ឧត្តរមានជ័យ/ប.មានជ័យៈ ពលករខ្មែរជាង ១០ ០០០ នាក់ បានវិលត្រឡប់ចូលស្រុកកំណើតវិញតាមច្រកព្រំដែនកម្ពុជា-ថៃ នៃខេត្តឧត្តរមានជ័យ និងខេត្តបន្ទាយមានជ័យ គិតត្រឹមរយៈពេលជាង ២០ ថ្ងៃ បន្ទាប់ពីរាជរដ្ឋាភិបាលអនុញ្ញាតឱ្យបើកច្រកព្រំដែនឡើងវិញចាប់ពីថ្ងៃទី ១៣ ខែសីហា ដល់ថ្ងៃទី ៥ ខែ កញ្ញា ឆ្នាំ ២០២១។
ខេត្តឧត្តរមានជ័យ និងខេត្តបន្ទាយមានជ័យ គឺជាច្រកព្រំដែនកម្ពុជា-ថៃ ដែលមានពលករវិលត្រឡប់មកច្រើនជាងគេ ដោយគិតជាមធ្យមភាគក្នុង ១ ថ្ងៃ ពលករមកតាមខេត្តនេះមិនក្រោមពី ១០០ នាក់ទេ ពោលគឺ ចន្លោះពី ២០០ ទៅ ៣០០ នាក់ក្នុង ១ ខេត្ត។
អ្នកនាំពាក្យសាលាខេត្តឧត្តរមានជ័យ លោក ផល លឹម ប្រាប់ភ្នំពេញប៉ុស្តិ៍ នាថ្ងៃទី ៦ កញ្ញា ថា ពលករខ្មែរដែលធ្វើចំណាកស្រុកទៅធ្វើការនៅប្រទេសថៃនៅតែបន្តវិលចូលស្រុកកំណើតវិញមិនថមថយនោះទេ។ បើផ្អែកតាមរបាយការណ៍ដែលទទួលបានពីមន្ទីរសុខាភិបាលខេត្ត គឺក្នុង ១- ថ្ងៃមានពលករប្រមាណ ២០០ នាក់ ដែលបានវិលត្រឡប់តាមច្រកព្រំដែនខេត្តឧត្តរមានជ័យ។
លោកថ្លែងថា៖ «គិតចាប់ពីថ្ងៃបើកច្រកព្រំដែនឡើងវិញ ពោលចាប់ពីថ្ងៃទី ១៣ ខែសីហា ដល់ថ្ងៃទី ៥ ខែកញ្ញា ឆ្នាំ ២០២១ ពលករ ខ្មែរត្រឡប់ពីថៃវិញមានចំនួន ៦ ៤២៨ នាក់ ក្នុងនោះវិជ្ជមានកូវីដ ១៩ ចំនួន ៧៤០ នាក់»។
ទោះយ៉ាងណា លោកបញ្ជាក់ថា ពលករទាំងនោះសុទ្ធតែមកតាមច្រកព្រំដែនស្របច្បាប់ ដោយពុំសូវមានពលករមកតាមច្រករបៀងខុសច្បាប់នោះទេ។ លោកថាអាជ្ញាធរខេត្តបានរឹតបន្តឹង ច្រកព្រំដែនរបៀងទៅមក។
លោកប្រាប់ថា៖ «កាលពីថ្ងៃទី ៤ ខែកញ្ញានេះ លោកអភិបាលខេត្ត ប៉ែន កុសល្យ លោកបានចុះដើរមើលតាមច្រករបៀង និងបានណែនាំដល់កម្លាំងទាហានដែលបានដាក់ពង្រាយយាមកាមនៅទីនោះឱ្យខិតខំបំពេញការងារ ហើយបើសិនណាជាមានច្រករបៀងណាមានពលករលួច [ចេញ-ចូល] ទាហាននោះនឹងត្រូវរងពិន័យ ឬដកស័ក្តិ»។
លោកទទួលស្គាល់ថា នៅមុនកូវីដ ១៩ មកដល់ នៅតាមច្រករបៀងមានពលករលួចឆ្លងដែនខុសច្បាប់ច្រើន ប៉ុន្តែបន្ទាប់ពីអាជ្ញាធរខេត្ត បានដាក់វិធានការរឹតបន្តឹងច្រកព្រំដែនឡើងវិញ ពុំសូវមានពលករលួចឆ្លងដែនខុសច្បាប់នោះទេ។
