ភ្នំពេញៈ អាជ្ញាធរជាតិអប្សរាស្នើយ៉ាងទទូចដល់សាធារណជន ដែលចូលទស្សនាក្នុងតំបន់រមណីយដ្ឋានអង្គរ ត្រូវយកយានជំនិះរបស់ខ្លួនទៅចតនៅកន្លែងផ្ញើ ចៀសវាងការចតយានយន្តនៅតាមដងផ្លូវ ដែលធ្វើឱ្យប៉ះពាល់ដល់សោភណភាព និងតម្លៃនៃប្រាង្គប្រាសាទនានា។
ការអំពាវនាវនេះ បន្ទាប់ពីអាជ្ញាធរជាតិអប្សរា សង្កេតឃើញមានសាធារណជនមួយចំនួននៅបន្តចតយានជំនិះនៅតាមដងផ្លូវចូលតំបន់រមណីយដ្ឋានអង្គរ បើទោះបីជាក្រុមការងារ បានដាក់ស្លាកហាមចត និងបានណែនាំច្រើនលើកច្រើនសារួចមកហើយក្តី។
អ្នកនាំពាក្យអាជ្ញាធរជាតិអប្សរា លោក ឡុង កុសល ប្រាប់ ភ្នំពេញ ប៉ុស្តិ៍ នៅថ្ងៃទី ៧ កញ្ញាថា ដើម្បីលើកកម្ពស់សោភណភាពមួយកម្រិតទៀតនៅបរិវេណប្រាសាទនានាក្នុងតំបន់អង្គរ ក្រុមការងារនាយកដ្ឋានសណ្តាប់ធ្នាប់ និងសហប្រតិបត្តិការនៃអាជ្ញាធរជាតិអប្សរាបានរៀបចំសណ្តាប់ធ្នាប់នៅតាមទីសាធារណៈ និងបានណែនាំភ្ញៀវហាមចតយានយន្តនៅតាមដងផ្លូវផងដែរ។ ក្នុងនោះក្រុមការងារបានណែនាំអំពីការហាមការចតយានយន្ត ការចតកង់ម៉ូតូ ការលក់ដូរតាមដងផ្លូវ និងហាមដើរជាន់ស្មៅ ឬអង្គុយញ៉ាំអាហារផ្សេងៗនៅតាមដងផ្លូវជាដើម។
លោកថ្លែងថា៖ «ដោយសារតែតំបន់អង្គរ គឺជាគោលដៅទស្សនា ដែលមានភ្ញៀវជាតិ អន្តរជាតិ ធ្វើដំណើរមកដើម្បីទស្សនា អ៊ីចឹងក្នុងករណីដែលយើងចតឡាន ចតម៉ូតូ ជាពិសេសការចតឡាន ធ្វើឱ្យស្ទះផ្លូវមួយចំហៀងបាត់ទៅហើយ។ បើអ៊ីចឹងទេ វាបង្កបញ្ហាការកកស្ទះនៅតាមដងផ្លូវចូលទស្សនា សម្រាប់អ្នកដែលគេត្រូវការធ្វើដំណើរ»។
លោកបន្ថែមថា នៅតំបន់រមណីយដ្ឋានអង្គរបានរៀបចំចំណតផ្ញើឡាន កង់ ម៉ូតូ ផងដែរ ដើម្បីបង្កលក្ខណៈងាយស្រួលដល់ភ្ញៀវជាតិ និងអន្តរជាតិ។
លោកបញ្ជាក់ថា៖ «ក្នុងតំបន់រមណីយដ្ឋានអង្គរ ក៏មានកន្លែងចំណតសមរម្យច្រើន ទៅតាមទីតាំងទស្សនានីមួយៗ។ អ៊ីចឹងក្នុងការអញ្ជើញទស្សនាប្រកបដោយសុវត្ថិភាពផងនោះយើងសំណូមពរសូមឱ្យបងប្អូនមេត្តាប្រើប្រាស់នូវចំណតរថយន្តដែលមានស្រាប់»។
