ភ្នំពេញៈ ស្រប​ពេលដែល​រដូវ​បុណ្យកាន់បិណ្ឌ និង​ភ្ជុំបិណ្ឌ នឹង​ឈានចូល​មកដល់​ក្នុងពេល​ឆាប់ៗ​ខាងមុខនេះ ក្រសួង​សុខាភិបាល​បាន​ណែនាំ​ដល់​ប្រជាពលរដ្ឋ​ត្រូវ​បង្កើន​ការប្រុងប្រយ័ត្ន​ខ្ពស់​ពី​ការឆ្លង​វីរុស​កូវីដ​ ១៩ និង​ការពារ​ខ្លួន​ពី​ការពុល​ចំណីអាហារ ដោយ​ត្រូវអនុវត្ត​នូវ​វិធានការ​សុវត្ថិភាព​ចំណីអាហារ​ក្នុង​ពេល​រដូវ​បុណ្យ​នេះ​។

សេចក្តីណែនាំ​របស់​ក្រសួង​សុខាភិបាល​ស្តីពី​ការការពារ​ការចម្លង​វីរុស​កូវីដ​ ១៩ និង​ការពុល​ចំណីអាហារ​ក្នុងអំឡុង​ពិធីបុណ្យ​កាន់បិណ្ឌ និង​ភ្ជុំបិណ្ឌ​ចេញ​នៅ​ថ្ងៃទី​ ៨ កញ្ញា លើកឡើងថា កម្ពុជា​មាន​កិច្ចខិតខំ​ប្រឹងប្រែង​ពី​សំណាក់​ប្រមុខ​រាជរដ្ឋាភិបាល ដែលមាន​លោកនាយក​រដ្ឋមន្ត្រី​ ហ៊ុន សែន បាន​ដឹកនាំ​ចង្អុល​បង្ហាញផ្លូវ​ប្រកប​ដោយ​គតិបណ្ឌិត​ខ្ពស់ ដែល​បានធ្វើឱ្យ​ករណី​ឆ្លង​ជំងឺ​កូវីដ​ ១៩ ​បន្ត​ធ្លាក់ចុះ​ជា​បន្តបន្ទាប់​ជា​ទីមោទនៈ​។

រដ្ឋមន្ត្រី​ក្រសួង​សុខាភិបាល​លោក​ ម៉ម ប៊ុនហេង ថ្លែងថា​៖ «​ដើម្បី​ធានា​ឱ្យបាន​នូវ​ការទប់ស្កាត់​ការចម្លង​ជំងឺ​កូវីដ​ ១៩ និង​ឆ្ពោះទៅកាន់​ការរស់នៅ​តាម​បែប​គន្លង​ប្រក្រតីភាព​ថ្មី យើង​មិន​ត្រូវមាន​អារម្មណ៍​ស្កប់ស្កល់​ពេក​នឹង​អ្វី​ដែលជា​សមិទ្ធផល​ដែល​យើង​ទទួលបាន​នេះ​ទេ​។ បុគ្គល​គ្រប់រូប គ្រួសារ និង​សហគមន៍​ត្រវ​តែ​បន្ត​រួបរួមគ្នា​ទទួលខុសត្រូវ​ទប់ស្កាត់​ការចម្លង​វីរុស​កូវីដ​ ១៩»​។

ក្រសួង​សុខាភិបាល​បាន​អំពាវនាវ និង​ក្រើនរំឭក​ដល់​ប្រជាពលរដ្ឋ​ទាំងអស់ ត្រូវ​បន្ត​អនុវត្ត​ការការពារ​ការចម្លង​វីរុស​កូវីដ​ ១៩ ដោយ​បង្កើន​ការប្រុងប្រយ័ត្ន​ខ្ពស់​ក្នុងអំឡុង​ពិធីបុណ្យ​កាន់បិណ្ឌ និង​ភ្ជុំបិណ្ឌ ដែល​នឹង​ប្រព្រឹត្តទៅ​ចាប់ពី​ថ្ងៃទី​ ២២ ខែកញ្ញា ដល់​ថ្ងៃទី​ ៧ ខែតុលា ឆ្នាំ​ ២០២១ ខាងមុខនេះ ដោយ​អនុវត្ត​ឱ្យបាន​ខ្ជាប់ខ្ជួន​នូវ​វិធានការ ៣ការពារ និង​៣កុំ ជាប់​ជាប្រចាំ​។

