ភ្នំពេញៈ តំបន់​ទំនាប​នៃ​ខេត្ត​ខ្លះ​កំពុង​ទទួលរង​ការជន់លិច​ដោយ​ជំនន់​ទឹកភ្លៀង ស្របពេល​​ដែល​ក្រសួង​ធនធានទឹក និង​ឧតុនិយម​បានប្រកាស​ថា រាជធានី-ខេត្ត​ចំនួន​ ១១ ​របស់​កម្ពុជា​នឹង​ជួប​ប្រឈម​ជំនន់​ទឹកភ្លៀង​។

លោក ចាន់ យុត្ថា អ្នកនាំពាក្យ​ក្រសួង​ធនធានទឹក និង​ឧតុនិយម​បាន​ប្រាប់ ​ភ្នំពេញ ប៉ុស្តិ៍ ​នៅ​ថ្ងៃទី​ ៩ កញ្ញា​ថា ចាប់ពី​ពេលនេះ​ដល់​ថ្ងៃទី​ ១៤ ខែ​​កញ្ញា ឆ្នាំនេះ តំបន់​ទំនាប​មួយចំនួន​ក្នុង​រាជធានី-ខេត្ត​ចំនួន​ ១១ រួមមាន រាជធានី​ភ្នំពេញ ខេត្ត​បាត់ដំបង​,​ពោធិ៍សាត់ កំពង់ធំ កំពង់ឆ្នាំង កំពង់ស្ពឺ កណ្តាល ស្វាយរៀង កោះកុង ព្រះសីហនុ និង​ខេត្តកំពត អាច​នឹងរង​ការជន់លិច​ដោយ​ជំនន់​ទឹកភ្លៀង​។

លោក យុត្ថា បានឱ្យ​ដឹងថា នៅពេលនេះ​កម្ពុជា​កំពុង​ទទួលរង​នូវ​សម្ពាធ​ទាប​ (ITCZ) ដែល​អូសបន្លាយ​ពី​ប្រទេស​មីយ៉ាន់ម៉ា ថៃ ឡាវ និង​វៀតណាម រួមទាំង​ខ្យល់មូសុង​និរតី ខ្យល់​សមុទ្រ និង​វិសម្ពាធ​ទាប​ ២ ​ទៀត​នៅ​ប្រទេស​ហ្វីលីពីន​កំពុង​បំប្លែង​ខ្លួន​ជា​ព្យុះ​ទី​ ១៣ មាន​ឈ្មោះថា កុងសុង​ (CONSON)​។

លោក​បាន​បញ្ជាក់ថា​៖ «​យោង​​តាម​ការព្យាករ​អាកាសធាតុ​ចាប់ពី​ពេល​នេះ​តទៅ តំបន់​មួយចំនួន​ក្នុង​ខេត្ត​បាត់ដំបង ពោធិ៍សាត់ កំពង់ធំ កំពង់ឆ្នាំង កំពង់ស្ពឺ កណ្តាល ស្វាយរៀង និង​រាជធានី​ភ្នំពេញ​អាច​ប្រឈម​នឹង​ជំនន់​ទឹកភ្លៀង​។ ចំណែក​ខេត្ត​ជាប់មាត់​សមុទ្រ ក៏​នឹង​ប្រឈម​ការជន់លិច​ដោយ​ជំនន់​ទឹកភ្លៀង​នៅ​ផ្នែក​មួយចំនួន​ផងដែរ​»​។

ជុំវិញ​ករណីនេះ លោក គួច ចំរើន អភិបាលខេត្ត​ព្រះសីហនុ​បាន​ប្រកាស​ផ្អាក​ការធ្វើ​ចរាចរណ៍​តាមផ្លូវ​ទឹកជា​បណ្ដោះ​អាសន្ន ដោយ​ហាម​អ្នកនេសាទ​ និង​ម្ចាស់​ទូក​ទេសចរណ៍​ចាកចេញ​ពី​ផែ​ ឬ​មាត់​កំពង់ទូក​បន្ទាប់​ពិនិត្យ​ឃើញ​ខ្យល់ និង​រលក​សមុទ្រ​ធំៗ​កើតឡើង​ដូច​ការព្យាករ​របស់​ក្រសួង​ធនធានទឹក និង​ឧតុនិយម​។ ​

លោក​បាន​ថ្លែង​ថា​៖ «​តាម​ព័ត៌មាន​ដែល​យើង​ទទួលបាន ពេលនេះ គឺ​មាន​ខ្យល់ និង​រលក​សមុទ្រ​ធំ អ៊ីចឹង​ខ្ញុំ​សម្រេច​ឱ្យ​ផ្អាក​ការធ្វើ​ដំណើរ​តាមផ្លូវ​ទូក កាណូត ចូល​ទៅក្នុង​​លម្ហ​សមុទ្រ ដើម្បី​ការពារ​ក្រែង​មាន​គ្រោះថ្នាក់​ជាយថាហេតុ​»​។

