ភ្នំពេញៈ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានស្នើឱ្យបណ្តាប្រទេសមហាអនុតំបន់មេគង្គជំរុញការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធឌីជីថល ដើម្បីរក្សាសេដ្ឋកិច្ចឱ្យមានភាពប្រកួតប្រជែង។ ការស្នើបែបនេះធ្វើឡើង ខណ:លោកដឹកនាំកិច្ចប្រជុំកំពូលមហាអនុតំបន់មេគង្គលើកទី៧ តាមប្រព័ន្ធវីដេអូនៅថ្ងៃទី ៩ កញ្ញា។
លោក ហ៊ុន សែន ថ្លែងថា ការតភ្ជាប់តំបន់គឺជាចំណុចស្នូលនៃកិច្ចសហប្រតិបត្តិការ មហាអនុតំបន់មេគង្គ។ ការតភ្ជាប់ឌីជីថលមានសារៈសំខាន់សម្រាប់ការប៉ះប៉ូវផលិតភាព ដែលបាត់បង់ ដោយសារវិបត្តិជំងឺកូវីដ ១៩ ក៏ដូចជាធានាប្រសិទ្ធភាព និងនិរន្តរភាពនៃការអភិវឌ្ឍសង្គមសេដ្ឋកិច្ច។
លោកថ្លែងថា៖ «កម្ពុជាសូមលើកទឹកចិត្តឱ្យកិច្ចសហប្រតិបត្តិការមហាអនុតំបន់មេគង្គ ផ្តោតចម្បងលើការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធឌីជីថល ការធ្វើសមាហរណកម្មសេដ្ឋកិច្ចឌីជីថល និងការធ្វើបច្ចុប្បន្នភាពលើកម្លាំង ពលកម្មជំនាញស្របតាមយុគសម័យឧស្សាហកម្ម ៤.០ ក្នុងដំណាក់កាលនៃការស្តារសម្បទាសេដ្ឋកិច្ចឡើងវិញ ដើម្បីរក្សាសេដ្ឋកិច្ចរបស់យើងឱ្យមានភាពប្រកួតប្រជែងខ្ពស់»។
លោក ហ៊ុន សែន ក៏បានជំរុញឱ្យពង្រឹងកាន់តែខ្លាំងថែមទៀតលើការអភិវឌ្ឍទីក្រុងវៃឆ្លាត ថាមពលស្អាត និងប្រព័ន្ធឡូជីស្ទិក និងគិតគូរផងដែរនូវការស្វះស្វែងកៀរគរប្រភពហិរញ្ញប្បទានបន្ថែម ជាពិសេស ការបន្សារ ការផ្ដុំផ្សំ និងបំពេញឱ្យគ្នាទៅវិញទៅមកជាមួយនឹងហិរញ្ញប្បទាន ក្រោមកិច្ចសហប្រតិបត្តិការក្នុងតំបន់មេគង្គដទៃទៀត ដើម្បីប្រែក្លាយគម្រោងទាំងឡាយឱ្យទៅជាលទ្ធផលជាក់ស្តែង។
លោកថ្លែងថា ការចាប់ដៃគូរវាងវិស័យសាធារណៈ និងវិស័យឯកជន គឺជាយន្តការ គន្លឹះមិនអាចខ្វះបាន ដែលនឹងជួយសម្រួលដោះស្រាយការលំបាកផ្នែកហិរញ្ញប្បទាន។
លោក ហ៊ុន សែន បន្តថា សម្រាប់កម្ពុជា រាជរដ្ឋាភិបាលបានបន្តខិតខំគ្រប់គ្រងសភាពការណ៍ជំងឺកូវីដ ១៩ ដោយផ្តោតលើកិច្ចការអាទិភាពមួយចំនួន ដូចជាការចាក់វ៉ាក់សាំងឱ្យប្រជាជន និងការអនុវត្ត វិធានការសុខាភិបាល រដ្ឋបាល និងច្បាប់ ដើម្បីកាត់បន្ថយការឆ្លងនៅក្នុងសហគមន៍ ខណ:រលកថ្មីនៃជំងឺកូវីដ ១៩ នៅតែបង្កផលប៉ះពាល់ដ៏ស្រួចស្រាល់មកលើសេដ្ឋកិច្ចកម្ពុជា ជាអាទិ៍នៅក្នុងវិស័យវាយនភណ្ឌ ទេសចរណ៍ និងវិស័យសេវាខ្លះទៀត ដែលជាកត្តានាំឱ្យការងើបឡើងនៃសេដ្ឋកិច្ច សម្រាប់ឆ្នាំ ២០២១ នេះនៅតែប្រឈមនឹងភាពមិនប្រាកដប្រជា។
