ភ្នំពេញៈ ខេត្តកណ្តាលបានប្រកាសបិទបញ្ចប់នូវយុទ្ធនាការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ ១៩ ទូទាំងខេត្តជុំទី ១ សម្រាប់ប្រជាពលរដ្ឋដែលមានអាយុពី ១៨ ឆ្នាំឡើងនាព្រឹកថ្ងៃទី ៨ ខែកញ្ញា នាមន្ទីរពេទ្យបង្អែកជ័យជំនះ ក្រុងតាខ្មៅ ដោយទទួលបានលទ្ធផលគួរជាទីមោទនៈរហូតដល់ជិតសម្រេចបាន ១០០% ដោយមានអ្នកមិនទាន់បានចាក់សោះតែជាង ១% ប៉ុណ្ណោះ។
លោក គង់ សោភ័ណ្ឌ អភិបាលខេត្តកណ្តាលបានថ្លែងនៅក្នុងពិធីប្រកាសបិទការចាក់វ៉ាក់សាំងជុំទី១ នេះថា គិតត្រឹមថ្ងៃទី ៧ ខែ កញ្ញា ឆ្នាំ ២០២១ ការចាក់វ៉ាក់សាំងដូសទី១ សម្រាប់ប្រជាពលរដ្ឋដែលមានអាយុពី ១៨ ឆ្នាំឡើងបានចំនួន ៨៥២ ៦៣៣ នាក់ស្មើនឹង ៩៨,៤៧% នៃផែនការសរុបចំនួន ៨៦ ៥៩១៥ នាក់។ ចំណែកអ្នកដែលពុំទាន់បានចាក់សោះមានចំនួន ១៣ ២៨២ នាក់ ស្មើនឹង ១,៥៣%។
លោកបន្តថា ចំណែកក្រុមមនុស្សដែលមានអាយុចាប់ពី ១២ ឆ្នាំ ដល់ក្រោម ១៨ ឆ្នាំ ការចាក់វ៉ាក់សាំងបានទៅដល់មនុស្សចំនួន ១៤៣ ៣៨០ នាក់ស្មើនឹង ៩៩,៦៧% នៃផែនការសរុបចំនួន ១៤៣ ៨៥៩ នាក់។ អ្នកមិនទាន់បានចាក់មានចំនួន ៤៧៩ នាក់ស្មើនឹង ០,៣៣%។
លោក គង់ សោភ័ណ្ឌ បានមានប្រសាសន៍ថា៖ «ជារួមប្រជាពលរដ្ឋដែលមានអាយុចាប់ពី ១២ ឆ្នាំឡើង បានចាក់វ៉ាក់សាំងដូសទី១ រួច មានចំនួន ៩៩៦ ០១៣ នាក់ស្មើនឹង ៩៨,៦៤% នៃផែនការចំនួន ១ ០០៩ ៧៧៤ នាក់។ ក្នុងនោះអ្នកពុំទាន់បានចាក់មានចំនួន ១៣ ៧៦១ នាក់ ស្មើនឹង ១,៤%»។
ជាមួយគ្នានោះដែរ លោកអភិបាលខេត្តក៏បានបញ្ជាក់ដែរថា ទោះបីជារដ្ឋបាលខេត្ត និងក្រសួងសុខាភិបាលបានធ្វើពិធីបិទយុទ្ធនាការចាក់វ៉ាក់សាំងជូនប្រជាពលរដ្ឋដែលមានអាយុចាប់ពី ១៨ ឆ្នាំឡើងជុំទី១ នាពេលនេះក៏ពិតមែន ប៉ុន្តែរដ្ឋបាលខេត្ត នៅតែបន្តចាក់វ៉ាក់សាំងលើគោលដៅដែលនៅសេសសល់មួយចំនួនដូចជា ស្ត្រីមានផ្ទៃពោះពលករចំណាកស្រុក ប្រជាពលរដ្ឋដែលមានធុរៈផ្សេងៗនៅតាមមន្ទីរពេទ្យបង្អែកក្រុងស្រុកទាំង ១១ ក្នុងខេត្តកណ្តាលនេះ។
លោក គង់ សោភ័ណ្ឌ បានថ្លែងថា៖ «ជារួមលទ្ធផលនៃការចាក់វ៉ាក់សាំងគួរជាទីមោទនៈនេះ យើងក៏មិនត្រូវភ្លេចនូវវិធានការសុខាភិបាលនានា ព្រោះថា ចាក់វ៉ាក់សាំងអាចជួយកាត់បន្ថយភាពធ្ងន់ធ្ងរនៃជំងឺការចូលសម្រាកមន្ទីរពេទ្យ និងកាត់បន្ថយអត្រាមរណភាព។ ប៉ុន្តែមេរោគកូវីដ ១៩ នៅតែមានឱកាសឆ្លងចូលក្នុងខ្លួនរបស់យើង ហើយយើងក៏អាចជាភ្នាក់ងារចម្លងទៅមនុស្សជុំវិញខ្លួន និងអ្នកដទៃ»។
