ភ្នំពេញៈ ខេត្តចំនួន ៣-៤ គ្រោងបិទបញ្ចប់ការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ ១៩ សម្រាប់ក្រុមមនុស្សអាយុពី ១៨ ឆ្នាំឡើងទៅ ក្នុងសប្តាហ៍នេះ ប៉ុន្តែការចាក់វ៉ាក់សាំងនេះនៅតែបន្តឱ្យដំណើរការចាក់សម្រាប់អ្នកដែលមិនទាន់បានចាក់សោះនៅតាមមណ្ឌលសុខភាពនានា។ នេះបើតាមមន្ត្រីក្រសួងសុខាភិបាល កាលពីថ្ងៃទី ៦ កញ្ញា។
លោកស្រី ឱ វណ្ណឌីន មន្ត្រីនាំពាក្យក្រសួងសុខាភិបាល និងជាប្រធានគណៈកម្មការចំពោះកិច្ចចាក់វ៉ាក់សាំងកូវីដ ១៩ ក្នុងក្របខ័ណ្ឌទូទាំងប្រទេសឱ្យដឹងថា លោកស្រីបានទទួលការអនុញ្ញាតពីលោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ក្នុងការប្រកាសបិទបញ្ចប់នូវការចាក់វ៉ាក់សាំងកូវីដ ១៩ សម្រាប់មនុស្សអាយុពី ១៨ ឆ្នាំឡើងទៅ។
លោកស្រីថ្លែងថា៖ «ខេត្តទាំងនោះ មានខេត្តកណ្តាល ខេត្តព្រះសីហនុ ខេត្តកែប ហើយយើងក៏ទទួលបាននូវសំណើពីខេត្តប៉ៃលិន ក្នុងការបិទបញ្ចប់ការចាក់វ៉ាក់សាំងសម្រាប់ខេត្តនេះផងដែរ»។
លោកស្រី ឱ វណ្ណឌីន នឹងចុះតាមបណ្តាខេត្តដែលនឹត្រូវបិទបញ្ចប់នេះ ដើម្បីធ្វើការប្រកាសបិទបញ្ចប់នូវយុទ្ធនាការចាក់វ៉ាក់សាំងនេះ ដែលខេត្តកណ្តាលនឹងត្រូវបិទបញ្ចប់នៅព្រឹកថ្ងៃទី ៨ ខែកញ្ញា ខេត្តព្រះសីហនុ និងខេត្តកែប នឹងបិទនៅថ្ងៃទី ១០ ខែកញ្ញា។ រីឯខេត្តប៉ៃលិន នឹងរង់ចាំការសម្រេចពីលោកនាយរដ្ឋមន្រ្តី ហ៊ុន សែន ជាមុនសិន៕