ព្រៃវែងៈ ទោះបីជា​ការប្រកប​អាជីវកម្ម​ឡ​អុសធ្យូង​ត្រូវ​បាន​គេ​អះអាងថា ធ្វើឱ្យប៉ះពាល់​ធ្ងន់ធ្ងរ​ដល់​ធនធាន​ព្រៃឈើ​នៅ​កម្ពុជា​ក្ដី ប៉ុន្តែ​ពលរដ្ឋ​ដែល​រស់នៅ​ជិត​ព្រំដែន​អន្តរជាតិ​ម៉ឺន​ជ័យ​ក្នុង​ខេត្តព្រៃវែង​បាន​អះអាង​ថា ថ្មីៗ​នេះ​សកម្មភាព​ដឹកជញ្ជូន​អុសធ្យូង​ទៅ​លក់​នៅ​ប្រទេស​វៀតណាម​បានកើត​មាន​យ៉ាង​គគ្រឹកគគ្រេង​ដោយ​គ្មាន​ការត្រួតពិនិត្យ​ពី​សមត្ថកិច្ច​ពាក់ព័ន្ធ​ឡើយ​។

ប្រជាពលរដ្ឋ​ក្នុង​ឃុំ​ក្របៅ ស្រុក​កំចាយមារ ខេត្តព្រៃវែង លោក រិន សារ៉ុម អាយុ​ ៥៦ ​ឆ្នាំ បាន​ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍​នៅ​ថ្ងៃទី ៦ ខែកញ្ញា​ថា ក្នុង​រយៈពេល​ជាង​ ១ ​សប្ដាហ៍​កន្លងមកនេះ សកម្មភាព​ដឹកជញ្ជូន​អុសធ្យូង​តាម​រថយន្ត​កែច្នៃ និង​រ៉ឺម៉ក​រាប់សិប​គ្រឿង​យក​ទៅ​លក់​នៅ​ព្រំដែន​កម្ពុជា-វៀតណាម ក្បែរ​ច្រកព្រំដែន​អន្តរជាតិ​ម៉ឺនជ័យ​បាន​កើត​មាន​យ៉ាង​គគ្រឹកគគ្រេង​។

លោក សារ៉ុម បាន​ថ្លែងថា​៖ «​ក្នុង ១ ​ថ្ងៃ​យ៉ាងហោចណាស់​មាន​រថយន្ត និង​រ៉ឺម៉ក​ដឹក​ធ្យូង​​ពី​ ២០ ​ទៅ​ ៣០ ​គ្រឿង​ បាន​ដឹក​ចេញពី​ខេត្ត​ត្បូងឃ្មុំ​ឆ្លងកាត់​ភូមិ​ស្រុក​របស់​យើងខ្ញុំ​ទៅ​លក់​ឱ្យ​ជនជាតិ​វៀតណាម​ ដែល​ជា​ឈ្មួញកណ្ដាល​នៅជាប់​ច្រកព្រំដែន​អន្តរជាតិ​ម៉ឺនជ័យ​»​។

លោក​បាន​បន្តថា​៖ «​គ្មាន​អាជ្ញាធរ​ណា​ម្នាក់​ឃាត់​ ឬ​ត្រួតពិនិត្យ​ថា មានច្បាប់​ ឬ​អត់​ច្បាប់​នោះទេ​។ ​ពួកគេ​លក់​ធ្យូង​បាន​ថ្លៃ​កាក់កប​ផងដែរ គឺ​ក្នុង​ ១ ​គីឡូក្រាម​ធ្យូង លក់​បាន​ពី​ ១ ៣០០ ​រៀល ទៅ​ ១ ៥០០ ​រៀល​»​។

ជុំវិញ​ករណីនេះ លោក ខៀវ សុខុម អធិការ​ស្រុក​កំចាយមារ​បាន​ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍ ដោយ​លោក​ទទួលស្គាល់ថា ពិតជា​មាន សកម្មភាព​ដឹកជញ្ជូន​ធ្យូង​លក់​តាម​រថយន្ត​កូរ៉េ​ប្រភេទ​ ៣,៥ ​តោន និង​រ៉ឺម៉ក​ម៉ូតូ យ៉ាង​គគ្រឹកគ្រេង​មែន ប៉ុន្តែ​ត្រង់​ដឹក​យកទៅ​លក់​បន្ត​ឱ្យ​ជនជាតិ​វៀតណាម​នៅជាប់​ច្រកព្រំដែន​អន្តរជាតិ​ម៉ឺនជ័យ​ឬ​យ៉ាងណា​នោះ គឺ​លោក​មិនបាន​ដឹង​ទេ​។

លោក​បាន​បញ្ជាក់ថា​៖ «​ខ្ញុំ​ឃើញតែ​គេ​ដឹក​ធ្យូង​លក់​នៅតាម​​ភូមិ ឃុំ ស្រុក​យើង​ហ្នឹងឯង​។ ខ្ញុំ​ពិតជា​មិនបាន​សួរនាំ​ពួកគេ​ទេ ព្រោះ​វា​មិន​ស្ថិតក្នុង​ដែន​សមត្ថកិច្ច​ជំនាញ​របស់​យើងខ្ញុំ​ជា​មន្ត្រី​​នគរបាល​។ ម្យ៉ាងទៀត ពួក​អ្នកដឹក​ធ្យូង​លក់​តាម​រថយន្ត និង​រ៉ឺម៉ក​ទាំងនោះ ពុំដែល​បង្កបញ្ហា​អសន្តិសុខ​ដល់​ពលរដ្ឋ​ក្នុង​មូលដ្ឋាន​យើងខ្ញុំ​ដែរ​»​។

