ភ្នំពេញៈ ក្រុមប្រឹក្សាជាតិប្រាក់ឈ្នួលអប្បបរមានៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈបានសម្រេចកំណត់កិច្ចប្រជុំជាក់លាក់ជាបន្តបន្ទាប់ចាប់ពីពាក់កណ្ដាលខែកញ្ញាទៅ ដើម្បីជួបចរចាប្រាក់ឈ្នួលគោលរបស់កម្មករនិយោជិតផ្នែកវាយនភណ្ឌកាត់ដេរ និងផលិតស្បែកជើងសម្រាប់ឆ្នាំ ២០២២ ខណៈបានប្រកាសសមាសភាពក្រុមប្រឹក្សាថ្មី នៅអាណត្តិទី ២ ជាផ្លូវការ។
ការប្រកាសយ៉ាងដូច្នេះបានធ្វើឡើង បន្ទាប់ពីក្រុមប្រឹក្សាជាតិប្រាក់ឈ្នួលអប្បបរមាអាណត្តិទី២ ឆ្នាំទី១ បានបើកកិច្ចប្រជុំលើកទី១ តាមរយៈប្រព័ន្ធអនឡាញ (Zoom) ដើម្បីពិភាក្សាកំណត់ប្រាក់ឈ្នួលអប្បបរមារបស់កម្មករនិយោជិតផ្នែកវាយនភណ្ឌកាត់ដេរ និងផលិតស្បែកជើងសម្រាប់ឆ្នាំ ២០២២ កាលពីថ្ងៃទី ៧ ខែកញ្ញា ឆ្នាំ ២០២១។
សេចក្ដីថ្លែងការណ៍របស់ក្រុមប្រឹក្សាជាតិប្រាក់ឈ្នួលអប្បបរមាបានឱ្យដឹងនៅថ្ងៃទី ៧ កញ្ញាថា ក្រុមប្រឹក្សាជាតិប្រាក់ឈ្នួលអប្បបរមាបានប្រកាសជាផ្លូវការពីសមាសភាពក្រុមប្រឹក្សាជាតិប្រាក់ឈ្នួលអប្បបរមាអាណត្តិទី២ ដោយមាន លោក គឹម ចាន់សំណាង ជាអនុប្រធានតំណាងអង្គការវិជ្ជាជីវៈរបស់កម្មករនិយោជិត និងលោក ណាង សុធី ជាអនុប្រធានតំណាងអង្គការវិជ្ជាជីវៈរបស់និយោជក។
បន្ថែមពីនេះ ក្រុមប្រឹក្សានេះក៏បានធ្វើបទបង្ហាញអំពីបច្ចុប្បន្នភាពស្ថិតិសំខាន់ៗនៃលក្ខណវិនិច្ឆ័យបែបសង្គម និងសេដ្ឋកិច្ចក្នុងបរិបទនៃវិបត្តិជំងឺកូវីដ ១៩ សម្រាប់ភាគីពាក់ព័ន្ធធ្វើជាមូលដ្ឋានក្នុងការពិភាក្សាកំណត់ប្រាក់ឈ្នួលអប្បបរមាផ្នែកវាយនភណ្ឌ កាត់ដេរ និងផលិតស្បែកជើងសម្រាប់ឆ្នាំ ២០២២ ផងដែរ។
សេចក្ដីថ្លែងការណ៍ដដែលបានឱ្យដឹងទៀតថា នៅក្នុងកិច្ចប្រជុំជាលើកដំបូងនេះ ក្រុមប្រឹក្សាជាតិប្រាក់ឈ្នួលអប្បបរមាបានស្តាប់គោលជំហរពីតំណាងភាគីនីមួយៗដែលមកភាគីនិយោជក និងភាគីនិយោជិត និងបានរៀបចំកិច្ចប្រជុំបន្តបន្ទាប់ ដើម្បីចរចាគ្នាកំណត់ពីការដំឡើងប្រាក់ឈ្នួលជូនកម្មករ។
សេចក្តីថ្លែងការណ៍បញ្ជាក់ថា «នឹងរៀបចំកិច្ចប្រជុំបន្ទាប់នៅម៉ោង ៩ ព្រឹកនៃថ្ងៃទី ១៤,ទី ២១ និងទី ២៨ ខែ កញ្ញា ឆ្នាំ ២០២១ នៅទីស្តីការក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ និងតាមរយៈប្រព័ន្ធអនឡាញ (Zoom) តាមសំណូមពរ និងស្ថានភាពជាក់ស្តែងនៃសមាជិក សមាជិការបស់ក្រុមប្រឹក្សាជាតិប្រាក់ឈ្នួលអប្បបរមា»។
កាលពីថ្ងៃទី ៦ កញ្ញា ភាគីសហជីព បានឯកភាពរួមគ្នាកំណត់យកតួលេខ ២២,២ ដុល្លារអាមេរិក ឬស្មើ ១១,៦ ភាគរយ ដើម្បីដាក់ស្នើក្នុងការចរចាប្រាក់ឈ្នួលគោលរបស់កម្មករនិយោជិតផ្នែកវាយនភណ្ឌកាត់ដេរ និងផលិតស្បែកជើងសម្រាប់ឆ្នាំ ២០២២។
ចំណែកភាគីនិយោជកបានអះអាងថា សំណើទាំងនេះនឹងមិនអាចទៅរួចនោះទេ ហើយការស្នើសុំដំឡើងប្រាក់ឈ្នួលកម្មករក្នុងកាលៈទេសៈបែបនេះនឹងធ្វើឱ្យប៉ះពាល់ និងខាតប្រយោជន៍ផ្នែកសេដ្ឋកិច្ច។ នេះបើតាមប្រសាសន៍ លោក កាំង ម៉ូនីកា អគ្គលេខាធិការរងនៃសមាគមរោងចក្រកាត់ដេរនៅកម្ពុជា។
កាលពីឆ្នាំ ២០២១ រដ្ឋាភិបាលបានដំឡើងប្រាក់ឈ្នួលអប្បបរមាសម្រាប់កម្មករនិយោជិតផ្នែកវាយនភណ្ឌកាត់ដេរ និងផលិតផលស្បែកជើងពី ១៩០ ដុល្លារទៅ ១៩២ ដុល្លារ ក្នុង ១ ខែ។
ការដំឡើងតែ ២ ដុល្លារនេះ ដោយរដ្ឋាភិបាលបានអះអាងថា វិស័យនេះកំពុងទទួលរងនូវវិបត្តិធ្ងន់ធ្ងរដែលបណ្តាលមកពីជំងឺកូវីដ ១៩៕