ភ្នំពេញៈ ក្រសួងសុខាភិបាល ប្រកាសរកឃើញអ្នកឆ្លងវីរុសកូវីដ ១៩ បំប្លែងថ្មីប្រភេទដែលតា (Delta) បន្ថែមទៀត រហូតដល់ ៦៧៦ នាក់ ក្នុងរយៈពេល ៤ ថ្ងៃ ចាប់ពីថ្ងៃទី ៤ ដល់ថ្ងៃទី ៧ កញ្ញា ដែលបានធ្វើឱ្យការឆ្លងវីរុសនេះ រាតត្បាតរហូតទៅដល់ ២៤ រាជធានី-ខេត្តហើយ លើកលែងតែខេត្ត ១ តែប៉ុណ្ណោះ គឺខេត្តកែប ដែលមិនទាន់មានករណីមេរោគបំប្លែងថ្មីនេះនៅឡើយទេ។
សេចក្តីប្រកាសរបស់ក្រសួងសុខាភិបាលចេញផ្សាយនាយប់ថ្ងៃទី ៨ កញ្ញា ឆ្នាំ ២០២១ ក្នុងចំនួនអ្នកឆ្លងវីរុសដែលតា ៦៧៦ នាក់ ដែលរកឃើញរយៈពេល ៤ ថ្ងៃ ក្រសួងក៏បានឱ្យដឹងថា យោងតាមលទ្ធផលនៃការធ្វើវិភាគដោយវិទ្យាស្ថានប៉ាស្ទ័រកម្ពុជា និងវិទ្យាស្ថានស្រាវជ្រាវសុខភាពសាធារណៈតាំងពីថ្ងៃទី ៣១ ខែមីនា រហូតមកដល់ថ្ងៃទី ៧ ខែកញ្ញា បានរកឃើញករណីឆ្លងវីរុសកូវីដ ១៩ បំប្លែងថ្មីប្រភេទដែលតានៅប្រទេសកម្ពុជា សរុបចំនួន ៣ ៣២៣ នាក់ក្នុង ២៤ រាជធានី-ខេត្តលើកលែងតែខេត្តកែប ដែលនៅមិនទាន់រកឃើញករណីវីរុសថ្មីនេះនៅឡើយ។
ក្រសួងបញ្ជាក់ថា៖ «ករណីឆ្លងវីរុសប្រភេទដែលតានេះមាននៅក្នុងរាជធានីភ្នំពេញ រកឃើញឆ្លងច្រើនជាងគេ ដែលមានរហូតដល់ ១ ១១៣ នាក់ បន្ទាប់មកមានខេត្តបន្ទាយមានជ័យចំនួន ៧៣៨ នាក់។ ខេត្តឧត្តរមានជ័យ ២៧៦ នាក់ ខេត្តសៀមរាបចំនួន ២២០ នាក់ និងខេត្តព្រះវិហារចំនួន ១១៧ នាក់»។
ប្រភពដដែលបានបន្ថែមថា ខេត្តក្រចេះដែលជាខេត្តទើបតែរកឃើញករណីឆ្លងវីរុសថ្មីប្រភេទដែលតានេះមានចំនួនតែ ១ ករណីប៉ុណ្ណោះ ដែលបានរកឃើញកាលពីថ្ងៃទី ៦ ខែកញ្ញា។
វីរុសបំប្លែងថ្មីប្រភេទដែលតានេះ ត្រូវបានរកឃើញលើអ្នកដំណើរមកពីបរទេសតាមជើងហោះហើរ ដែលមានពលករខ្មែរត្រឡប់ពីប្រទេសថៃ ពីប្រទេសវៀតណាម ប្រជាជន អ្នកភូមិនៅក្នុងសហគមន៍ ក្រុមហ៊ុនឯកជន បុគ្គលិកសុខាភិបាល អាជីវករ មន្ត្រីរាជការ យោធា ពិរុទ្ធជន អ្នកបកប្រែភាសា ជនជាតិបរទេស បុគ្គលិករោងចក្រកាត់ដេរ បុគ្គលិកធនាគារ ដូនជីនៅវត្ត និងសិស្ស។
លោក ម៉ម ប៊ុនហេង រដ្ឋមន្ត្រីក្រសួងសុខាភិបាលនៅតែបន្តអំពាវនាវហើយរំឭកយ៉ាងទទូចដល់សាធារណជន ប្រជាពលរដ្ឋទាំងអស់នៅទូទាំងប្រទេសកម្ពុជាឱ្យបង្កើនការប្រុងប្រយ័ត្នខ្ពស់ ការពារខ្លួន កុំភ្លេចខ្លួនឱ្យសោះ។ ប្រជាពលរដ្ឋត្រូវចេះផ្លាស់ប្តូរទម្លាប់រស់នៅរបស់ខ្លួនក្នុងបរិបទកូវីដ។
វីរុសកូវីដ ១៩ បំប្លែងថ្មីប្រភេទដែលតា បាននិងកំពុងឆ្លងរីករាលដាលនៅក្នុងប្រទេសជាង ១០០ ហើយ នៅក្នុងពិភពលោក។ អ្នកវិទ្យាសាស្ត្រ បាននិងកំពុងតាមដាននូវការវិវឌ្ឍរបស់វីរុសបំប្លែងប្រភេទថ្មីនេះ។ នេះជាការបង្ហាញនៅក្នុងវីដេអូអប់រំខ្លីមួយ ដែលនិយាយពីវិធានការការពារជំងឺកូវីដ ១៩ បំប្លែងថ្មីប្រភេទដែលតា ដែលត្រូវបានផលិតដោយក្រសួងសុខាភិបាល៕