ព្រះសីហនុៈ រដ្ឋបាលខេត្តព្រះសីហនុទុកពេលឱ្យពលរដ្ឋ ៣១ គ្រួសារ ស្មើនឹង ៣២ ខ្នងផ្ទះ រុះរើសំណង់នានាដោយខ្លួនឯងចេញពីលើអូរ និងដីចំណីអូរ ២ ក្នុងរយៈពេល ១៥ ថ្ងៃ គិតចាប់ពីថ្ងៃទី ៦ កញ្ញាតទៅ និងបានព្រមានចាត់វិធានការរដ្ឋបាល ខណៈរហូតមកទល់ពេលនេះនៅមិនទាន់មានការអនុវត្តតាមនៅឡើយ។
តាមសេចក្តីជូនដំណឹងរបស់លោក គួច ចំរើន អភិបាលខេត្តព្រះសីហនុកាលពីថ្ងៃទី ៦ កញ្ញា ឆ្នាំ ២០២១ ឱ្យដឹងថា កន្លងមករដ្ឋបាលខេត្តព្រះសីហនុបានចេញលិខិតជូនដំណឹងដល់ពលរដ្ឋឱ្យរុះរើផ្ទះ របង និងសំណង់នានា ដោយស្ម័គ្រចិត្តចេញពីលើអូរ និងដីចំណីអូរមានទីតាំងស្ថិតនៅភូមិ៥ សង្កាត់លេខ ៤ ក្រុងព្រះសីហនុ ដើម្បីទុកលទ្ធភាពឱ្យក្រុមការងារចុះរៀបចំកាយស្តារអូរប្រឡាយស្របតាមនិយាមការដែលបានកំណត់។
សេចក្តីជូនដំណឹងនេះបញ្ជាក់ថា ទន្ទឹមនេះរដ្ឋបាលក្រុងព្រះសីហនុក៏បានចុះពិនិត្យណែនាំ និងជូនដំណឹងនេះ ជាបន្តបន្ទាប់ដល់ប្រជាពលរដ្ឋ ដើម្បីឱ្យរុះរើសំណង់នានាដែលបានសង់រំលោភលើអូរ និងដីចំណីអូរដោយខ្លួនឯងផងដែរ។ ប៉ុន្តែមកទល់ពេលនេះ រដ្ឋបាលខេត្តបានសង្កេតឃើញថា បងប្អូនប្រជាពលរដ្ឋទាំង ៣១ គ្រួសារ ស្មើ ៣២ ខ្នងផ្ទះ នៅតែមិនទាន់បានអនុវត្តតាមការណែនាំ និងការជូនដំណឹងរបស់អាជ្ញាធរនៅឡើយទេ។
លោក គួច ចំរើន បានបញ្ជាក់ក្នុងសេចក្តីជូនដំណឹងនោះថា៖ «រដ្ឋបាលខេត្តព្រះសីហនុសូមបញ្ជាក់ជាថ្មីម្ដងទៀតដល់បងប្អូនប្រជាពលរដ្ឋទាំង ៣១ គ្រួសារ ដែលកំពុងស្នាក់នៅទីតាំងខាងលើនេះត្រូវរុះរើសំណង់នានាដោយខ្លួនឯងចេញពីលើអូរ និងដីចំណីអូរ២ក្នុងរយៈពេល ១៥ (ដប់ប្រាំ) ថ្ងៃគិតចាប់ពីពេលជូនដំណឹងនេះតទៅ។ ក្នុងករណីបងប្អូនមិនព្រមរុះរើចេញដោយស្ម័គ្រចិត្ត ក្រុមការងារនឹងចុះអនុវត្តវិធានការរដ្ឋបាល ដោយមិនទទួលខុសត្រូវចំពោះការខូចខាត ឬបាត់បង់សម្ភារនានារបស់បងប្អូនឡើយ»។
លោក ឃាង ភារម្យ អ្នកនាំពាក្យរដ្ឋបាលខេត្តព្រះសីហនុប្រាប់ ភ្នំពេញ ប៉ុស្តិ៍ នៅថ្ងៃទី ៧ ខែកញ្ញា ថា រាជរដ្ឋាភិបាលតាមរយៈក្រសួងសាធារណកា និងដឹកជញ្ជូនបានផ្តល់ថវិកាស្តារអូរប្រឡាយនៅក្នុងភូមិសាស្ត្រក្រុងព្រះសីហនុមានប្រវែង ២៥ ៩៦៧ ម៉ែត្រ ដែលបានសម្ពោធបើកការដ្ឋានកាលពីថ្ងៃទី ៩ ខែធ្នូ ឆ្នាំ ២០១៩។