ជាមួយ​គ្នា​នេះ លោក​បាន​អំពាវនាវ​ដល់​សមត្ថកិច្ច​ពាក់ព័ន្ធ​ជូនដំណឹង​ដល់​ពលរដ្ឋ ជាពិសេស​ប្រជានេសាទ​ត្រូវធ្វើ​ដំណើរ​ទៅ​កន្លែង​មាន​សុវត្ថិភាព ដើម្បី​ចៀស​ពី​គ្រោះថ្នាក់​។

ដោយឡែក ផ្ទះ​របស់​ពលរដ្ឋ​ក្នុង​ភូមិ​ថ្ម​ធំ ឃុំ​រាម ស្រុក​ព្រៃនប់ ជិត​អាកាសយានដ្ឋាន ខេត្ត​ព្រះសីហនុ ពេលនេះ​ជំនន់​ទឹកភ្លៀង​​កំពុង​ជន់លិច​ដែល​ចំណុច​ខ្លះ​​ដល់​កម្ពស់​ត្រឹម​ចង្កេះ បន្ទាប់ពី​មាន​ភ្លៀង​ធ្លាក់​ ៣ ​ថ្ងៃ​ជាប់ៗ​គ្នា​។ នេះ​បើតាម​លោក ជា លីដា ជា​ពលរដ្ឋ​ក្នុង​តំបន់​នោះបាន​ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍​នៅ​ថ្ងៃទី​ ៩ កញ្ញា​។

លោក​បាន​ថ្លែងថា​៖ «​នៅពេល​នេះ​ផ្ទៃមេឃ​នៅតែ​អាប់អួ​ហើយ​បើ​វា​ភ្លៀង​ទៀត​នោះ​ប្រហែល​ជា​គ្រួសារ​ខ្ញុំ​អាច​នឹង​បិទទ្វារផ្ទះ​ទៅ​រស់នៅ​ផ្ទះ​បងប្អូន​បណ្ដោះអាសន្ន​សិន ដើម្បី​ការពារ​គ្រោះថ្នាក់​ជាយថាហេតុ​»​។

យ៉ាងណាក្ដី លោក ឃាង ភារម្យ អ្នកនាំពាក្យ​រដ្ឋបាលខេត្ត​ព្រះសីហនុ​បាន​អះអាងថា ការជន់លិច​នៅ​ផ្នែក​ខ្លះ​នៃ​ខេត្ត​នេះ​គឺ​បណ្ដាល​មកពី​ឥទ្ធិពល​នៃ​ជ្រលង​សម្ពាធ​ទាប និង​បាតុភូត​នៃ​អាកាសធាតុ​ផ្សេងទៀត​​ដូច​ក្រសួង​ធនធានទឹក និង​ឧតុនិយម​បាន​ជូនដំណឹង​។

លោក​ថា​៖ «​នៅពេលនេះ​មាន​ភ្លៀង​ធ្លាក់​ខ្លាំង និង​ខ្សោយ​តាម​តំបន់ និង​មាន​ឃើញ​លិច​ខ្លះ​នៅ​តំបន់​ទំនាបៗ ប៉ុន្តែ​មិន​​ទាន់​ប៉ះពាល់​ធ្ងន់ធ្ងរ​ដល់​ជីវភាព​​រស់នៅ​របស់​ពលរដ្ឋ​នៅឡើយ​ទេ​។ ​ទោះយ៉ាងណា អាជ្ញាធរ​យើង​កំពង់​តាមដាន​បន្ត​»​។

ជុំវិញ​ករណី​ជំនន់​ទឹកភ្លៀង​នេះ​​ដែរ​លោក ស៊ុន ម៉ម មេភូមិ​ពោធិ៍ចាស់ ឃុំ​បេង ស្រុក​បន្ទាយ​អម្ពិល ខេត្ត​ឧត្តរមានជ័យ​បាន​ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍​នៅ​ថ្ងៃទី​ ៩ ​កញ្ញា​ថា កំណាត់​ផ្លូវលំ​ជនបទ ក្នុងភូមិ​លោក បាន​រង​ការខូចខាត​ជាខ្លាំង ដោយសារ​ជំនន់​ទឹកភ្លៀង​ហូរ​កាត់​ក្នុង​រយៈពេល​ ៣ ​ថ្ងៃ​កន្លងមកនេះ​។

