កំពតៈ រដ្ឋបាលខេត្តកំពតកំពុងរៀបចំសំណើទៅក្រសួងការពារជាតិតាមរយៈបញ្ជាការដ្ឋានកងទ័ពជើងគោក ដើម្បីសុំចុះបញ្ជីដីទំហំ ៣០ ហិកតា នៅក្នុងភូមិព្រែកអម្ពិល សង្កាត់កោះតូច ក្រុងបូកគោ ខេត្តកំពត ដើម្បីយកទីតាំងនេះធ្វើជាកន្លែងហ្វឹកហ្វឺនបាញ់គ្រាប់ពិតរបស់តំបន់ប្រតិបត្តិការសឹករងកំពត។
លោក អ៊ឹម ប៉ុណ្ណា នាយកទីចាត់ការអន្តរវិស័យនៃរដ្ឋបាលខេត្តកំពតប្រាប់ ភ្នំពេញ ប៉ុស្តិ៍ នៅថ្ងៃទី ៦ ខែកញ្ញាថា ក្រោយកិច្ចប្រជុំរបស់គណៈកម្មាធិការគ្រប់គ្រងដីរដ្ឋថ្នាក់ខេត្តពីសប្តាហ៍មុន អង្គប្រជុំបានសម្រេចរៀបចំសំណើដាក់ជូនក្រសួងការពារជាតិ ដើម្បីឱ្យស្ថាប័នមួយនេះត្រួតពិនិត្យ និងដាក់សំណើទៅលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ដើម្បីសម្រេចជាផ្លូវការ។ ប៉ុន្តែសំណើនេះខេត្តមិនទាន់បញ្ជូននៅឡើយទេ ដោយសារកំពុងរៀបចំឯកសារពាក់ព័ន្ធ។
ទោះជាយ៉ាងណា លោកមិនទាន់ទទួលបានព័ត៌មានលម្អិតពាក់ព័ន្ធនឹងការហ្វឹកហាត់បាញ់គ្រាប់ពិតនេះទេ ដោយលោកថាមិនមែនជាជំនាញរបស់លោកទេ ប៉ុន្តែរដ្ឋបាលខេត្តគ្រាន់តែមានតួនាទីរៀបចំសំណើទៅក្រសួងការពារជាតិឱ្យចុះបញ្ជីជាដីរបស់រដ្ឋ សម្រាប់យកធ្វើជាទីតាំងបាញ់គ្រាប់ពិតរបស់យោធាតែប៉ុណ្ណោះ។
លោកបានថ្លែងថា៖ «យើងពិនិត្យមើលសិន បើធ្វើហើយក្នុងសប្តាហ៍ហ្នឹង យើងនឹងបញ្ជូនទៅហើយ។ ឥឡូវនេះ យើងកំពុងតែរៀបចំឯកសារ យើងកំណត់វាមិនទាន់បាន ព្រោះការងារវាច្រើនដែរ ហើយនៅពេលដែលយើងធ្វើរួច ត្រូវឆ្លងយោបល់ និងកែសម្រួលខ្លឹមសារ មុននឹងដាក់ជូនទៅក្រសួងការពារជាតិ»។
បើតាមលោក អ៊ឹម ប៉ុណ្ណា ទីតាំងដីដែលស្នើសុំធ្វើជាកន្លែងហ្វឹកហ្វឺនបាញ់គ្រាប់ពិតនេះ មិនមានពាក់ព័ន្ធនឹងដី ឬផ្ទះរបស់ពលរដ្ឋនោះទេ ព្រោះវាជាដីគម្របព្រៃឈើ។
លោក ហុក ចន្តា មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងកំពតប្រាប់ ភ្នំពេញ ប៉ុស្តិ៍ នៅថ្ងៃ ៦ កញ្ញាដែរថា ទីតាំងនេះជាដីគម្របព្រៃរបស់រដ្ឋ។ កាលពីមុនជាដីរបស់ លោក ឧកញ៉ា វិញហួរ ប៉ុន្តែបច្ចុប្បន្ននេះដីត្រូវបានឆ្វៀលមកឱ្យកងទ័ពធ្វើជាទីតាំងហ្វឹកហ្វឺនពង្រឹងសមត្ថភាព។ ដូច្នេះបានជាត្រូវចុះបញ្ជីដីនេះ ជាដីឯកជនរបស់រដ្ឋសម្រាប់កងទ័ពជើងគោក។
លោកបានបន្តថា ទីតាំងនេះគឺមានសារៈសំខាន់ណាស់ក្នុងការពង្រឹងសមត្ថភាពរបស់កងទ័ពលើគ្រប់វិស័យយោធា ដើម្បីប្រយោជន៍ជាតិ បើទោះបីប្រទេសកម្ពុជាមានសន្តិភាពក៏ដោយ ក៏កម្លាំងយោធាត្រូវតែហ្វឹកហាត់ឱ្យមានជំនាញពិតប្រាកដកុំឱ្យគេថាធ្វើទាហានអត់ចេះបាញ់កាំភ្លើង។
លោកបានបញ្ជាក់ថា៖ «ទីតាំងនេះជាលើកដំបូងសម្រាប់កងទ័ពនៅខេត្តកំពត ដោយកាលពីមុនយើងទៅហ្វឹកកន្លែងគេផ្សេង ប៉ុន្តែឥឡូវនេះយើងមានកន្លែងរបស់ខ្លួនឯង។ មិនតែប៉ុណ្ណោះ កងទ័ពដែលជាប់ខេត្តកំពត ដូចជា កងទ័ពនៅខេត្តកែបក៏អាចមកហ្វឹកហាត់នៅទីតាំងនេះបានដែរ»។
លោក ជាវ តាយ អភិបាលខេត្ត និងជាប្រធានគណៈកម្មាធិការ គ្រប់គ្រងដីរដ្ឋថ្នាក់ខេត្តកំពតបានឱ្យដឹងកាលពីថ្ងៃទី ២ ខែកញ្ញា ថា តាមសំណើរបស់លោក ហុក ចន្តា មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងកំពតគឺផ្ទៃដីនេះមានទំហំ ៣០ ហិកតា ដោយសុំដើម្បីចុះបញ្ជីជាទីតាំងសម្រាប់ ហ្វឹកហ្វឺនបាញ់គ្រាប់ពិតជូនតំបន់ប្រតិបត្តិការសឹករងកំពត។
ប៉ុន្តែលោកបានបញ្ជាក់ថា៖ «ពេលក្រុមការងារបានចុះពិនិត្យជាក់ស្ដែងឃើញថា មានទំហំត្រឹមតែ ២៤,៣៣ ហិកតា ដោយកាត់ចំណីអូរ និងផ្លូវទំហំ ៥,៦៧ ហិកតាចេញ។ ទីតាំងនេះជាតំបន់វាលរាប ខ្ពង់រាប អូរ ហើយផ្ទៃដីទាំងមូលត្រូវបានឈូសឆាយកសាងហេដ្ឋារចនាសម្ព័ន្ធមួយចំនួន និងមួយចំនួនទៀតជាដីព្រៃរេចរឹលមានលក្ខណៈ ភូមិសាស្ត្រល្អក្នុងការយកមកធ្វើទីលានហ្វឹកហ្វឺនបាញ់គ្រាប់ពិត»៕