ភ្នំពេញៈ ក្រសួងសុខាភិបាលអនុញ្ញាតឱ្យមន្ទីរសម្រាកព្យាបាលមេត្រូ II ដែលមានទីតាំងស្ថិតនៅសង្កាត់ផ្សារថ្មីទី៣ ខណ្ឌដូនពេញទទួលព្យាបាលអ្នកជំងឺកូវីដ ១៩។
ក្រសួងសុខាភិបាលបញ្ជាក់នៅក្នុងលិខិតអនុញ្ញាតចុះថ្ងៃទី ៣ ខែកញ្ញាថា៖ «អនុញ្ញាតឱ្យទទួលពិនិត្យថែទាំ និងព្យាបាលអ្នកជំងឺកូវីដ ១៩ នៅមន្ទីរសម្រាកព្យាបាលឯកជនឈ្មោះមេត្រូ II»។
ក្រសួងសុខាភិបាលបញ្ជាក់ថា ម្ចាស់គ្លីនិកមេត្រូ II ត្រូវអនុវត្តតាមគោលការណ៍ណែនាំរបស់ក្រសួងសុខាភិបាលស្តីពី «ការអនុញ្ញាតឱ្យម្ចាស់សេវាព្យាបាលឯកជន និងសម្ភពស្របច្បាប់ក្នុងរាជធានីភ្នំពេញទាំងអស់អាចទទួលពិនិត្យ ថែទាំ និងព្យាបាលអ្នកជំងឺកូវីដ ១៩» និងសេចក្តីណែនាំពាក់ព័ន្ធផ្សេងទៀត ព្រមទាំងទទួលខុសត្រូវចំពោះមុខច្បាប់រដ្ឋនូវបទល្មើសផ្សេងៗដែលកើតមានឡើងនៅក្នុងមន្ទីរសម្រាកព្យាបាលរបស់ខ្លួន។
គ្លីនិកមេត្រូ II បញ្ជាក់ក្នុងសេចក្តីជូនដំណឹងនៅថ្ងៃទី ១០ ខែកញ្ញា ថា អ្នកជំងឺដែលមានតេស្តវិជ្ជមានកូវីដ ១៩ នឹងត្រូវបានដាក់ឱ្យសម្រាកព្យាបាលនៅបន្ទប់ទៅតាមកម្រិត និង ស្ថានភាពស្រាល ឬធ្ងន់របស់ជំងឺ។
សេចក្តីជូនដំណឹងបញ្ជាក់ថា អ្នកជំងឺត្រូវបានទទួលការព្យាបាលទៅតាមមគ្គុទេសន៍ដែលកំណត់ដោយក្រសួងសុខាភិបាល ឬឱសថដែលប្រើប្រាស់សម្រាប់ព្យាបាលជំងឺកូវីដ ១៩។
អ្នកជំងឺក៏ទទួលបានការតាមដានផ្ទាល់ពីវេជ្ជបណ្ឌិតជំនាញ ៣ដងក្នុង ១ ថ្ងៃ ឬលើសពីនេះ ប្រសិនបើចាំបាច់។
សេចក្តីជូនដំណឹងបន្តថា៖ «អ្នកជំងឺទទួលបានការថែទាំយ៉ាងកក់ក្តៅ ពីគិលានុបដ្ឋាយិកា និងជំនួយការគិលានុបដ្ឋាយិកា។ តម្លៃនៃសេវាកម្មអាស្រ័យទៅតាមកម្រិតស្រាល ឬធ្ងន់នៃជំងឺ ឬ ទៅតាមការជ្រើសរើសបន្ទប់»។
សេចក្តីជូនដំណឹងបញ្ជាក់ថា អ្នកជំងឺនឹងត្រូវធ្វើ PCR តេស្តនៅថ្ងៃទី ៩ គិតចាប់ពីថ្ងៃព្យាបាលដំបូង។ ប្រសិនបើលទ្ធផល PCR នៅតែវិជ្ជមាន អ្នកជំងឺនឹងត្រូវធ្វើតេស្ត បន្តទៀតនៅរៀងរាល់៤៨ ម៉ោងម្តង រហូតទាល់តែទទួលបានលទ្ធផល PCR អវិជ្ជមាន។
បើតាមសេចក្តីជូនដំណឹងដដែលនេះ៖ «ប្រសិនបើនៅថ្ងៃទី ២១ នៃការព្យាបាល លទ្ធផលតេស្ត PCR នៅតែវិជ្ជមានទៀត ប៉ុន្តែមិនមានរោគសញ្ញាក្នុងរយៈពេល ៣ថ្ងៃចុងក្រោយនោះ អ្នកជំងឺនឹងត្រូវបានអនុញ្ញាតឱ្យចេញ។ អ្នកជំងឺដែលចេញពីការព្យាបាល ត្រូវបន្តធ្វើចត្តាឡីស័ករយៈពេល ១៤ ថ្ងៃនៅផ្ទះ»៕