ភ្នំពេញៈ រដ្ឋបាលរាជធានីភ្នំពេញបាននិងកំពុងសាងសង់ស្ថានីយបូមទឹកបឹងទំពុនបន្ថែម និងកំពុងបន្តស្តារប្រឡាយមួយចំនួនទៀត ដើម្បីដោះស្រាយបញ្ហាទឹកជំនន់ជន់លិចក្នុងភូមិសាស្ត្រ ខណ្ឌមានជ័យ ខណ្ឌទួលគោក ខណ្ឌសែនសុខ និងខណ្ឌពោធិ៍សែនជ័យ។
ដើម្បីដោះស្រាយបញ្ហាទឹកជំនន់ជន់លិចនៅតំបន់ភូមិសាស្ត្រ ខណ្ឌទាំង ៤ នេះ រដ្ឋបាលរាជធានីភ្នំពេញបាននិងកំពុងសាងសង់ស្ថានីយបូមទឹកបឹងទំពុនបន្ថែម ដោយបំពាក់ម៉ូទ័រទំហំ ១ ម៉ែត្រចំនួន ២ គ្រឿង ដែលមានសមត្ថភាពបូមទឹក ៦ ម៉ែត្រគុប ក្នុង ១ វិនាទី។ នេះបើតាមសេចក្តីជូនដំណឹងរបស់រដ្ឋបាលរាជធានីភ្នំពេញ កាលពីថ្ងៃទី ៣ ខែកញ្ញា។
សេចក្តីជូនដំណឹងដដែលបញ្ជាក់ថា ដំណើរការសាងសង់នេះឈានដល់ដំណាក់កាលកាត់សាច់ផ្លូវ ដើម្បីបង្កប់បំពង់បូមទឹក ចំនួន ៣ ខ្សែនៅក្រោមផ្លូវលេខ ៣៧១ ។ អាជ្ញាធរបានអំពាវនាវដល់អ្នកធ្វើចរាចរណ៍ឆ្លងកាត់តំបន់ការដ្ឋាននេះសូមវាងទៅកាន់ផ្លូវផ្សេងចាប់ពីថ្ងៃទី ៦ ខែកញ្ញា ដល់ថ្ងៃទី ៥ ខែវិច្ឆិកា ចាប់ពីម៉ោង ៨ ព្រឹកដល់ម៉ោង ៥ ល្ងាចដើម្បីឱ្យគម្រោងសាងសង់ស្ថានីយបូមទឹកនេះ បញ្ចប់ឱ្យបានឆាប់រហ័ស។
លោក ម៉ែន សុខខេន ប្រធានស្តីទី អង្គភាពលូទឹក បូមទឹកនៃមន្ទីរសាធារណការ និងដឹកជញ្ជូនរាជធានីភ្នំពេញបានឱ្យដឹងថា ដើម្បីដោះស្រាយ បញ្ហាលិចលង់នៅរាជធានីភ្នំពេញ អង្គភាពលូទឹក បូមទឹក កំពុងធ្វើសកម្មភាព ស្តារប្រឡាយ ទួលពង្រទី ២ ដើម្បីបង្ហូរទឹកភ្លៀង និងទឹកកខ្វក់ពីផ្លូវជាតិលេខ ៣ ទៅកាន់ប្រឡាយព្រែកហា នាំទឹកធ្លាក់ទៅព្រែកត្នោត។
លោកថា ការងារស្តារប្រឡាយទួលពង្រទី ២ នេះមានប្រវែងសរុប ៦ ១០០ ម៉ែត្រ មានទទឹងពី ១០ ម៉ែត្រទៅ ១៥ ម៉ែត្រ និងមានជម្រៅចាប់ពី ២,៥ ម៉ែត្រ ទៅ ៣,៥ ម៉ែត្រ។ ក្នុងនោះបានធ្វើការស្តារបានសម្រេចប្រមាណជាង ៩០ ភាគរយហើយបើគិតត្រឹមថ្ងៃទី ៥ កញ្ញា។