លោកបញ្ជាក់ថា៖ «កាលពីមុនមានច្រើនដែរ តែឥឡូវអត់សូវមានពលករលួចឆ្លងដែនខុសច្បាប់ទៅថៃទេ បើមានក៏តិចដែរ ដូចកាលពីថ្ងៃទី ៣ ខែកញ្ញា ឆ្នាំ ២០២១ កម្លាំងទាហានថៃបានចាប់បញ្ជូនពលករខ្មែរម្នាក់ (ប្រុស) ដែលឆ្លងដែនចូលទឹកដី ថៃខុសច្បាប់ ហើយបច្ចុប្បន្ននាំគាត់ទៅធ្វើចត្តាឡីស័ក»។
ទន្ទឹមនឹងនេះ ប្រធានមន្ទីរព័ត៌មានខេត្តបន្ទាយមានជ័យ លោក សេក សុខុម ឱ្យដឹងថា ពលករខ្មែរ ដែលចូលតាមច្រកព្រំដែននៃខេត្តរបស់ខ្លួនមានជាង ៧ ០០០ នាក់។ លោកថា តាមការសង្កេតឃើញថា ពលករនឹងបន្តសម្រុកវិលចូលស្រុកកាន់តែច្រើនស្របពេលថៃជួបវិបត្តិកូវីដ ១៩។
លោកថ្លែងថា៖ «ចំនួនពលករ ដែលវិលចូលកម្ពុជាវិញនឹងបន្តកើនឡើងមិនថយទេ។ ព្រោះបើគិត ពីថ្ងៃបើកច្រកព្រំដែនវិញ ពលករមានជាង ៧ ០០០ នាក់ហើយមកតាមខេត្តយើង ព្រោះការដ្ឋានមួយចំនួន និងក្រុមហ៊ុននៅថៃត្រូវបានបិទទ្វារ។ អ៊ីចឹងពលករបង្ខំចិត្តត្រឡប់កម្ពុជាវិញ»។
បើតាមលោកប្រធានមន្ទីរ មូលហេតុ ដែលនាំឱ្យពលករខ្មែរបន្តវិលត្រឡប់ចូលស្រុកកំណើត គឺដើម្បីជួបជុំជាមួយគ្រួសារ នាឱកាសបុណ្យភ្ជុំបិណ្ឌខាងមុខនេះ ហើយក៏ដើម្បីជួយធ្វើស្រែចម្ការ នៅរដូវវស្សាផងដែរ។
ភ្នំពេញប៉ុស្តិ៍មិនទាន់អាចរកតួលេខនៃចំនួនពលករ ដែលវិលត្រឡប់មកតាមបណ្តាខេត្តជាប់ព្រំដែនកម្ពុជា-ថៃបាននៅឡើយទេ រីឯមន្ត្រីនាំពាក្យសាលាខេត្តប្រាប់ថា ពុំទាន់មានតួលេខក្នុងដៃនៅឡើយ។
នាយកប្រតិបត្តិមជ្ឈមណ្ឌលសម្ព័ន្ធភាពការងារ និងសិទ្ធិមនុស្ស (Central) លោក មឿន តុលា បានថ្លែងថា បញ្ហាចម្បងដែលជំរុញឱ្យពលករខ្មែរសម្រុកមកស្រុកកំណើតវិញយ៉ាងគំហុកនេះ ដោយសារនៅប្រទេសថៃមានការឆ្លងរាលដាលនៃជំងឺកូវីដ ១៩ កាន់តែខ្លាំង។ ហេតុនេះហើយនាំឱ្យរដ្ឋាភិបាលថៃសម្រេចបិទការដ្ឋានសំណង់ផ្សេងៗទាំងក្នុងក្រុង និងជាយក្រុង និងបិទទីតាំងមួយចំនួន ធ្វើឱ្យប៉ះពាល់ដល់ពលករខ្មែរដែលកំពុងបម្រើការងារក្នុងវិស័យនេះ។
លោក តុលា បាន ថ្លែងថា៖ «យើងដឹងហើយនៅប្រទេសថៃ ចំនួនពលករ ដែលទទួលបាន [ការ] ចាក់វ៉ាក់សាំងការពារជំងឺកូវីដ ១៩ បានចំនួនតិចនៅឡើយ។ ជាពិសេសពលករខ្មែរយើងដែលមានឯកសារត្រឹមត្រូវទទួលបាន [ការ] ចាក់វ៉ាក់សាំងតិចណាស់។ ដូច្នេះនៅពេលផ្ទុះកូវីដ ១៩ ជាពិសេសមេរោគបំប្លែងថ្មីដែលតា ធ្វើឱ្យមានការចលាចលខ្លាំង ជាពិសេសវិស័យការងារទើបធ្វើឱ្យពលករខ្មែរវិលចូលស្រុកវិញ»៕