ព្រះវិហារៈ អាជ្ញាធរជាតិព្រះវិហារ សហការជាមួយអង្គភាពស៊ីម៉ាក់ គ្រោងបើកប្រតិបត្តិការរួមគ្នា បោសសម្អាតមីន និងយុទ្ធភណ្ឌមិនទាន់ផ្ទុះចំនួន ២ ទីតាំង ដែលជាផ្ទៃដីពង្រីកបន្ថែមស្ថិតក្នុងរមណីយដ្ឋានប្រាសាទកោះកេរ ខណៈតំបន់ថ្មីនេះត្រូវបានរកឃើញថា ជាស្នាមនៃប្រព័ន្ធធារាសាស្ត្រ ដែលបន្សល់ទុកតាំងពីសម័យបុរាណភ្ជាប់ទៅប្រាសាទនៅក្នុងប្រទេសឡាវ។
កាលពីថ្ងៃទី ២ កញ្ញា លោក ផេង សំអឿន អគ្គនាយករង ទទួលបន្ទុករមណីយដ្ឋានប្រាសាទកោះកេរ បានដឹកនាំក្រុមការងារដែលមកពីអង្គភាពស៊ីម៉ាក់ រួមទាំងមន្ត្រីជំនាញក្រោមឱវាទរបស់អាជ្ញាធរជាតិព្រះវិហារ បានចុះត្រួតពិនិត្យនៅទីតាំងជាក់ស្តែង ដើម្បីស្នើសុំបោសសម្អាតមីន និងយុទ្ធភណ្ឌមិនទាន់ផ្ទុះនៅទីតាំងទាំង ២ នេះ។
អាជ្ញាធរជាតិព្រះវិហារបានឱ្យដឹងនៅលើទំព័រហ្វេសប៊ុករបស់ខ្លួនថា ទីតាំងទាំង ២ នេះគឺទី១ នៅប្រាសាទតាមែន ដែលជាតំបន់អាទិភាព ដោយស្នើសុំបោសសម្អាតមីនជុំវិញបរិវេណប្រាសាទនេះមុនគេ ដោយមានទំហំ ៤,៦៧ ហិកតា ដែលស្ថិតនៅភាគខាងជើងនៃរមណីយដ្ឋានប្រាសាទកោះកេរ។
អាជ្ញាធរជាតិព្រះវិហារបានឱ្យដឹងបន្តថា ចំពោះទីតាំងទី ២ គឺស្ថិតនៅតំបន់ការពារទី១ និងតំបន់ការពារទី២ នៃរមណីយដ្ឋានប្រាសាទកោះកេរ ដោយមានទំហំ ៥៧,២៥ ហិកតា ដែលជាតំបន់ស្នើសុំបោសសម្អាតមានរយៈពេលខ្លី ព្រោះជាកន្លែងសម្រាប់កិច្ចការពារអភិរក្សប្រាសាទ ស្រាវជ្រាវ និងសម្រាប់កិច្ចអភិវឌ្ឍន៍ទេសចរណ៍។
លោក គង់ ពុទ្ធិការ អគ្គនាយកអាជ្ញាធរជាតិព្រះវិហារបានប្រាប់ ភ្នំពេញ ប៉ុស្តិ៍ នៅថ្ងៃទី ៥ កញ្ញាថា តាមការចុះស្រាវជ្រាវ និងផែនទីរបស់អង្គភាពស៊ីម៉ាក់ក្នុងតំបន់រមណីយដ្ឋានប្រាសាទកោះកេរ គឺនៅមានផ្ទៃដីប្រមាណ ២០០ ហិកតាទៀត ដែលនឹងត្រូវធ្វើការបោសសម្អាតមីន និងយុទ្ធភណ្ឌមិនទាន់ផ្ទុះ។
ជាមួយនឹងការចុះបោសសម្អាតមីន និងយុទ្ធភណ្ឌមិនទាន់ផ្ទុះនេះ ក្រុមការងារជំនាញនៃអាជ្ញាធរជាតិព្រះវិហារ និងអង្គភាពស៊ីម៉ាក់ កំពុងបន្តកិច្ចពិភាក្សាគ្នា ដើម្បីកំណត់តំបន់អាទិភាពក្នុងការបើកប្រតិបត្តិការរួមគ្នាក្នុងពេលឆាប់ៗ។
លោករៀបរាប់ថា៖ «ផ្ទៃដីដែលនៅសេសសល់មីននេះ គឺស្ថិតនៅផ្នែកខាងជើងនៃប្រាសាទ ដោយយើងមិនទាន់អនុញ្ញាតឱ្យភ្ញៀវទេសចរ ចូលក្នុងតំបន់នោះទេ ព្រោះតំបន់នេះ យើងទើបតែពង្រីកទៅខាងហ្នឹង ដើម្បីរៀបចំប្រព័ន្ធអភិរក្សការពារអ្វីដែលមាននៅក្នុងតំបន់ពីបុរាណហ្នឹង»។
លោកបន្ថែមថា៖ «យើងកំពុងដោះស្រាយតំបន់ហ្នឹង នៅពេលបញ្ចប់កិច្ចការហើយ បានយើងអាចអនុញ្ញាតឱ្យភ្ញៀវទៅតំបន់ហ្នឹងបាន។ តំបន់ដែលយើងពង្រីកបន្ថែមនេះ គឺមានទំនប់បុរាណមួយ ដែលជាប្រព័ន្ធធារាសាស្ត្របុរាណ ភ្ជាប់ជាមួយប្រាសាទតាមែន ភ្ជាប់ទៅផ្លូវអង្គរមកកោះកេរ ហើយបន្តទៅដល់ប្រាសាទវត្តភូ ប្រទេសឡាវ»។
បើតាមលោក គង់ ពុទ្ធិការ តំបន់រមណីយដ្ឋានប្រាសាទកោះកេរទាំងមូល គឺមានផ្ទៃដីសរុប ៨ ៧៨៩ ហិកតា ដោយលោករំពឹងថា ផ្ទៃដីដែលបានពង្រីកបន្ថែមនេះនឹងត្រូវបានបោសសម្អាតមីន និងយុទ្ធភណ្ឌមិនទាន់ផ្ទុះឱ្យបានឆាប់រហ័ស ដើម្បីក្រុមការងារអាចបន្តកិច្ចការពារអភិរក្ស និងស្រាវជ្រាវ ជាពិសេសគឺការផ្តល់ឱកាសដល់ភ្ញៀវទេសចរទៅទស្សនាដោយភាពកក់ក្តៅ៕