អាជ្ញាធរ​រាជធានី​ខេត្ត គណៈបញ្ជាការ​ឯកភាព​ឃុំ សង្កាត់ ខណ្ឌ គណៈកម្មការ​ថែរក្សា​សន្តិសុខ និង​សណ្តាប់ធ្នាប់ របៀបរៀបរយ​ក្នុង​ទី​វត្តអារាម និង​គណៈកម្មការ​វត្ត​ត្រូវ​ចាត់ចែង​ណែនាំ​ឱ្យមាន​ការអនុវត្ត​វិធានការ​សុខាភិបាល បង្កើន​សកម្មភាព​ត្រួតពិនិត្យ តាមដាន លើ​ពុទ្ធបរិស័ទ ដែល​ចេញ-ចូល ទី​វត្ត​អារាម វិហារ ឱ្យបាន​ហ្មត់ចត់​។

ទាក់ទង​នឹង​ចំណុច​នេះដែរ លោក ម៉ម ប៊ុនហេង លើកឡើង​ថា​៖ «​អាជ្ញាធរ និង​អ្នកពាក់ព័ន្ធ​ត្រូវ​រៀបចំ​ឱ្យមាន​កន្លែង​លាងដៃ​នៅ​ច្រកចេញ-ចូល​បាញ់​ទឹក​អាល់កុល វាស់​កម្ដៅ​។ សម្រាប់​រាល់​ពុទ្ធបរិស័ទ​ទាំងអស់​កុំឱ្យ​មានការ​ធ្វេសប្រហែស​នៅមុខ​ខ្លោងទ្វារ​នីមួយៗ និង​ចាត់ចែង​ឱ្យមាន​ការរក្សា​គម្លាត​ពីគ្នា​យ៉ាងតិច​ ១ ​ម៉ែត្រ​កន្លះ ក្នុងពេល​មាន​ការប្រគេន​ចង្ហាន់ បច្ច័យ និង​គ្រឿង​ឧបភោគបរិភោគ​ដល់​ព្រះសង្ឃ ឬ​នៅពេល​អង្គុយ ឬ​ឈរ​រង់ចាំ​ការប្រគេន ឬ​វេរចង្ហាន់ និង​ទេយ្យទាន ឬ​ពេល​ស្តាប់​ព្រះធម៌​»​។

លោក​បន្តថា អាជ្ញាធរខេត្ត ស្រុក ក្រុង ខណ្ឌ រដ្ឋបាល​ឃុំ សង្កាត់ ត្រូវ​ចាត់តាំង​កម្លាំង​គ្រប់គ្រង ឃ្លាំមើល និង​ធ្វើ​ការណែនាំ​ការអនុវត្ត​ឱ្យ​បាន​ខ្ជាប់ខ្ជួន​នូវ​វិធានការ​ការពារ​ការចម្លង​ជំងឺ​កូវីដ​ ១៩​។ លោក​ក៏បាន​ស្នើ​ឱ្យមាន​ការជួបជុំ​គ្រួសារ​តែ​នៅក្នុង​ខ្នង​ផ្ទះ ឬ​គេហដ្ឋាន​តែមួយ ដោយ​មិនត្រូវ​អញ្ជើញ​សាច់ញាតិ​ដែល​មាន​ការស្នាក់​នៅក្នុង​គេហដ្ឋាន​ផ្សេង ឬ​មិត្តភក្តិ​ជិតស្និទ្ធ មកជួបជុំ​គ្នា​ដើម្បី​លេងល្បែង​ស៊ីសង ច្រៀង​រាំ ឬ​ការជួប​ជុំគ្នា​ពិសាអាហារ និង​សេព​គ្រឿង​ស្រវឹង ដែលជា​កត្តា​ហានិភ័យ​ខ្ពស់​ក្នុង​ការចម្លង​វីរុស​កូវីដ​ ១៩​។

