អង្គការទស្សនៈពិភពលោកអន្តរជាតិកម្ពុជាហៅកាត់ថា World Vision បានបង្កើតបណ្ណាល័យចល័ត និងជំរុញទម្លាប់នៃការអានរបស់កុមារជាង ១១ ម៉ឺននាក់ ក្នុងអំឡុងពេលសាលាត្រូវបានបិទ ដោយសារការរីករាលដាលនៃជំងឺកូវីដ ១៩ នៅក្នុងប្រទេសកម្ពុជា។
សេចក្តីប្រកាសព័ត៌មានរបស់ World Vision ចេញផ្សាយនៅថ្ងៃទី ១០ ខែកញ្ញានេះ បានឱ្យដឹងថា សកម្មភាពបណ្ណាល័យចល័តរបស់អង្គការទស្សនៈពិភពលោកអន្តរជាតិកម្ពុជាបាននិងកំពុងអនុវត្តដោយសហការជាមួយសាលាចំនួន ៥៣២ ដើម្បីលើកស្ទួយទម្លាប់នៃការអានរបស់កុមារប្រមាណជាង ១១ ម៉ឺននាក់ នៅស្រុកចំនួន ៣០ ក្នុងបណ្តាខេត្តចំនួន ៩។
លោក វ៉ា សុរិន ប្រធានបច្ចេកទេសកម្មវិធីអប់រំនៃអង្គការទស្សនៈពិភពលោកអន្តរជាតិកម្ពុជាបានថ្លែងថាបណ្ណាល័យចល័តដែលជាសកម្មភាពមួយក្នុងចំណោមសកម្មភាពជាច្រើននៃកម្មវិធីអប់រំរបស់អង្គការទស្សនៈពិភពលោក ត្រូវបានផ្តួចផ្តើមឡើងចាប់ពីខែ មីនា ឆ្នាំ ២០២១ នេះ ដើម្បីឆ្លើយតបនឹងតម្រូវការនៃការសិក្សារបស់កុមារក្នុងអំឡុងពេលសាលារបស់ពួកគេត្រូវបានបិទដោយសារការរាតត្បាតនៃជំងឺកូវីដ ១៩។
លោក សុរិន មានប្រសាសន៍ថា៖ «បណ្ណាល័យចល័ត បាននិងកំពុងជួយជំរុញដល់ការអាន និងស្វ័យសិក្សារបស់កុមារជាពិសេសកុមារដែលមិនមានសម្ភារសិក្សាគ្រប់គ្រាន់ ដូច្នេះពួកគេអាចខ្ចីសៀវភៅរឿង សៀវភៅចំណេះដឹងទូទៅ ដើម្បីយកទៅអាន ឬ រៀននៅផ្ទះ»។
លោក សុរិន បន្ថែមថា៖ «គម្រោងនេះបានជួយទៅដល់កុមារ បានយ៉ាងច្រើនដោយកុមារអាចទទួលបានសៀវភៅរឿង និងសម្ភារសិក្សាផ្សេងៗ ដើម្បីបានអានបន្ថែមនៅផ្ទះពេលទំនេរ ឬអានជាមួយមិត្តភក្តិដែលនៅជិតផ្ទះ ហើយជាពិសេសទៅទៀតកុមារអាចអានជាមួយឪពុកម្តាយនៅពេលទំនេរ ដែលអាចបង្កើនភាពរីករាយក្នុងគ្រួសារ និងជួយកាត់បន្ថយបានមួយចំនួនទៀតទៅលើការបាត់បង់ការរៀនសូត្ររបស់កុមារមួយចំនួនដែលមិនបានរៀនតាមអនឡាញ ឬ តាមបណ្តុំតូចៗ»។