លោកនាយករដ្ឋមន្ត្រីបានថ្លែងថា៖ «ខ្ញុំយល់ថា កិច្ចខិតខំរួមរបស់យើងពិតជាមានសារៈសំខាន់ណាស់សម្រាប់ការស្តារ និងជំរុញសកម្មភាពសេដ្ឋកិច្ចរបស់យើង ឱ្យមានកំណើនជាថ្មី ជាពិសេសតាមរយៈការដាក់ចេញនូវការឆ្លើយតបនឹងជំងឺកូវីដ ១៩ និងផែនការស្តារឡើងវិញ ឆ្នាំ ២០២១-២០២៣ នាពេលនេះ ដើម្បីចាត់វិធានការទាន់ពេលវេលា និងប្រកបដោយការទទួលខុសត្រូវរួមគ្នាខ្ពស់ក្នុងការធានានូវប្រតិបត្តិការដោយរលូននៃខ្សែចង្វាក់ផ្គត់ផ្គង់ពាណិជ្ជកម្ម វិនិយោគ ទេសចរណ៍ និងការការពារសុខភាពសាធារណៈក្នុងតំបន់»។
លោក ហ៊ុន សែន ថ្លែង ដោយបានលើកសរសើរចិនក្នុងការផ្គត់ផ្គង់វ៉ាក់សាំងប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ ១៩ ដល់ប្រទេសក្នុងតំបន់ អរគុណចិន ដែលបានផ្តល់ជំនួយវ៉ាក់សាំងប្រឆាំងជំងឺកូវីដ ១៩ ជូនដល់ប្រជាជនកម្ពុជា ព្រមទាំងអរគុណដល់សហគមន៍អន្តរជាតិ ដែលបានចែករំលែក និងផ្តល់វ៉ាក់សាំង តាមរយៈកម្មវិធីកូវ៉ាក់ (COVAX) របស់អង្គការសុខភាពពិភពលោក និងជំនួយទ្វេភាគីជូនដល់កម្ពុជា។
លោកនាយករដ្ឋមន្ត្រីបន្តថា ពិភពលោកទាំងមូលនៅតែប្រឈមនឹងហានិភ័យនៃការមកដល់នូវរលកថ្មីៗនៃជំងឺកូវីដ ១៩ បង្កឡើង ដោយមេរោគបំប្លែងថ្មីដែលតា ដែលនឹងបន្តរំខានដល់សកម្មភាពសង្គម និងសេដ្ឋកិច្ចរាប់ចាប់ពីសុខភាពសាធារណៈ រំហូរទេសចរ រហូតដល់ការរអាក់រអួលនៃខ្សែចង្វាក់ផ្គត់ផ្គង់ពិភពលោក។
លោក ហ៊ុន សែន ថ្លែងថា៖ «យើងចាំបាច់ត្រូវពន្លឿនការអនុវត្តកម្មវិធីកិច្ចសហប្រតិបត្តិការរបស់យើង និងលើកកម្ពស់សាមគ្គីភាព ប្រកបដោយភាពហ្មត់ចត់ ក្រោមយន្តការពហុភាគីនិយម ដើម្បីធានាបាននូវការងើបឡើងវិញយ៉ាងរឹងមាំនៃការអភិវឌ្ឍសង្គម និងសេដ្ឋកិច្ចក្រោយពេលវិបត្តិនេះបានបញ្ចប់»។
លោក ថុង ម៉េងដាវិត អ្នកស្រាវជ្រាវនៃមជ្ឈមណ្ឌលមេគង្គសម្រាប់ការសិក្សាយុទ្ធសាស្ត្រនៃវិទ្យាស្ថានចក្ខុវិស័យអាស៊ី ប្រាប់ ភ្នំពេញ ប៉ុស្តិ៍ កាលពីថ្ងៃទី ៩ ខែកញ្ញាថា កម្ពុជា ជាប្រទេសស្នូលមួយក្នុងមហាអនុតំបន់មេគង្គ និងជាប្រទេសមួយដ៏មានសក្តានុពលទាំងធនធានមនុស្ស និងហេដ្ឋារចនាសម្ព័ន្ធឌីជីថល ដោយសារតែអត្រាសេដ្ឋកិច្ចលូតលាស់ខ្លាំងក្នុងរយៈពេល ១ ទសវត្សរ៍ចុងក្រោយ និងប្រជាជនវ័យក្មេងច្រើន។
