ភ្នំពេញៈ មន្ត្រីរាជរដ្ឋាភិបាលបានឱ្យដឹងថា លោក វ៉ាង យី ទីប្រឹក្សារដ្ឋ និងជារដ្ឋមន្ត្រីក្រសួងការបរទេសចិននឹងមកបំពេញទស្សនកិច្ចមកកាន់ប្រទេសកម្ពុជានៅចុងសប្ដាហ៍នេះ ដែលជាផ្នែកមួយនៃគម្រោងទស្សនកិច្ចរបស់លោក រយៈពេល ៦ ថ្ងៃ ទៅកាន់ប្រទេសវៀតណាម សិង្ហបុរី និងកូរ៉េខាងត្បូងចាប់ពីថ្ងៃទី ១០-១៥ ខែកញ្ញា។
លោក វ៉ាត់ ចំរើន អគ្គលេខាធិការនៃគណៈកម្មការជាតិអូឡាំពិកកម្ពុជាប្រាប់ភ្នំពេញប៉ុស្តិ៍នៅថ្ងៃទី ៨ ខែ កញ្ញា ឆ្នាំ ២០២១ ថា ភាគីកម្ពុជា និងចិនបានឯកភាព និងកំណត់យកដំណើរទស្សនកិច្ចផ្លូវការរបស់លោក វ៉ាង យី មកបំពេញទស្សនកិច្ចនៅកម្ពុជាធ្វើជាឱកាសនៃការរៀបចំសម្ពោធដាក់ឱ្យដំណើរការ ពហុកីឡដ្ឋានជាតិ មរតកតេជោ ក្រោមអធិបតីភាព លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន។
លោកបានថ្លែងថា៖ «លោក វ៉ាង យី ទីប្រឹក្សារដ្ឋ និងជារដ្ឋមន្ត្រីក្រសួងការបរទេសចិននឹងដឹកនាំគណៈប្រតិភូមកបំពេញទស្សនកិច្ចនៅកម្ពុជា និងប្រទេស ៣ ផ្សេងទៀត រួមមានប្រទេស វៀតណាម សិង្ហបុរី និងកូរ៉េខាងត្បូង រយៈពេល ៦ ថ្ងៃ ចាប់ពីថ្ងៃទី ១០-១៥ កញ្ញា ឆ្នាំ ២០២១»។
លោក វ៉ាត់ ចំរើន បន្តថា៖ «ចំពោះការរៀបចំលក្ខណៈបែបណា និងកំណត់ថ្ងៃណាឱ្យបានពិតប្រាកដមិនទាន់ដឹងនៅឡើយទេ ព្រោះភាគីទាំង ២ កំពុងពិភាក្សាឱ្យបានលម្អិតដើម្បីរៀបចំពិធីនេះ»។
យោងតាមការចុះផ្សាយរបស់ស្ថានទូតចិនប្រចាំកម្ពុជាកាលពីថ្ងៃទី ១៦ ខែសីហា ឱ្យដឹងថា ពហុកីឡដ្ឋានជាតិមរតកតេជោជាជំនួយរបស់រដ្ឋាភិបាលចិនត្រូវបានឆ្លងកាត់ការត្រួតពិនិត្យដោយជោគជ័យ។ ពហុកីឡដ្ឋាននេះបានបង្ហាញពីអត្ថន័យសំខាន់នៃ “នាវាមិត្តភាព” រវាងចិន និងកម្ពុជា និងការផ្សារភ្ជាប់រវាងបេះដូងនៃប្រជាជនទាំង ២។ ស្ថានទូតចិនបន្តថា គម្រោងពហុកីឡដ្ឋាននេះមានទំហំផ្ទៃដីប្រមាណ ១៦,២២ ហិកតា ទំហំសំណង់ប្រហែល ៨,២៤ ម៉ឺនម៉ែត្រការ៉េ គឺជាពហុកីឡដ្ឋានខ្នាតធំដែលអាចផ្ទុកអ្នកទស្សនាបានរហូតដល់ ៦ ម៉ឺននាក់។
ពហុកីឡដ្ឋាននេះអាចរៀបចំព្រឹត្តិការណ៍ប្រកួតកីឡាអន្តរជាតិ និងការប្រកួតកីឡាបាល់ទាត់អន្តរជាតិខ្នាតធំ និងអាចរៀបចំពិធីថ្នាក់ជាតិក៏ដូចជាព្រឹត្តិការណ៍ធំៗផ្សេងទៀតបាន។ ស្ថានទូតចិនបញ្ជាក់ទៀតថា ពហុកីឡដ្ឋានជាតិមរតកតេជោនឹងក្លាយជាពហុកីឡដ្ឋានដ៏សំខាន់សម្រាប់ការប្រកួតកីឡាអាស៊ីអាគ្នេយ៍ឆ្នាំ ២០២៣ ខាងមុខនេះផងដែរ។
នេះគឺជាពហុកីឡដ្ឋានទំហំធំបំផុត និងកម្រិតខ្ពស់បំផុតដែលជាជំនួយរបស់រដ្ឋាភិបាលចិននាបច្ចុប្បន្ននេះ និងជាសមិទ្ធផលផ្លែផ្កានៃកិច្ចសហប្រតិបត្តិការក្រោមក្របខ័ណ្ឌការកសាងគំនិតផ្តួចផ្តើម“ខ្សែក្រវាត់ និងផ្លូវ”រវាងចិន និងកម្ពុជា។
ពហុកីឡដ្ឋានជាតិមរតកតេជោនេះ ត្រូវបានបើកការដ្ឋានសាងសង់ ដំណាក់កាលទី១ កាលពីថ្ងៃទី ១២ ខែ មេសា ឆ្នាំ ២០១៣ ដែលត្រូវចំណាយថវិកាសាងសង់ក្នុងចន្លោះពី ១០០ ទៅ ២០០ លានដុល្លារជាជំនួយឥតសំណងរបស់រដ្ឋាភិបាលចិនដែលស្ថិតនៅសង្កាត់ព្រែកតាសេក ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ៕