ភ្នំពេញៈ រដ្ឋសភាកម្ពុជាអនុម័តសេចក្តីព្រាងច្បាប់ស្តីពីវិសោធនកម្មនូវមាត្រាមួយចំនួននៃច្បាប់ស្តីពីការងារ ក្នុងសម័យប្រជុំរដ្ឋសភា លើកទី៦ នីតិកាលទី៦ នាថ្ងៃទី ៩ កញ្ញា ដើម្បីលើកកម្ពស់សិទ្ធិការងារ និងភាពសុខដុមរមនាក្នុងទំនាក់ទំនងវិជ្ជាជីវៈ។
លោក អ៊ិត សំហេង រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ក្នុងពេលចូលរួមការពារសេចក្តីព្រាងច្បាប់នាព្រឹកថ្ងៃទី ៩ កញ្ញា ឆ្នាំ ២០២១ ថ្លែងថា បន្ទាប់ពីសមាជិកសភាបានធ្វើការពិភាក្សារួចរាល់ហើយ សេចក្តីព្រាងច្បាប់នេះត្រូវបានរដ្ឋសភាលើកទី៦ នីតិកាលទី៦ អនុម័តទាំងស្រុង ដោយសំឡេងគាំទ្រ ៩២ នៃសមាជិកសភា ដែលចូលរួម។
លោករដ្ឋមន្ត្រីពន្យល់ថា ច្បាប់ស្តីពីការងារ គឺជាក្របខ័ណ្ឌគតិយុត្តដ៏សំខាន់ក្នុងការលើកកម្ពស់សិទ្ធិការងារ និងភាពសុខដុមរមនាក្នុងទំនាក់ទំនងវិជ្ជាជីវៈ ស្របពេលដែលកម្ពុជាចាប់ផ្តើមអភិវឌ្ឍវិស័យការងារ ដោយផ្សារភ្ជាប់ជាមួយពាណិជ្ជកម្មអន្តរជាតិ តាមរយៈការរីកចម្រើនការវិនិយោគនៃវិស័យឯកជន។ ជាពិសេស ការវិនិយោគលើវិស័យឧស្សាហកម្មកាត់ដេរសម្លៀកបំពាក់ និងផលិតស្បែកជើង។
លោកថ្លែងថា៖ «ច្បាប់ស្តីពីការងារត្រូវបានធ្វើវិសោធនកម្មចំនួន ២ លើករួចមកហើយ ដែលក្នុងនោះនៅឆ្នាំ ២០០៧ វិសោធនកម្មពាក់ព័ន្ធនឹងអត្រាប្រាក់ឈ្នួលបន្ថែមម៉ោង និងការងារពេលយប់ និងឆ្នាំ ២០១៨ វិសោធនកម្មពាក់ព័ន្ធនឹងប្រាក់បំណាច់អតីតភាពការងារ»។
បើតាមលោក អ៊ិត សំហេង តាមរយៈវិសោធនកម្មច្បាប់ស្តីពីការងារ និងការអនុវត្តច្បាប់ស្តីពីការងារក្នុងរយៈពេល ២ ទសវត្សរ៍ចុងក្រោយនេះ ពិតជាបាននិងកំពុងរួមចំណែកយ៉ាងសកម្មក្នុងការអនុវត្តយុទ្ធសាស្ត្រចតុកោណ និងកម្មវិធីនយោបាយរបស់រាជរដ្ឋាភិបាលកម្ពុជា។ វិសោធនកម្មនេះបានផ្តល់នូវជំនឿទុកចិត្តដល់សាធារណជន និងអន្តរជាតិ មកលើកម្ពុជាក្នុងការគោរពសិទ្ធិការងារ និងបានធ្វើឱ្យរំហូរនៃការវិនិយោគវិស័យឯកជនមានការកើនឡើងជាបន្តបន្ទាប់ ដែលការណ៍នេះបាននាំមកនូវការអភិវឌ្ឍវិស័យសង្គមសេដ្ឋកិច្ចរបស់ព្រះរាជាណាចក្រកម្ពុជា។
លោកបន្តថា សេចក្តីព្រាងច្បាប់ដែលរដ្ឋសភាអនុម័តទាំងស្រុងនេះត្រូវបានធ្វើវិសោធនកម្មមាត្រា ១២៣ មាត្រា ១៣៨ មាត្រា ១៦២ មាត្រា ៣០០ មាត្រា ៣៤៣ មាត្រា ៣៥០ មាត្រា ៣៦៣ និងមាត្រា ៣៦៧ នៃច្បាប់ស្តីពីការងារដែលត្រូវបានប្រកាសឱ្យប្រើដោយព្រះរាជក្រមលេខ ជស/រកម/០៣៩៧/០១ ចុះថ្ងៃទី ១៣ ខែ មីនា ឆ្នាំ ១៩៩៧។
លោក អាត់ ធន់ ប្រធានសម្ព័ន្ធសហជីពប្រជាធិបតេយ្យកម្មករកាត់ដេរកម្ពុជា ថ្លែងថា សេចក្តីព្រាងវិសោធនកម្មមាត្រាមួយចំនួននៃច្បាប់ស្តីពីការងារនេះ ត្រូវបានធ្វើយូរណាស់មកហើយ ដែលកិច្ចការនេះត្រូវបានស្នើឡើងដោយភាគីខាងក្រុមហ៊ុន។ ប៉ុន្តែកម្មករនិយោជិត គ្មានទទួលបានផលអ្វីឡើយ មានតែការខាតបង់។ ដូច្នេះ រដ្ឋាភិបាលក៏គួរពិនិត្យមើលឡើងវិញដែរ បើវាខាតបង់ពេក ត្រូវធ្វើវិសោធនកម្មឡើងវិញ។
លោកបន្តថា ការធ្វើវិសោធនកម្មច្បាប់នេះ ក្រុមហ៊ុនសហជីពមានការខកចិត្តខ្លាំងណាស់ ព្រោះវាគ្មានទទួលបានផលចំណេញការងារវិនិយោគ ពី ១៣០% មកនៅ ១០០%។ ដោយឡែកបើមានបុណ្យចំថ្ងៃអាទិត្យមិនត្រូវបានលើកពេលនោះទេ ដែលនេះ កម្មករនិយោជិតរបស់កម្ពុជាទទួលការខាតបង់ ១ ឆ្នាំ ២ ថ្ងៃទៀត។ មួយវិញទៀត ពិធីបុណ្យផ្សេងៗក៏ត្រូវបានកាត់អស់ ៧ ថ្ងៃទៀតក្នុង ១ ឆ្នាំៗ ដែលធ្វើឱ្យមានការខាតបង់បន្ថែមទៀត។
លោកថ្លែងថា៖ «ខ្ញុំមើលមិនឃើញប្រយោជន៍អីទេ ពីការអនុម័តច្បាប់នេះ កាត់ការងារវិនិយោគ គេបង្កើនការងារច្រើន។ ប៉ុន្តែខ្ញុំអត់ជឿទេ ព្រោះថាកាលពីឆ្នាំ ២០០៧ កាត់ពី ២០០% មកនៅ ១៣០% គេនិយាយអ៊ីចឹងដូចគ្នា។ គេនិយាយមានការងារច្រើន ប៉ុន្តែទីបំផុតគ្មានទេ វាគ្រាន់តែជាលេសរបស់និយោជក ហើយរដ្ឋាភិបាលមួយរយៈហ្នឹងមានការយកចិត្តទុកដាក់ជាមួយនិយោជកច្រើន យើងមានការខកចិត្តខ្លាំង»៕