លោកបានបញ្ជាក់ថា កន្លែងនៅសេសសល់នោះព្រោះកំពុងបន្តដោះស្រាយផលប៉ះពាល់ជាមួយរបងថ្មរបស់ប្រជាពលរដ្ឋ ដែលសង់ជាប់ប្រឡាយ។ លោកថ្លែងថា៖ «យើងជិតរួចរាល់អស់ហើយ បើតាមមើលជាក់ស្តែងនៅអាទិត្យក្រោយហ្នឹងយើងវ៉ៃផ្តាច់តែម្តង»។
បើតាមលោក ម៉ែន សុខខេន ប្រឡាយនេះនឹងអាចកាត់បន្ថយទឹកជំនន់ទឹកភ្លៀងនៅភាគខ្លះនៃខណ្ឌកំបូល រួមមាន សង្កាត់ប្រទះឡាង និងខណ្ឌពោធិ៍សែនជ័យ រួមមាន សង្កាត់ចោមចៅ ២ និងចោមចៅ ១ និងភាគខ្លះនៃខណ្ឌដង្កោ ដែលមានសង្កាត់ព្រៃសជាដើម។
លោក ប៉ាង លីដា អភិបាលរងខណ្ឌពោធិ៍សែនជ័យថ្លែងនៅថ្ងៃទី ៥ កញ្ញាថា សម្រាប់ខណ្ឌពោធិ៍សែនជ័យក៏បានធ្វើការស្តារប្រឡាយមេមួយចំនួន ដើម្បីត្រៀមរំដោះទឹកជំនន់ផងដែរ។ ក្នុងនោះទី១ ស្តារប្រឡាយមេអមផ្លូវរថភ្លើងដែលមានប្រវែងប្រមាណ ១០ គីឡូម៉ែត្រ ដើម្បីរំដោះទឹកពីផ្លូវសហព័ន្ធរុស្ស៊ី ផ្លូវពោធិ៍ចិនតុង វត្តពោធិ៍ចិនតុង នាំទឹកឱ្យធ្លាក់ទៅប្រឡាយ អូរគជ់នៅខាងខណ្ឌសែនសុខ។
ចំណែកមួយទៀត គឺប្រឡាយថ្មីដែលនាំទឹកពីផ្លូវជាតិលេខ ៤ ទៅបឹងទំនប់កប់ស្រូវ។ ប្រឡាយថ្មីនេះមានប្រវែងជាង ១០ គីឡូម៉ែត្រ។ ប៉ុន្តែលោកមិនបានបញ្ជាក់ឱ្យបានច្បាស់ថា ប្រឡាយនេះឈ្មោះអ្វីនោះទេ ព្រោះជាប្រឡាយថ្មីទើបបង្កើត។ លោកបញ្ជាក់ថា៖ «ប្រឡាយនៅអមផ្លូវរថភ្លើង យើងបានធ្វើរួចរាល់អស់ហើយ ចំណែកក្រៅពីនេះយើងកំពុងធ្វើបន្តបន្ទាប់ទៀត»។
លោក ម៉ូវ ម៉ានិត អភិបាលខណ្ឌសែនសុខថ្លែងនៅថ្ងៃទី ៥ ខែកញ្ញាថា អាជ្ញាធរខណ្ឌសែនសុខ បាននិងកំពុងបន្តស្តារប្រឡាយមេមួយចំនួនដើម្បីរំដោះទឹកជំនន់ក្នុងនោះមានការស្តារប្រឡាយពោងពាយ ប្រឡាយទួលសំពៅ និងមានប្រឡាយរងខ្លះទៀតផងដែរ ដើម្បីរំដោះទឹកជំនន់នៅភាគខាងជើងរាជធានីភ្នំពេញ។
លោកថ្លែងថា៖ «ប្រឡាយពោងពាយ និងប្រឡាយទួលសំពៅជាប្រឡាយមេ ២ ខ្សែ រំដោះទឹកនៅភាគខាងជើងរាជធានីភ្នំពេញ និងមានប្រឡាយរង ដែលគេហៅថា ជើងក្អែបហ្នឹង យើងធ្វើការស្តារប្រហែលជាជាង ២ ពាន់ម៉ែត្រទៀត ដើម្បីរំដោះទឹក»៕
វីដេអូ៖