លោកបន្តថា ក្នុងការស្តារនេះតម្រូវឱ្យក្រុមការងារចុះចុចរកនិយាមការអូរប្រឡាយតាមប្លង់ប្រព័ន្ធ និងបានធ្វើអត្តសញ្ញាណម្ចាស់សំណង់គ្រប់ប្រភេទនៅលើអូរប្រឡាយ និងកំណត់អត្តសញ្ញាណប្រជាពលរដ្ឋដែលរងផលប៉ះពាល់ដល់គម្រោងស្តារអូរប្រឡាយ ស្ថិតក្នុងភូមិសាស្ត្រក្រុងព្រះសីហនុ។
លោកបានបន្តថា ជាលទ្ធផល ក្រុមការងារធ្វើអត្តសញ្ញាណប្រជាពលរដ្ឋសរុបចំនួន ៧៣៤ គ្រួសារក្នុងនោះពលរដ្ឋមានសំណង់ប៉ះពាល់ទាំងស្រុងចំនួន ២២៤ គ្រួសារ និងប៉ះពាល់សំណង់ដោយផ្នែក ៥១០ គ្រួសារ។
លោកបានថ្លែងថា៖ «ក្រុមការងាររដ្ឋបាលក្រុងព្រះសីហនុបានចុះរុះរើផ្ទះដែលរងផលប៉ះពាល់ដល់គម្រោងស្តារអូរប្រឡាយ ក្នុងភូមិសាស្ត្រក្រុងព្រះសីហនុសរុបចំនួន ៤៦៤ ផ្ទះនៃចំនួនផ្ទះដែលប៉ះពាល់ដល់គម្រោងស្តារអូរឡាយសរុប ៥៤៧ ផ្ទះ។ ប៉ុន្តែពលរដ្ឋទាំង ៣១ គ្រួសារមិនទាន់រុះរើទើបខេត្តចេញសេចក្តីជូនដំណឹងឱ្យរើដោយទុករយៈពេល ១៥ ថ្ងៃ»។
លោកស្រី ជៀប សុធារី មន្ត្រីសម្របសម្រួលផ្នែកសិទ្ធិមនុស្សនៃសមាគមការពារសិទ្ធិមនុស្សអាដហុក (ADHOC) ប្រចាំខេត្តព្រះសីហនុប្រាប់ ភ្នំពេញ ប៉ុស្តិ៍ នៅថ្ងៃទី ៧ ខែកញ្ញាថា នេះមិនមែនជាលើកទី ១ ទេ ដែលអាជ្ញាធរខេត្តបានចេញសេចក្តីជូនដំណឹងដល់ពលរដ្ឋឱ្យរុះរើសំណង់នានាដោយខ្លួនឯងចេញពីលើអូរ និងដីចំណីអូរ នៅក្នុងភូមិសាស្ត្រខេត្ត-ក្រុងព្រះសីហនុ និងចាំបាច់ជាទីបំផុតដែលពលរដ្ឋត្រូវតែរុះរើចេញទៅតាមការណែនាំរបស់អាជ្ញាធរ។ បើមិនដូច្នោះវានឹងលិចលង់ ដោយសារទឹកភ្លៀងបន្តទៀត។
ទោះជាយ៉ាងណា លោកស្រីបានស្នើសុំឱ្យអាជ្ញាធរខេត្តគួរតែគិតគូរដោះស្រាយជាគោលនយោបាយសមស្របណាមួយជូនដល់ពួកគាត់ ដើម្បីឱ្យពួកគាត់មានលទ្ធភាពក្នុងការបំផ្លាស់ទីទៅរស់នៅទីតាំងផ្សេង ព្រោះបើធ្វើបែបនេះក៏ជាការទទួលខុសត្រូវរបស់អាជ្ញាធរខេត្តផងដែរ។
លោកស្រីថ្លែងថា៖ «ពលរដ្ឋទាំងនេះបានទៅបោះទីតាំងនៅលើដីចំណីប្រឡាយអូរ និងនៅលើអូរនេះតាំងពីយូរយារណាស់មកហើយ ។ រីឯសំណង់របស់ពួកគាត់មិនមែនជាខ្ទមទេ គឺជាផ្ទះរឹងមាំ ដូច្នេះអាជ្ញាធរគួរតែគិតគូរដែរ»។
លោក ស្រី ថ្លែងថាលោកស្រីនឹងចុះទៅពិនិត្យមើល និងតាមដានរាល់ការអនុវត្តរបស់អាជ្ញាធរទៅលើពលរដ្ឋទាំងនេះ រហូតដល់ថ្ងៃឱសានវាទ និងជួយរំលែកការលំបាករបស់ពលរដ្ឋក្នុងការរុះរើសំណង់ចេញ៕
វីដេអូ៖