាប់នេះជាផ្នែកមួយឱ្យរដ្ឋបានប្រមូលពន្ធបន្ថែម សម្រាប់ដោះស្រាយស្ថានភាពចំពោះមុខ»៕
វីដេអូ៖