លោក​បាន​បញ្ជាក់ថា​៖ «២-៣ ​ថ្ងៃ​នេះ មាន​ភ្លៀង​ធ្លាក់​ខ្លាំង​នៅ​ជួរ​ភ្នំ​ដងរែក ហើយ​ទឹកបាន​ហូរ​ចាក់​ពី​ភ្នំ​មក​ជន់​លិច និង​ហូរ​កាត់​ផ្លូវ​ក្នុងភូមិ​យើងខ្ញុំ​បណ្ដាល​ឱ្យ​ខូចខាត​ផ្លូវ​សរុប​ប្រវែង​ជាង​ ១០០ ​ម៉ែត្រ និង​ប៉ះពាល់​ដំណាំ​ស្រូវ​ប្រមាណ​ ៣០ ​ហិកតា​។ ក៏ប៉ុន្តែ​មិនទាន់​ប៉ះពាល់​លំនៅឋាន​អ្នកភូមិ​នៅឡើយ​ទេ​»​។

បើតាម​លោក ម៉ម នៅក្នុង​តំបន់​នោះ​មាន​ប្រព័ន្ធ​ដៃ​អូរ​ច្រើន ដែល​អាចជួយ​សម្រួល​ដល់​រំហូរ​ទឹក មិន​ឱ្យ​ជន់លិច​យូរ​ពោលគឺ​វា​អាច​នឹង​ស្រក​ទៅវិញ​លឿន ប្រសិនបើ​មេឃ​រាំងភ្លៀង​ក្នុង​ចន្លោះ​ ២-៣ ​ថ្ងៃ​ក្រោយមក​។

ចំណែក​លោក សុខ សាន្តតារ៉ា អភិបាលស្រុក​ឆែប​បាន​ប្រាប់​ ភ្នំពេញ ​ប៉ុស្តិ៍​ដែរ​ថា បន្ទាប់ពី​មាន​ភ្លៀង​ធ្លាក់​ខ្លាំង​ជាប់ៗ​គ្នា​ ៥ ​ថ្ងៃ​មក ផ្ទះ​ពលរដ្ឋ​មួយចំនួន​​នៅ​ភូមិ​ឆែបលិច ឃុំ​មួយ ត្រូវបាន​ជន់​លិច ដោយ​ផ្ទះ​ខ្លះ​លិច​ត្រឹម​ស្មងជើង និង​ខ្លះទៀត​លិច​ត្រឹម​ជង្គង់ និង​លិច​ផ្លូវលំ​មួយ​ចំនួន​ក្នុង​ឃុំ​មួយ​ផងដែរ​។

លោក​ថា​៖ «​តំបន់​នេះ​លិច​​រាល់​ឆ្នាំ​ឱ្យ​តែមាន​ភ្លៀង​ខ្លាំង ប៉ុន្តែ​ទឹក​ក៏​ឆាប់​ស្រក​វិញ​លឿន​ដែរ គឺ​មិន​បង្ក​ការខូចខាត​ផលដំណាំ​ ឬ​លំនៅឋាន​អ្នកភូមិ​ទេ​។ ទោះយ៉ាងណា ក្រុម​ការងារ​រដ្ឋបាល​ស្រុក​របស់​យើង​កំពុង​តាមដាន​បន្ត​នូវ​ស្ថានភាព​ជំនន់​ទឹកភ្លៀង​នេះ​ផងដែរ​»​។

ដោយឡែក​នៅ​រាជធានី​ភ្នំពេញ​​មន្ត្រី​ជំនាញ​នៃ​មន្ទីរ​ធនធានទឹក និង​ឧតុនិយម​កំពុង​បន្ត​ចុះ​ស្ដារភក់ កាយ​សំរាម ចេញពី​ប្រឡាយ​មេ​ ១ ​កន្លែង នៅតាម​បណ្តោយ​ផ្លូវ​ ៣០ ​ម៉ែត្រ ក្នុងភូមិ​សាស្ត្រ​ខណ្ឌ​សែនសុខ និង​ខណ្ឌ​ឫស្សីកែវ ដើម្បី​បើកផ្លូវ​ទឹក​ឱ្យ​ហូរ​ទៅកាន់​ស្ថានីយ​បូមទឹក​កប់ស្រូវ​បាន​លឿន ដែល​អាច​កាត់បន្ថយ​ការជន់លិច​លំនៅឋាន និង​ផ្លូវ​សំខាន់​ក្នុង​ខណ្ឌទួលគោក ខណ្ឌ​សែនសុខ និង​ខណ្ឌ​ប្ញស្សីកែវ ។ នេះ​បើតាម​លោក ម៉ៅ ប៊ុនធឿន ប្រធាន​មន្ទីរ​ធនធានទឹក និង​ឧតុនិយម រាជធានី​ភ្នំពេញ​នៅ​ថ្ងៃទី​ ៩ កញ្ញា​៕

វីដេអូ៖