លោក​ ម៉ម ប៊ុនហេង បញ្ជាក់ថា​៖ «​មិនត្រូវ​ដើរ​កម្សាន្ត ដែល​មិនចាំបាច់ ដែលនាំឱ្យ​មានការ​ចម្លង​វីរុស​កូវីដ​ ១៩ ចូលក្នុង​ក្រុមគ្រួសារ និង​មនុស្ស​ជា​ទីស្រឡាញ់​របស់​អ្នក ហើយ​សូម​ជ្រើសរើស​ការជួបជុំ​តាម​ប្រព័ន្ធ​អនឡាញ​ដែល​អាច​ជជែក​គ្នា​មើលមុខ​គ្នា ពិភាក្សា​គ្នា ជា​ជំនួស​ឱ្យ​ការជួបជុំ​ផ្ទាល់​ដើម្បី​រួមចំណែក​កាត់បន្ថយ​ការចម្លង​វីរុស​កូវីដ​ ១៩»​។

អ្នក​ដែលមាន​ហានិភ័យ​ខ្ពស់​នៃ​ការចម្លងជំងឺ ដូចជា ជន​ចាស់ជរា ជន​ដែល​មាន​ជំងឺ​ប្រចាំកាយ ស្ត្រី​មាន​ផ្ទៃពោះ និង​កុមារ​តូចៗ​ជាដើម មិនគួរ​ចូលរួម​ដំណើរ​ជួបជុំ​គ្នា បើ​មិនមាន​ការចាំបាច់​បំផុត​នោះទេ​។

ជាមួយ​គ្នា​នេះ លោក​ ម៉ម ប៊ុនហេង ក៏បាន​អំពាវនាវ​ដល់​ប្រជាពលរដ្ឋ​ទាំងអស់ ត្រូវ​ប្រកាន់​នូវ​ការរក្សា​ភាពស្អាត​ជានិច្ច​ដូចជា លាងដៃ​ជាមួយ​សាប៊ូ និង​ទឹកស្អាត ទឹក​អាល់កុល ឬ​អាល់កុល​។ នៅពេល​រៀបចំ​អាហារ ទុកដាក់​អាហារ​ឆៅ និង​ឆ្អិន​ដាច់​ដោយឡែក​ពីគ្នា​។ ចម្អិនម្ហូប​អាហារ​ឱ្យបាន​ឆ្អិន​ល្អ ពិសេស​គឺ​សាច់​សត្វល្អិត និង​គ្រឿង​សមុទ្រ​។

លោក​បញ្ជាក់ថា​៖ «​នៅពេល​លោកអ្នក​ទិញ​ម្ហូបអាហារ​ដែល​ឆ្អិន​ស្រាប់ នៅតាម​ផ្សារ ឬ​តាម​ដងផ្លូវ ត្រូវ​ប្រាកដថា អាហារ​ទាំងនោះ​មាន​សុវត្ថិភាព ហើយ​អាហារ​ត្រូវដាក់​ក្នុង​សីតុណ្ហភាព​សុវត្ថិភាព​។ អាជ្ញាធរ​ត្រូវ​ចាត់តាំង​កម្លាំង​គ្រប់គ្រង ឃ្លាំមើល និង​ធ្វើ​ការណែនាំ​ការអនុវត្ត​ឱ្យបាន​ខ្ជាប់ខ្ជួន​នូវ​វិធានការ​សុវត្ថិភាព​ចំណីអាហារ និង​ការរៀបចំ​ទុកដាក់​ម្ហូបអាហារ​ឱ្យបាន​ល្អ កុំ​ច្របូកច្របល់​គ្នា ចៀសវាង​ការពុល​ចំណីអាហារ ឬ​ជំងឺ​បណ្តាលមកពី​ចំណីអាហារ​មិនមាន​សុវត្ថិភាព​»​។

គួរ​បញ្ជាក់ដែរថា ឆ្នាំនេះ ពិធីបុណ្យ​កាន់បិណ្ឌ ភ្ជុំបិណ្ឌ នឹង​ប្រព្រឹត្ត​នៅ​ថ្ងៃទី​ ២២ ខែ កញ្ញា ដល់​ថ្ងៃទី ​៦ ខែ​តុលា​៕

វីដេអូ៖