ប្រជាពលរដ្ឋមិនទាន់បានចាក់វ៉ាក់សាំងសោះអាចទៅចាក់បាន មាននៅមន្ទីរពេទ្យបង្អែកជ័យជំនះ, មន្ទីរពេទ្យបង្អែកកណ្តាលស្ទឹង,មន្ទីរពេទ្យបង្អែកកៀនស្វាយ,មន្ទីរពេទ្យបង្អែកកណ្តាល,មន្ទីរពេទ្យបង្អែកកោះធំ,មន្ទីរពេទ្យបង្អែកលើកដែក,មន្ទីរពេទ្យបង្អែកល្វាឯម,មន្ទីរពេទ្យបង្អែកប៊ុនរ៉ានីរកាកោង,មន្ទីរពេទ្យបង្អែកអង្គស្នួល,មន្ទីរពេទ្យបង្អែកពញាឮ និងមន្ទីរពេទ្យបង្អែកស្អាង។
នៅក្នុងពិធីប្រកាសបិទបញ្ចប់នេះផងដែរ លោកស្រី ឱ វណ្ណឌីន រដ្ឋលេខាធិការ ក្រសួងសុខាភិបាល និងជាប្រធានគណៈកម្មការចំពោះកិច្ចចាក់វ៉ាក់សាំងកូវីដ ១៩ ក្នុងក្របខ័ណ្ឌទូទាំងប្រទេសបានថ្លែងឱ្យដឹងផងដែរថា ការចាក់ក្រុមមនុស្សអាយុ ១៨ ឆ្នាំឡើង បានបិទបញ្ចប់ហើយ ប៉ុន្តែការចាក់ក្រុមមនុស្សអាយុពី ១២ ឆ្នាំដល់ក្រោម ១៨ ឆ្នាំនៅតែបន្ត ដែលរដ្ឋបាលខេត្ត និងមន្ទីរសុខាភិបាលខេត្ត ត្រូវខិតខំរុញច្រានយុទ្ធនាការចាក់ក្រុមនេះឱ្យបានលឿន។
លោកស្រីមានប្រសាសន៍ថា៖ «ក្រុមអ្នកដែលមានអាយុពី ១៨ ឆ្នាំឡើង មានការធូរស្បើយហើយដូចនេះសម្រាប់អ្នកដែលមានអាយុពី ១២ ឆ្នាំដល់ក្រោម ១៨ ឆ្នាំនេះ យើងធ្វើម៉េចត្រូវតែបង្ហើយឱ្យបានលឿនដើម្បីឱ្យក្មួយៗទាំងនោះអាចនឹងបានវិលត្រឡប់ទៅកាន់ការរៀនសូត្រវិញដោយមិនមានការព្រួយបារម្ភ»។
លោកស្រីបានលើកឡើងផងដែរថា សម្រាប់ស្ត្រីមានផ្ទៃពោះ និងស្ត្រីដែលកំពុងបំបៅកូនដោយទឹកដោះ ដែលមានសុខភាពល្អ ក៏អាចទទួលការចាក់វ៉ាក់សាំងកូវីដ ១៩ នេះបានដែរ។
លោកស្រី ឱ វណ្ណឌីន នឹងអញ្ជើញចូលរួមក្នុងពិធីប្រកាសបិទការបញ្ចប់យុទ្ធនាការចាក់វ៉ាក់សាំងកូវីដ ១៩ ដូចគ្នានេះដែរនៅខេត្តព្រះសីហនុ និងខេត្តកែបនៅថ្ងៃទី ១០ កញ្ញា។
គួរបញ្ជាក់ផងដែរថា ខេត្តកណ្តាលជាភូមិសាស្ត្រទី ២ ដែលបានបញ្ចប់យុទ្ធនាការចាក់វ៉ាក់សាំងកូវីដ ១៩ សម្រាប់មនុស្សអាយុពី ១៨ ឆ្នាំឡើង បន្ទាប់ពីរាជធានីភ្នំពេញ ដែលបានប្រកាសបិទកាលពីដើមខែកក្កដាកន្លងមក។
យោងតាមរបាយការណ៍របស់ក្រសួងសុខាភិបាលបានឱ្យដឹងថា គិតត្រឹមថ្ងៃទី ៧ ខែកញ្ញា ឆ្នាំ ២០២១ កម្ពុជាបានចាក់វ៉ាក់សាំងទៅដល់មនុស្សដែលមានអាយុចាប់ពី ១៨ ឆ្នាំឡើងបានចំនួនជាង ៩,៦ លាននាក់ស្មើនឹង ៩៦,៣៧% ធៀបជាមួយចំនួនប្រជាជនគោលដៅដែលត្រូវចាក់ ១០ លាននាក់។
សម្រាប់អ្នកដែលមានអាយុពី ១២ ឆ្នាំទៅក្រោម ១៨ ឆ្នាំមានចំនួនជាង ១,៦ លាននាក់ ស្មើនឹង ៨៥,៩៧% ធៀបជាមួយនឹងមនុស្សគោលដៅជិត ២ លាននាក់។ ចំណែកអ្នកដែលបានចាក់ដូសទី ៣ មានចំនួនជិត ៧០ ម៉ឺននាក់៕