លោកថ្លែងថា៖ «ការធ្វើសមាហរណកម្មឌីជីថលនេះនឹងជួយដល់ការអភិវឌ្ឍធនធានមនុស្សនៅកម្ពុជា និងជំរុញនវានុវត្តន៍សេដ្ឋកិច្ចឌីជីថលកម្ពុជា ស្របតាមយុទ្ធសាស្ត្រអភិវឌ្ឍន៍ជាតិ និងការអភិវឌ្ឍឧស្សាហកម្ម ៤.០ ដែលនឹងជួយឱ្យកម្ពុជាមានសមត្ថភាពគ្រប់គ្រាន់ក្នុងការប្រកួតប្រជែងជាមួយបណ្តាប្រទេសក្នុងតំបន់ ការស្តារសេដ្ឋកិច្ចរបស់ខ្លួនក្នុងវិបត្តិកូវីដ ១៩ និងត្រៀមខ្លួនរួចជាស្រេចក្នុងការចូលរួមដោះស្រាយវិបត្តិនានាពាក់ព័ន្ធនឹងវិស័យឌីជីថលនៅក្នុងប្រទេសផងដែរ»។
លោក ថុង ម៉េងដាវិត បន្តថា ការប្រកួតប្រជែងរបស់មហាអំណាចក្នុងតំបន់នេះក៏បានធ្វើឱ្យប៉ះពាល់ដល់និរន្តរភាពនៃចង្វាក់ផ្គត់ផ្គង់ផលិតកម្ម និងការចរាចរផលិតផលរបស់ប្រទេសនៅក្នុងអាស៊ាន ក៏ដូចជាអនុតំបន់មេគង្គ។ ការលើកទឹកចិត្តឱ្យមានការធ្វើសមាហរណកម្មឌីជីថលនៅក្នុងតំបន់មេគង្គនឹងត្រូវធ្វើទន្ទឹមគ្នាទៅនឹងការថែរក្សាការពារនិរន្តរភាពនៃការប្រកួតប្រជែងសេដ្ឋកិច្ច ការស្តារសេដ្ឋកិច្ចតាមរយៈការធ្វើពាណិជ្ជកម្មបែបឌីជីថល និងការការពារពីហានិភ័យឌីជីថលពីការវាយប្រហារនានាពីក្រុមឧក្រិដ្ឋជន ឬភេរវកម្មជាដើម។
លោកថ្លែងថា៖ «កម្ពុជាគួរចូលរួមជាមួយបណ្តាប្រទេសនៅក្នុងតំបន់មេគង្គក្នុងការកសាងប្រព័ន្ធសេដ្ឋកិច្ចឌីជីថល ដែលមានភាពរឹងមាំ និងធន់ ដើម្បីជំរុញការដោះដូរពាណិជ្ជកម្មដោយមានភាពទូលំទូលាយ និងសុវត្ថិភាព ធានាបាននូវការប្រកួតប្រជែងខ្ពស់ និងប្រកបដោយចីរភាពនៅក្នុងតំបន់»។
យោងតាមសេចក្តីប្រកាសព័ត៌មានកិច្ចប្រជុំកំពូលមហាអនុតំបន់មេគង្គលើកទី៧ កាលពីថ្ងៃទី ៩ ខែ កញ្ញា ឆ្នាំ ២០២១ បានឱ្យដឹងថា ចាប់តាំងពីការចាប់ផ្តើមប្រតិបត្តិការនៅឆ្នាំ ១៩៩២ កម្មវិធីកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចមហាអនុតំបន់មេគង្គ (កម្មវិធី GMS) បានកៀរគរហិរញ្ញប្បទានចំនួន ២៧,៧ ប៊ីលានដុល្លារ ដើម្បីគាំទ្រដល់ការវិនិយោគលើគម្រោងតាមវិស័យចំនួន ១០៩ និងគម្រោងជំនួយបច្ចេកទេសចំនួន ២៣០។
សេចក្តីប្រកាសព័ត៌មានបញ្ជាក់ថា កម្មវិធី GMS បានចូលរួមចំណែកលើកកម្ពស់ការតភ្ជាប់នៅក្នុងមហាអនុតំបន់មេគង្គ តាមរយៈការស្ថាបនា ឬកែលម្អផ្លូវថ្នល់ប្រវែងជិត ១២ ០០០ គីឡូម៉ែត្រ និងផ្លូវដែកប្រវែងជិត ៧០០ គីឡូម៉ែត្រ។ កម្មវិធី GMS ក៏បានរួមចំណែកផ្គត់ផ្គង់អគ្គិសនីដល់ប្រមាណ ១៥០ ០០០ គ្រួសារ ដោយគាំទ្រការដំឡើងអគ្គិសនីជិត ៣ ០០០ មេហ្គាវ៉ាត់ និងខ្សែបញ្ជូន និងបណ្តាញចែកចាយប្រវែងជាង ២ ៦០០ គីឡូម៉ែត្រផងដែរ។
មហាអនុតំបន់មេគង្គមានប្រទេសជាសមាជិក ដែលរួមមាន កម្ពុជា ឡាវ មីយ៉ាន់ម៉ា ចិន (ខេត្តយុនណាន និងតំបន់ស្វយ័ត ក្វាងស៊ីចួង) ថៃ និងវៀតណាម៕