ចំណែក​លោក វ៉ាន់ ពិសិដ្ឋ នាយ​នគរបាល​ប៉ុស្តិ៍​ច្រកទ្វារ​ព្រំដែន​អន្តរជាតិ​ម៉ឺន​ជ័យ បាន​ប្រាប់​ ភ្នំពេញ​ ប៉ុស្តិ៍​ ដែរ​ថា ពិតជា​មាន​អ្នក​ដឹក​ធ្យូង​មក​លក់​ដល់​ព្រំដែន​ពិតមែន ប៉ុន្តែ​ក្នុង​​អំឡុង​ពេលនេះ បើ​មិន​មាន​ការអនុគ្រោះ​ខ្លះ​ទេ ពលរដ្ឋ​ដែល​ប្រកប​លើ​មុខរបរ​លក់​ធ្យូង​នេះ​អាច​ប្រឈម​នឹង​កង្វះ​ជីវភាព​ធ្ងន់ធ្ងរ ហើយ​អ្នកខ្លះ​អាច​នឹង​ឈានដល់​ការបាត់បង់​ដីធ្លី និង​ផ្ទះសំបែង ដោយសារ​បំណុល​ធនាគារ​ផង ក៏​អាច​ថា​បាន​។

លោក ពិសិដ្ឋ បាន​ថ្លែងថា​៖ «​យើង​មិន​ចេះតែ​បង្ក្រាប​ចាប់​គ្រប់​រឿង​នោះទេ​។ ចំណុច​ខ្លះ​សមត្ថកិច្ច​យើង​ក៏​មាន​ការអត់ឱន​ផងដែរ ព្រោះ​ផលិតផល​ធ្យូង​មិនមែន​ជា​ទំនិញ​ខុសច្បាប់​នោះទេ​»​។

យ៉ាងណាក្ដី លោក ឃឹម អូន នាយ​ខណ្ឌ​រដ្ឋបាល​ព្រៃឈើ​ខេត្តព្រៃវែង​បាន​ប្រាប់ ​ភ្នំពេញ ​ប៉ុស្តិ៍​ថា ការដឹកជញ្ជូន​ផលិតផល និង​​អនុផល​ព្រៃឈើ ត្រូវតែ​មាន​លិខិតអនុញ្ញាត​ដែល​ចេញ​ដោយ​សមត្ថកិច្ច​ជំនាញ​។ ​ស្រដៀង​គ្នា​នេះ ការធ្វើ​អាជីវកម្ម​គ្រប់​ប្រភេទ​​ទោះ​ក្នុង​លក្ខណៈ​គ្រួសារ​ក្ដី គឺ​ត្រូវ​​តែមាន​លិខិត​អនុញ្ញាត​ធ្វើ​អាជីវកម្ម​ ឬ​ប័ណ្ណ​ប៉ាតង់​ដែល​ចេញ​ដោយ​​ក្រសួង និង​អង្គភាព​ជំនាញ​។

លោក​បាន​បញ្ជាក់ថា​៖ «​ជា​ការពិត​អាជីវកម្ម​ឡធ្យូង ដែល​កាប់​ឈើ​ចេញពី​ព្រៃ គឺ​ត្រូវបាន​ហាមឃាត់ ព្រោះ​វា​ធ្វើឱ្យ​ប៉ះពាល់​ដល់​គម្រប​ព្រៃឈើ​ជាតិ​។ ការដឹកជញ្ជូន​ផលិតផល​ធ្យូង​ពី​ខេត្ត​ ១ ​ទៅ​ខេត្ត​ ១ ​គឺ​ត្រូវមាន​លិខិត​អនុញ្ញាត​ពី​អាជ្ញាធរ​មូលដ្ឋាន និង​អង្គភាព​ជំនាញ បើ​ពុំនោះ​ទេវា​ជា​អំពើ​ល្មើស ដែល​អាច​រង​ការពិន័យ​អន្តរការណ៍ ទៅតាម​ច្បាប់​ស្ដីពី​ព្រៃឈើ​»​។

លោក ឃឹមអូន បាន​បន្តថា ទោះជា​បែបណា អាជ្ញាធរ​នៅ​​តែមាន​ការយោគយល់ និង​មាន​​ការលើកលែង​ផងដែរ ចំពោះ​សកម្មភាព​នៃ​ការប្រកប​ការងារ​ចិញ្ចឹមជីវិត​របស់​ប្រជាពលរដ្ឋ​ដូចជា ករណី​ដឹកជញ្ជូន​អុស​​ធ្យូង​លក់​ពី​តំបន់​ ១ ​ទៅ​តំបន់​ ១ ​ដោយ​គ្មាន​ការអនុញ្ញាត​នេះ​ជាដើម​។

លោក​បាន​បញ្ជាក់ថា​៖ «​បើ​គិត​តាមផ្លូវ​ច្បាប់​គឺ​យើង​ត្រូវតែ​បង្ក្រាប​ចាប់ ប៉ុន្តែ​បើ​យើង​ចេះតែ​ពី​ចាប់​គ្រប់​រឿង​នោះ ពលរដ្ឋ​នឹង​ដាច់បាយ​»៕

វីដេអូ៖