លោកបន្តថា មួយវិញទៀត អាជ្ញាធរជាតិអប្សរា ចង់លើកទឹកចិត្តដល់ភ្ញៀវទេសចរបានដើរមើលប្រាសាទនានា ជាជាងចតឡានម៉ូតូតាមដងផ្លូវ ហើយអង្គុយហូបអាហារជុំគ្នា។ អាជ្ញាធរអប្សរាមានប្លង់ សម្រាប់ដំណើរទស្សនានៅតាមទីតាំងនីមួយៗ និងចង់លើកទឹកចិត្តឱ្យបងប្អូនភ្ញៀវទេសចរដើរទស្សនាតាមប្លង់ទីតាំងកំណត់នៃការដើរទស្សនា។ អ៊ីចឹងធ្វើឱ្យគាត់ស្វែងយល់ទាំងតម្លៃប្រវត្តិសាស្ត្រទាំងតម្លៃស្ថាបត្យកម្ម និងតម្លៃសិល្បៈនៃប្រាង្គប្រាសាទ។ ប្រសិនបើគាត់ចតឡាន ម៉ូតូ និងលក់ដូរតាមដងផ្លូវធ្វើឱ្យប៉ះពាល់សោភណភាព។
ទោះយ៉ាងណា លោកអំពាវនាវដល់សាធារណជនទាំងអស់ដែលមានបំណងចូលទស្សនានៅតំបន់អង្គរ មេត្តាចូលរួមអនុវត្តទាំងអស់គ្នា ដោយយកយានជំនិះរបស់ខ្លួនទៅចតនៅកន្លែងដែលក្រុមការងារបានរៀបចំដើម្បីជាផលប្រយោជន៍រួមសម្រាប់ប្រទេសជាតិ។
លោកថា៖ «យើងបានណែនាំរហូត អ្វីដែលអាជ្ញាធរចង់សំណូមពរ គឺឱ្យបងប្អូនចូលរួមអនុវត្តទាំងអស់គ្នា អ្វីដែលហៅថាជាការចូលរួមគឺការចូលរួមដោយខ្លួនឯង ដើម្បីផលប្រយោជន៍សណ្តាប់ធ្នាប់សាធារណៈទាំងមូល។ បើសិនជាយើងចៀសវាងបាននូវបញ្ហាទាំងអស់នេះ គឺបងប្អូនដែលជាភ្ញៀវទេសចរពេលគាត់ចូលមកមានអារម្មណ៍សប្បាយរីករាយ»។
សូមជម្រាបថា ទោះបីក្នុងអំឡុងពេលមានការរីករាលដាលនៃជំងឺកូវីដ ១៩ នៅកម្ពុជា ក្រុមការងារអាជ្ញាធរជាតិអប្សរានៅបន្តការងាររៀបចំសណ្តាប់ធ្នាប់សាធារណៈ ដូចជា ការជួសជុលផ្លូវ ដាំស្មៅ ដាំដើមឈើ និងជួសជុលប្រាសាទនានាក្នុងតំបន់អង្គរដែលរងការបែកបាក់ជាដើម។
លោក ហូ វណ្ឌី ទីប្រឹក្សាសមាគមទេសចរណ៍កម្ពុជាបានថ្លែងគាំទ្រចំពោះចំណាត់ការនេះ ប៉ុន្តែលោកជំរុញដល់អាជ្ញាធរជាតិអប្សរា ត្រូវតែអនុវត្តការងារនេះឱ្យមានប្រសិទ្ធភាព ដើម្បីជាប្រយោជន៍រួម។
លោកថ្លែងថា៖ «អាជ្ញាធរជាតិអប្សរា យើងឃើញហើយថា គាត់ខិតខំប្រឹងប្រែងណាស់ ព្រោះការស្នើសុំរបស់គាត់ គឺទី១ ជាប្រយោជន៍រួមរបស់ជាតិ ទី២ កិត្តិយសរបស់កម្ពុជាទាំងមូល ទី៣ យើងដឹងហើយតំបន់ប្រាសាទ គឺជាតំបន់បេតិកភណ្ឌពិភពលោកដោយបានទទួលស្គាល់ពីអង្គការយូណេស្កូ។ អ៊ីចឹងមិនគួរណាមានភាពអនាធិបតេយ្យនៅតាមដងផ្លូវចូលតំបន់រមណីយដ្ឋានអង្គរនោះទេ»៕
វីដេអូ៖