កុមារា មករា វ័យ ១២ ឆ្នាំ ដែលកំពុងសិក្សាថ្នាក់ទី ៦ នៅសាលាបឋមសិក្សាភ្នំពិត នៅឃុំស្វាយចចិប ស្រុកបសេដ្ឋ ខេត្តកំពង់ស្ពឺ បង្ហាញអារម្មណ៍សប្បាយរីករាយដែលតាមរយៈគម្រោងបណ្ណាល័យចល័តនេះខ្លួនអាចខ្ចីសៀវភៅច្រើនប្រភេទសម្រាប់យកទៅអាន។ មករា និយាយដោយក្ដីរីករាយថា៖ «ពេលអានច្រើនទៅចេះដឹងច្រើន ហើយចេះប្រកប ចេះពាក្យច្រើនទៀត។ សប្បាយចិត្ត [ព្រោះ] អត់ហត់ទៅខ្ចី [ឬ] ត្រូវដើរទៅយក។ បានបងៗ [ក្រុមយុវជនស្ម័គ្រចិត្ត] គាត់ចុះមកឱ្យ [សៀវភៅ] អីចឹងស្រួល»។
លោកស្រី ឈិត ឆ័យ ដែលជាអ៊ំស្រីរបស់ មករា បានថ្លែងថា គាត់មានអារម្មណ៍រីករាយណាស់ដែលមករានៅផ្ទះអានសៀវភៅច្រើនជាងមុន ពេលខ្លះអានរឿងឱ្យគាត់ស្ដាប់ ហើយមិនសូវដើរលេងទៅក្រៅជាមួយមិត្តភក្តិទេ។ លោកស្រី ឆ័យ ដែលជាអ្នកមើលថែ មករា មានប្រសាសន៍ថា៖ «ខ្ញុំអត់សូវចេះអក្សរ អីចឹងខ្ញុំចូលចិត្តពេល មករា អាន [សៀវភៅ] ឱ្យស្ដាប់ ឥឡូវខ្ញុំឧស្សាហ៍ហៅ [មករា] ឱ្យជួយអានរឿងឱ្យស្ដាប់សឹងរាល់ថ្ងៃ»។
លោក សុខ ឧត្ដម បណ្ណារក្ស នៃសាលាបឋមសិក្សាភ្នំពិតដែលបានចូលរួមយ៉ាងសកម្មក្នុងគម្រោងបណ្ណាល័យចល័តនេះបានលើកឡើងថា កុមារក្នុងសហគមន៍ចាប់ផ្ដើមចូលរួម និងកែទម្លាប់ច្រើនមករកការអានសៀវភៅ លែងសូវដើរលេង និងមើលទូរទស្សន៍ ឬលេងទូរស័ព្ទ។ លោក ឧត្ដម សង្កេតឃើញថាចំនួនសៀវភៅដែលត្រូវបានខ្ចីមានការកើនឡើង ហើយកុមារក៏បានដឹង និងស្គាល់រឿងច្រើនជាងមុនដែរ ព្រោះពេលក្រុមការងាររបស់លោកអានរឿងថ្មីឱ្យស្ដាប់មានកុមារខ្លះពោលថាខ្លួនបានអានរឿងនោះរួចហើយ។
អង្គការទស្សនៈពិភពលោកអន្តរជាតិកម្ពុជាបានឱ្យដឹងថា ពាក់ព័ន្ធគម្រោងនេះ អ្នកស្ម័គ្រចិត្តក្នុងសហគមន៍ និងបណ្ណារក្សបានចុះតាមភូមិក្នុងសាលាគោលដៅក្នុងមួយសប្តាហ៍ម្តង ដើម្បីយកសៀវភៅទៅឱ្យកុមារនៅក្នុងភូមិខ្ចី ហើយពួកគេក៏ជួយជំរុញឱ្យឪពុកម្តាយរបស់កុមារតាមដាន ជួយបង្រៀន និងលើកទឹកចិត្តកូនរបស់ខ្លួនឱ្យរៀន នៅពេលទំនេរពីការងារ៕
វីដេអូ៖